ចាវកំពង់ចាម រហស្សនាម «ស្មាត់វៃងាប់ឆ្កែ» ល្អមួយកំប្លេ​!

  • 2020-12-17 03:00:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើនិយាយពីចាវកំពង់ចាម អ្នកស្នេហាវិស័យកីឡាបាល់ទះប្រាកដជាស្គាល់ ដ្បិតថាកម្លាំងដៃនៃការវៃចេញមួយគ្រាប់ៗរបស់គេ គឺលឿនហើយធ្ងន់ពិបាកក្នុងការការពារ រហូតត្រូវមហាជនដាក់​រហស្សនាមឱ្យថា «ចាវកំពង់ចាមវៃងាប់ឆ្កែ»។

តាមពិតទៅចាវកំពង់ចាម​មានឈ្មោះក្នុងបញ្ជីជាតិ ឌី លីដា ​វ័យ២៦ឆ្នាំ កើតនៅភូមិព្រែកពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នចាវ​ជាកីឡាករបាល់ទះអាជីព របស់ក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយបើតាមការឱ្យដឹងពីលោកគ្រូបង្វឹកបាល់ទះ សោម ណារិទ្ធ គេជាកីឡាករល្អមួយរូប និងលេងបានគ្រប់តំណែង។

លោកគ្រូ សោម ណារិទ្ធ បានបញ្ជាក់ថា ៖«ចាវសមត្ថភាពរបស់គាត់គឺកំប្លេហើយចាវ ឈរកន្លែងណាក៏បានដែរ ឈរស្ដាំក៏បាន បាល់ដេញក៏បាន ឆ្កែនោមក៏បាន និយាយរួមនៅខាងឆ្វេងក៏បាន បីម៉ែត្រក៏បានដែរបាល់គាត់ ចាវលេងបានគ្រប់រ៉ូល»។

គ្រូបង្វឹកបាល់ទះរបស់ក្លឹបស្នងការរូបនេះ ក៏បានបន្ថែមថាសមត្ថភាពពិសេសរបស់គេ គឺលេងបានគ្រប់រ៉ូល ហើយគេអាចវៃក្បាច់ឆ្កែនោមបានយ៉ាងល្អទៀតផង។ លោកបានពន្យល់ទៀតថា ក្បាច់នេះមិនសូវមានអ្នកហាត់ចេះទេ​។ វាជាក្បាច់​ដែលស្មាត់រត់ត្រង់សំដៅទៅអ្នកប៉ះសេ ប៉ុន្តែបែរជាឈានជើងវៃនៅខាងក្រោយខ្នងអ្នកប៉ះសេ ហើយក៏ជាក្បាច់ល្អ​មួយវៃដាច់បាំងគូប្រកួតច្រើន។

បើទោះបីជាចាវមានចំណុចល្អដូចដែល​បានរៀបរាប់ខាងលើក៏ពីតមែន ប៉ុន្តែស្មាត់រូបនេះក៏មានចំណុចខ្សោយដែរ ពោលគឺខ្សោយត្រង់ការចាប់សេវ៉ា និងការការពារ ដែល​ចាំបាច់ត្រូវបំពេញបន្ថែម។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកគ្រូ សោម ណារិទ្ធ បងប្រុសបង្កើតរបស់លោកគ្រូ សោម ចំណាប់។

ឌីលីដាហៅចាវកំពង់ចាម ជាកីឡាករមានប្រជាប្រិយភាពមួយរូប ដោយឆ្នាំ២០១០ គេហ្វឹកហាត់និងលេងបាល់ទះនៅសាលាខេត្តកំពង់ចាម ឆ្នាំ២០១៨ ​លេងក្លឹបលកងពលធំអន្តរាគមន៍លេខ៣ ពាក់កណ្ដាលឆ្នាំ២០១៩ លេងក្លឹបក្រសួងមហាផ្ទៃ និងពាក់កណ្ដាលឆ្នាំ២០២០ គេមកចូលក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សព្វថ្ងៃគេជាស្មាត់ធំមួយរូបនៅក្លឹបមួយនេះ និងជាកីឡាករមានឈ្មោះលេងជម្រើស៦នាក់ដំបូង​។

គួរបញ្ជាក់ផងដែរថាស្មាត់កម្ពស់១,៨៥ម៉ែត្រ លេងបាល់ប្រកួតផ្លូវការ និងក្រៅផ្លូវការឡើងល្អខ្លាំង នៅរវាងឆ្នាំ ២០១៥-២០១៦ ប៉ុន្តែគ្រាន់តែ​គ្រានោះមិនទាន់មានប្រព័ន្ធផ្សព្វផ្សាយ និងកីឡាករល្អៗច្រើនដូចសព្វថ្ងៃ៕

អត្ថបទ៖ អ៊ុំ សុភក្តិ