កូនប្រុសបើមាន៧យ៉ាងនេះ ចង់បានប្រពន្ធលំដាប់ណា ក៏ម៉ែឪមិនខ្លាចចូលដណ្ដឹងដែរ

  • 2018-05-06 01:41:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​កូន​ប្រុស​ស្រី ប្រកប​ដោយ​គន្លង​ធម៌ ជា​ក្ដី​ប្រាថ្នា​របស់​ឪពុក​ម្ដាយ​គ្រប់​រូប និង​ជួយ​លើក​ស្ទួយ​មុខ​មាត់​គ្រួសារ ទោះ​មិន​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ក៏​ដោយ។ និយាយ​ពី​កូន​ប្រុស​វិញ បើ​មាន​៧​យ៉ាង​ដូច​ខាង​ក្រោម​នេះ ឪពុក​ម្ដាយ​នឹង​មាន​មោទកភាព​បំផុត ហើយ​បើ​ដល់​ពេល​ត្រូវ​រៀបការ​ក៏​លោក​ទាំង​ពីរ​មិន​ខ្លាច​ចូល​ស្ដី​ដណ្ដឹង​ដែរ ទោះ​ខាង​ស្រី​លំដាប់​ណា​ក៏​ដោយ។

១. អត់​ដែល​មាន​ប្រវត្តិ​ខូច​ខិល​ស្រី​ញី បង​ធំ​បង​តូច

មាន​កូន​ប្រុស​ក្នុង​គ្រួសារ អ្វី​ដែល​ឪពុក​ម្ដាយ​គ្រប់​រូប តែង​ព្រួយ​បារម្ភ​បំផុត គឺ​ខ្លាច​ដើរ​ផ្លូវ​មិន​ល្អ​ល្បែង​ស្រា​ស្រី បង​ធំ​ បង​តូច​នេះ​ហើយ។ ឪពុក​ម្ដាយ ដែល​មាន​កូន​ប្រុស​ដើរ​ដោយ​គន្លង​ធម៌ ក្នុង​សម័យ​កាល​យុវវ័យ​កំពុង​ឈ្លក់​វង្វេង​ការ​កម្សាន្ត​សប្បាយ គឺ​ចាត់​ទុក​ថា​មាន​គ្រាប់​ពេជ្រ​ក្នុង​គ្រួសារ​ដូច្នោះ​ដែរ។ ​ប្រុស​ពិត​ប្រាកដ​មិន​មែន ទាល់​តែ​ចេះ​រឿង​ស្រី ស្រា ល្បែង​នោះ​ទេ តែ​ភាព​ជា​កូន​ប្រុស គឺ​ជា​ជំហរ​ដ៏​រឹង​មាំ​សម្រាប់​គ្រួសារ ប្រកប​ដោយ​គន្លង​ធម៌​ទៅ​វិញ​ទេ។

រូបតំណាង

**២. មិន​ដែល​បង្ក​បញ្ហា​ដល់​គ្រួសារ មាន​តែ​ចម្រុង​ចម្រើន**

គ្មាន​ឪពុក​ម្ដាយ​​ឯណា​នៅ​លើ​លោក​នេះ ចង់​ឃើញ​កូន​នៅ​ប៉ុស្តិ៍​ប៉ូលិស​នោះ​ទេ ហើយ​ក៏​គ្មាន​ឪពុក​ម្ដាយ​ឯណា ចង់​ជេរ​ថា​ស្ដី​ពាក្យ​មិន​ល្អ​ដាក់​កូន​ដែរ។ ដូច្នេះ​ហើយ​សូម​ជៀស​ឲ្យ​ឆ្ងាយ ពី​មនុស្ស​មិន​ល្អ​ក្នុង​សង្គម ជៀស​ឲ្យ​បាន​​ដាច់​ខាត​ពី​គ្រឿង​ញៀន។ អ្វី​ដែល​គួរ​ធ្វើ​គឺ ការ​ស្រវា​ប្រទាញ​ការ​រៀន​សូត្រ ការ​សេពគប់​មនុស្ស​ល្អៗ ធ្វើ​ជា​ពលរដ្ឋ​ល្អ កូន​ល្អ​ក្នុង​គ្រួសារ។ នោះ​ហើយ​ជា​អ្វី​ដែល​ឪពុក​ម្ដាយ​គ្រប់​រូប​ប្រាថ្នា​ចង់​បាន។

៣. អត្ត​ចរិត​ថ្លៃថ្នូរ ដេក​ដើរ ឈរ អង្គុយ ​មាន​សីលធម៌

ដូច​ពាក្យ​ចាស់​តែង​និយាយ​ថា ទោះ​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់​ប៉ុណ្ណា បើ​គ្មាន​សីលធម៌​ក្នុង​ការ​រស់​នៅ​ក៏​មិន​មាន​តម្លៃ​ដែរ។ ភាព​ជា​បុរស​មិន​មែន​ទាល់​និយាយ​ខ្លាំងៗ ច្រងេងច្រងាង​នោះ​ទេ។ សម្ដី​សំដៅ​មាន​វគ្គ​មាន​ឃ្លា​មាន​អត្ថន័យ សុភាព​រាបសា ចេះ​ឱន​លំទោន ដឹង​ខ្ពស់​ទាប ទើប​ស័ក្ដិ​សម​ជា​កូន​ប្រុស។ កូន​ប្រុស​មាន​លក្ខណៈ​បែប​នេះ ទោះ​ទៅ​ដល់​ទី​ណា​ក៏​តែង​តែ​លើក​មុខ​មាត់ ឪពុក​ម្ដាយ​ជានិច្ច។

៤. ចំណេះដឹង ចំណេះ​ធ្វើ គោល​ដៅ ដើរ​ទន្ទឹម​គ្នា

មាន​ចំណេះ​ដឹង​តែ​ម្យ៉ាង​ក៏​មិន​ទាន់​គ្រប់​គ្រាន់​ដែរ តែ​ត្រូវ​ចេះ​ប្រើ​ចំណេះ​ដឹង​ទាំង​នោះ ដោយ​វិធី​ណា​ ដើម្បី​ឲ្យ​ជីវិត​រស់​​បាន​សុខ​ស្រួល ទើប​ចំណេះ​ដឹង​នោះ​មាន​តម្លៃ។ ទន្ទឹម​នឹង​នោះ​ដែរ ក៏​ត្រូវ​មាន​គោល​ដៅ​ឲ្យ​ច្បាស់​លាស់ ទើប​អាច​អូស​ទាញ​ចំណេះ​ដឹង​ដែល​មាន ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​បាន។ ទាំង​៣​យ៉ាង​នេះ មិន​អាច​ខ្វះ​មួយ​ណា​បាន​ឡើយ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​អនាគត​ដ៏​ល្អ។

រូបតំណាង

៥. ភាព​រឹង​មាំ​​ផ្នែក​ផ្លូវ​ចិត្ត​ស័ក្ដិសម​ជា​កូន​ប្រុស

រាង​កាយ​ស្រស់​សង្ហា រឹង​មាំ ជា​ផ្នែក​ខាង​ក្រៅ ដើម្បី​បង្កើន​ភាព​ទាក់​ទាញ​របស់​បុរស​មួយ​ផ្នែក។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​រូប​រាង​ទៀត គឺ​ផ្លូវ​ចិត្ត​ដ៏​រឹង​មាំ មាន​គោល​ជំហរ​ច្បាស់​លាស់ មិន​ងាយ​ចុះចាញ់​ ឬ​មិន​ឡេះ​ឡោះ​អត់​ប្រយោជន៍។ ជា​កូន​ប្រុស​អ្វី​ដែល​សំខាន់​បំផុត​ គឺ​ការ​តាំង​ចិត្ត​ខ្ពស់ ជឿជាក់​លើ​ខ្លួន​ឯង មិន​ស្រវា​នេះ​បន្តិច​នោះ​បន្តិច​ឡើយ។ ទាំង​នេះ​ហើយ ទើប​ទៅ​ថ្ងៃ​អនាគត​អាច​បង្កើត​គ្រួសារ​មួយ​បាន​ ដូច​ជា​ឪពុក​ដែរ។

៦. មាន​ប្រភព​ចំណូល​ច្បាស់​លាស់

ឪពុក​ម្ដាយ បាន​ត្រឹម​បណ្ដុះ​កូន​ឲ្យ​មាន​ចំណេះ​ដឹង តាម​រយៈ​ចំណាយ​លុយ​បញ្ជូន​កូន​ទៅ​សាលា។ បន្ទាប់​មក​ទៀត​គឺ​ជា​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​ឯង ក្នុង​ការ​ត្រួសត្រាយ​ផ្លូវ​ដើរ ស្វែង​រក​ការងារ​ដែល​ស័ក្ដិសម​នឹង​ចំណេះដឹង ហើយ​មាន​ស្ថិរភាព។ បើ​ទៅ​ថ្ងៃ​មុខ​ចង់​បាន​ភរិយា អ្វី​ដែល​គ្រួសារ​ខាង​ស្រី​ចង់​ដឹង​បំផុត គឺ​ប្រភព​ចំណូល​នេះ​ហើយ តើ​អាច​បង្កើត​គ្រួសារ​មួយ​បាន​ទេ ចិញ្ចឹម​កូន​ស្រី​គេ​បាន​ដែរ​ឬ​អត់?

​​ ៧. ការ​ចេះ​កំណត់​ដៃគូ​ជីវិត​ដោយ​មាន​ផែនការ​ច្បាស់​លាស់

ឪពុក​ម្ដាយ​នឹង​មាន​មោទកភាព​បំផុត ប្រសិន​បើ​កូន​ប្រុស ចេះគិតគូរ​ពី​បញ្ហា​នេះ។ ត្រូវ​ចេះ​សម្លឹង​នារី​ណា​ដែល​ស័ក្ដិសម​នឹង​ខ្លួន នារី​ដែល​អាច​រួម​ដំណើរ​វែង​ឆ្ងាយ​ជាមួយ​គ្នា​បាន ហើយ​ស្រលាញ់​នាង​ពិត​ប្រាកដ និង​ដឹក​ដៃ​នាង​ចូល​រោងការ។ កុំ​ព្យាយាម​បង្ក​របួស​បេះដូង​ដល់​នារី ដែល​គ្មាន​បំណង​នឹង​រៀប​ការ​ជាមួយ​នាង។ ចំណុច​ដែល​សំខាន់​បំផុត​នោះ គឺ​ការ​រៀបការ​ដែល​មាន​ផែនការ​ច្បាស់​លាស់ ការ​កំណត់​គោល​ដៅ និង​អនាគត​ដ៏​វែង​ឆ្ងាយ៕ ​

រូបតំណាង

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី