Hyundai នឹង​ផលិត​រថយន្ត​មាន​ស្កេន​ខ្ចៅ​ដៃ​ ចេញលក់នៅឆ្នាំនេះ

  • 2019-01-04 08:32:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េ Hyundai បាន​បញ្ចេញ​មុខងារ​ដោះ​សោ​រថយន្ត​ដោយ​ប្រើ​ខ្ចៅ​ដៃ​ ដំបូង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក ដើម្បី​ឲ្យ​អ្នក​បើកបរ​អាច​ចូល​ក្នុង​រថយន្ត និង​មាន​ការ​រៀប​ចំ​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​អ្នក​បើកបរ​ផ្សេង​គ្នា លើ​រថយន្ត​តែ​មួយ​បាន។

Sensor សម្គាស់​ខ្ចៅ​ដៃ​នេះ នឹង​ត្រូវ​បំពាក់​លើ​រថយន្ត Hyundai Santa Fe ស៊េរី​ឆ្នាំ ២០១៩ ហើយ​មុខ​ងារ​ពិសេស​របស់​វា​ក្រៅ​ពី​ការ​ដោះ​សោ​រថយន្ត​គឺ អ្នក​បើកបរ​ទាំង​ឡាយ​ដែល​ដាក់​ខ្ចៅ​ដៃ​សម្គាល់​ថា​ជា​ម្ចាស់​រថយន្ត​នោះ អាច​កំណត់​ទីតាំង​កញ្ចក់​មើល​ក្រោយ ទីតាំង​ចង្កូត កៅអី​អង្គុយ និង ស្ថានីយ​វិទ្យុ​ដែល​ខ្លួន​ពេញ​ចិត្ត ឲ្យ​រៀប​ចំ​ឲ្យ​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្ដង នៅ​ពេល​បើក​សោ​រថយន្ត​ហើយ។ បើ​គិត​ទៅ​វា​ដូច​នឹង​បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ​លើ​ទូរសព្ទ​អ៊ីចឹង គ្រាន់​តែ Hyundai ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដំបូង​បង្អស់​ដែល​នឹង​ដាក់​វា​លើ​ផលិត​ផល​ខ្លួន។

បើ​សិន​ជា​ការ​ដាក់​ឲ្យ​ប្រើប្រាស់ Sensor ស្កេន​ខ្ចៅ​ដៃ​នេះ​បាន​ជោគ​ជ័យ Hyundai រំពឹង​ថា​វា​នឹង​ជួយ​សម្រួល​ដល់​អ្នក​ប្រើប្រាស់​រថយន្ត​ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់​សោ​ដែល​អាច​ជ្រុះ​បាត់​ឬ​អស់​ថ្ម​ជាយថាហេតុ​ឡើយ ហើយ​ចំពោះ​ភាគរយ​ដែល Sensor នោះ​មិន​ស្គាល់​ខ្ចៅ​ដៃ​របស់​ម្ចាស់​ដែល​ស្កេន​រួច គឺ​មាន​តិច​បំផុត​គឺ អាច​កើត​ឡើង ១ ដង ក្នុង​ចំណោម ៥០ ០០០ ដង។

បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត Hyundai បាន​ប្រាប់​ថា​ ដើម្បី​ការពារ​សុវត្ថិភាព ក្រុមហ៊ុន​នឹង​ធ្វើ​ការ​ Update Software ឲ្យ​បាន​ជាប់​លាប់ ដោយ​ប្រើប្រាស់​អ៊ីនធឺណិត ដើម្បី​ការពារ​ពី​ការ​លួច​ចូល​ក្នុង​រថយន្ត ឬ​ក៏​ប្រើប្រាស់​ទិន្នន័យ​ខ្ចៅ​ដៃ​របស់​អ្នក​ប្រើប្រាស់​ក្នុង​គោល​បំណង​មិន​ល្អ។

រថយន្ត Hyundai ម៉ូដែល Santa Fe នឹង​មាន​បំពាក់​ Sensor សម្រាប់​ស្កេន​ខ្ចៅដៃ​ដើម្បី​ដោះ​សោ​នេះ ត្រឹម​ត្រីមាស​ទី ១ ឆ្នាំ ២០១៩ នេះ នៅ​តាម​ទីផ្សារ​ប្រទេស​ដែល​បាន​កំណត់​ទុក។

ចុចអាន៖

ប្រភព៖ CAR Magazine   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម