នៅតូចៗ អោយតែចាស់ៗជុំគ្នានិយាយរឿងខ្មោច ចូលចិត្តស្ដាប់ណាស់ ស្រាប់តែថ្ងៃមួយ!
- 2018-10-26 12:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅតូចៗ អោយតែចាស់ៗជុំគ្នានិយាយរឿងខ្មោច ចូលចិត្តស្ដាប់ណាស់ ស្រាប់តែថ្ងៃមួយ!
ចន្លោះមិនឃើញ
តោះ...ជួបគ្នាទៀតៗ "នឹកឡើងហួសចិត្ត" ច្រើនសប្ដាហ៍ហើយ ភ្លេចត្រចៀករឿងខ្មោចមែនទេ? ឥឡូវមកដល់វិញទៀតហើយ! តោះ...ស្ដាប់មិត្តភ័ក្ដិយើងទាំងអស់គ្នា!
សូមជម្រាបសួរបងប្អូនទាំងអស់...ខ្ញុំមានរឿងមួយកាលនៅតូចៗ...អូហ៍ភ្លេចប្រាប់ឈ្មោះ ខ្ញុំបាទឈ្មោះ ចិត្រា រស់នៅ ស្រុកស្ទោង ខេត្តកំពង់ធំ។ រំលឹកទៅអតីតកាល ដែលខ្ញុំបាទមានវ័យ ប្រមាណជា ៩-១០ ឆ្នាំ ឥឡូវ២៩ឆ្នាំហើយ ខ្ញុំជាក្មេងម្នាក់ដែលខ្លាចខ្មោចបំផុត តែក៏ជឿថាបងប្អូនជាច្រើនក៏ដូចគ្នាដែរមែនអត់!!!
ខ្ញុំទើបលែងខ្លាចពេលអាយុ ក្បែរ ២០ឆ្នាំទៅហើយទេ...នៅពេលនោះជាពេលដែល ការរស់នៅក្នុងភូមិមានភាពជិតស្និទ្ធណាស់ ត្បិតថាបច្ចេកវិទ្យាមិនរីកចម្រើន តាមភូមិ មានផ្ទះតែ២-៣ ប៉ុណ្ណោះដែលមានទូរទស្សន៍ ទូរសព្ទក៏គ្មាន ហ្វេសប៊ុក មិនដឹងនៅឯណា។ អីចឹងការកម្សាន្តនាពេលនោះ គឺពុកម៉ែបងប្អូនតាមភូមិ និយមជួបជុំជជែកគ្នាលេងពីនេះពីនោះអីចឹងទៅក្រោយពេលបាយល្ងាច។
មិនដូចឥឡូវ បាយហើយចាប់កាន់ទូរសព្ទរៀងខ្លួន នៅតែក្នុងផ្ទះ ក្នុងបន្ទប់ មើល Facebook, Tik Tok... អីចឹងទេ។ វិលមកសាច់រឿងយើងវិញ ដោយសារកាលណោះ មានតែផ្ទះខ្ញុំមានទូរទស្សន៍សខ្មៅមួយគ្រឿង អីចឹងល្ងាចៗឡើង ពូមីងជិតខាងតែងមកជំនុំគ្នា ឬមើលទូរទស្សន៍នៅផ្ទះខ្ញុំហើយ។ ទីតាំង គឺនៅក្រោមដើមទឹកដោះគោមុខផ្ទះខ្ញុំនោះឯង។
ដោយឡែកខ្ញុំ ត្បិតថាខ្លាចក៏ពិតមែន ប៉ុន្តែអោយតែចាស់ជុំគ្នានិយាយរឿងខ្មោចអី ចូលចិត្តណាស់ គឺត្បុរក្បាលទៅនៅកណ្ដាលហ្វូងហ្មង។ ថ្ងៃមួយ ក្នុងការជួបជុំ ឪពុកខ្ញុំគាត់បាន និយាយរឿងគាត់ជិះកង់ត្រឡប់មកពីធ្វើផ្ទះគេវិញជួបខ្មោច។ កាលពីប៉ុន្មានថ្ងៃមុន មានករណី ក្រឡាប់ឡានដឹកអង្ករមួយ នៅក្នុងភូមិខ្ញុំ ហើយឪពុកខ្ញុំ គាត់បានទៅជួយគេ គាស់ឡានយកអង្ករ និងខ្មោចចេញ។
កាលណោះ មានមនុស្សស្លាប់២នាក់ ដោយសារឡានក្រឡាប់ចូលប្រឡាយទឹក ហើយបាវអង្ករសង្កត់ពីលើឈ្លក់ទឹក។ ឪពុកខ្ញុំគាត់បាន ជួយគេរហូតចប់ចុងចប់ដើម...លុះរំលងបានប៉ុន្មានថ្ងៃ ខ្មោចទាំងពីរនោះ មកលេងពុកខ្ញុំហ្មង។ ពុកគាត់និយាយប្រាប់គ្នាគាត់ថា ពេលគាត់ត្រឡប់មកពីធ្វើផ្ទះគេនៅភូមិជិតគ្នា មកដល់កន្លែងឡានដឹកអង្ករក្រឡាប់ពីថ្ងៃមុន គាត់មានអារម្មណ៍ថា កង់របស់គាត់ដូចធ្ងន់ តឹងធាក់មិនចង់ទៅមុខ...ហើយគាត់ក៏ងាកក្រោយ ស្រាប់តែឃើញខ្មោចទាំងពីរនាក់ថ្ងៃមុននៅលើចង្ក្រានកង់ខាងក្រោយ។
ពុកគាត់ថា ភ្ញាក់ព្រើត... “យីមកពីអង្កាល់ណា...ទៅកុំមកលេងអញ...ថ្ងៃមុន អញហ្នឹងហើយ អ្នកជួយលើកពួកឯងចេញពីក្នុងទឹក...ទៅ ទៅឲ្យឆ្ងាយ!” ពុកគាត់និយាយទៅខ្មោចទាំងពីរ ព្រោះពុកអត់ចេះខ្លាចខ្មោចទេ តាំងពីដើម។ និយាយប៉ុណ្ណឹង...កង់គាត់ស្រាប់តែធូរឡើងវិញ ងាកក្រោយម្ដងទៀត គាត់ឃើញខ្មោចទាំងពីរ ដើរស្ទុយដោយមានទទូរមុងផង ឆ្លងផុតផ្លូវ ហើយបាត់ក្នុងទីងងឹតទៅ ព្រោះពេលស្លាប់នោះ ពុកបានយកមុងទៅគ្របលើសាកសពទាំងពីរក្រោយយកចេញពីទឹក។
ខ្ញុំឯណេះ ឡើងព្រឺសម្បុរនៅកណ្ដាលវង់...តែមិនហ៊ានមាត់កទេ...បន្តិចមកស្រាប់តែពុកឧទានឡើង "អាអូនឯង...អ្ហែងឡើងទៅលើផ្ទះ យកថ្នាំឲ្យពុកតិច ពុកចង់ភ្លេចលេបថ្នាំ"។ ខ្ញុំភ្ញាក់ក្រញាង លើផ្ទះងងឹតឈឹង...ខ្លាចពុកផង ខ្លាចខ្មោចផង គ្មានជម្រើសក៏បង្ខំចិត្តទៅ មិនមានឲ្យពុកដឹងថាខ្ញុំខ្លាចខ្មោចទេ។
ពេលឡើងដល់លើ បើកទ្វារខ្វាក...ខ្ញុំស្រាប់តែស្រែកវ៉ាស់... “ខ្មោច...ពុក...ខ្មោច...!”។ ពេលនោះ ខ្ញុំឃើញអ្វីមួយសស្ទង់ៗនៅលើធ្នឹមផ្ទះ...ពុកខ្ញុំ ឯណោះស្រែក "ខ្មោចស្អីអ្ហែង...!”។ ជាមួយនឹងសំឡេងស្រែក ខ្ញុំរត់ចុះតាមកាំជណ្ដើរមិនគ្រប់កាំឡើយ ហក់ព្រូសមកដល់ដី...ពុកមកដល់ ហើយកាន់ពិលនាំខ្ញុំទៅលើផ្ទះវិញ។
គាត់បញ្ចាំងពិលទៅលើ...ឃើញក្បាំងម៉ូតូពណ៌សរបស់ម៉ូតូគប់ទឹកសមុទ្រ ដែលពុកគាត់យកទៅពាក់ទុកលើនោះ ឯម៉ូតូលក់ឲ្យគេបាត់ហើយ។ ពុកក៏សើច... “ហា ហា អានេះខ្លាចខ្មោចតើវ៉ី"។ ងាមកពូមីងនៅលើគ្រែក្រោមដើមទឹកដោះមុខផ្ទះឯណោះវិញ ក៏សើចគិល... “អាហ្នឹងហើយ មិនទៅដេក ម៉ោអង្គុយស្ដាប់ចាស់ៗ និយាយរឿងខ្មោច រៀងនៅអ្ហែង!!!
ខ្ញុំបានត្រឹមហួសចិត្ត និងអស់សំណើចខ្លួនឯងដែរ អ្នកណាមិនស្រែក បើអារម្មណ៍កំពុងដិតនឹងរឿងខ្មោចទទូរមុខលងពុកផង ស្រាប់តែបើកទ្វារ ឃើញសស្ទុងៗនៅលើធ្នឹមផ្ទះអីចឹង...បើមិនស្រែក ទើបចម្លែក។ ហើយពុកខ្ញុំឯណោះ ដូចខ្វះកន្លែងទៅ...ភ័យមួយពេលនោះ មិនដឹងខាតអាយុប៉ុន្មាន!!!
បងប្អូនមានអនុស្សាវរីយ៍ហួសចិត្ត សើចសប្បាយ ចង់ចែករំលែក សូមទាក់ទងលេខ ០១០ ៥៥៥ ៦៩៥ ឬផ្ញើសារជាសំឡេងមកប្រអប់សារនៃទំព័រ "នឹកឡើងហួសចិត្ត" ក៏បាន!!!