សមាគមជនជាតិជប៉ុននៅកម្ពុជា ស្រាយបំភ្លឺ​ការចុះផ្សាយខុសការពិត​ពីបុរសជប៉ុនម្នាក់ដែលត្រូវគេឆក់អស់ពីខ្លួន

  • 2021-02-14 04:10:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេចក្ដីកែតម្រូវ អត្ថបទចុះផ្សាយថ្ងៃ១៤ កុម្ភៈ ដែលមានចំណងជើងថា៖ ជួយគាត់ផង! បុរសជប៉ុនម្នាក់ត្រូវចោរឆក់អស់ពីខ្លួន ធ្លាក់ខ្លួនរើសអេតចាយ គេងក្បែរបន្ទប់ទឹកវត្តបុទុម

កាលពីថ្ងៃទី១៤ ខែកុម្ភៈ​ មានការចុះផ្សាយពីបុរសជនជាតិជប៉ុនម្នាក់ ដែលបាន​ធ្លាក់ខ្លួនដើររើសអេតចាយនៅរាជធានីភ្នំពេញ យប់ឡើងគេងក្បែរបន្ទប់ទឹកវត្តបុទុម ព្រោះត្រូវចោរលួចកាបូបលុយ និងលិខិតឆ្លងដែនទៅអស់ហើយ។

តាមរយៈសមាគមន៍ជនជាតិជប៉ុននៅកម្ពុជា យើង​សូមកែតម្រូវអត្ថបទនេះ ដែលមានខ្លឹមសារដូចខាងក្រោម៖

លោក កូអុិជិ តាគូម៉ា ប្រធានសមាគម​ជនជាតិជប៉ុននៅកម្ពុជា បានឲ្យដឹងថា ប្អូនប្រុសបង្កើតរបស់បុរសឈ្មោះគូបូតា ហ្គែន ដែលកំពុងរស់នៅប្រទេសជប៉ុន បានផ្ញើថវិកា​មកកាន់ស្ថានទូតជប៉ុន​ប្រចាំកម្ពុជា ដើម្បី​ឲ្យស្ថានទូត​ធ្វើអន្តរាគមន៍​ជួយទិញសំបុត្រ​យន្តហោះ​ឲ្យចំនួន ១លើក​ ព្រមទាំង​មានសប្បុរសជន​ជនជាតិជប៉ុន​​រស់នៅកម្ពុជា ជួយឧបត្ថម្ភ និងបរិច្ចាគ​ជា​សំបុត្រ​យន្តហោះ​ចំនួន ១លើកទៀត ដើម្បី​ឲ្យ​លោក​គូបូតា បានវិលត្រឡប់​ទៅកាន់ប្រទេស​ជប៉ុនវិញ។ រួមសេចក្ដីមក យ៉ាងហោចណាស់ ក៏មានការជួយឧបត្ថម្ភ​ និងបរិច្ចាគ​ចំនួន ២លើក​ ក្នុង​ការទិញសំបុត្រ​យន្តហោះ​ ដើម្បី​ឲ្យ​លោក​គូបូតា បានវិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ។ លើសពីនេះទៀត លោកគូបូតា ក៏បានទទួលការឧបត្ថម្ភ​គាំទៃ្រ​ផ្នែក​ហិរញ្ញវត្ថុផ្សេងទៀតផងដែរ។

រូបលោក គូបូតា ផ្ទាល់ក៏បាន​បញ្ជាក់យ៉ាងច្បាស់​លាស់​ថា រូបលោក​ពិតជា​បានទទួល​ការឧបត្ថម្ភ​គាំទ្រ​នានា​ពីខាងស្ថានទូត។ ព័ត៌មាន​ដែល​ខាងសមាគម​ទទួល​បានពីរូបលោក​គូបូតា ហ្គែន ដោយផ្ទាល់ តាមរយៈ​ការ​សាកសួរ​អំពីអង្គហេតុ​ និងរឿងរ៉ាវ​របស់​សាមីខ្លួនលោកគូបូតា ដោយការ​សាកសួរនេះ​ធ្វើឡើង​ដោយ​សមាគម​ជនជាតិជប៉ុននៅកម្ពុជា រួមជាមួយ​វត្តមាន​នៃ​មេធាវី ដែលជា​ទីប្រឹក្សា​នៃសមាគម​ជនជាតិជប៉ុន​នៅ​កម្ពុជា។

បច្ចុប្បន្ន​ លោក គូបូតា កំពុង​ស្ថិតក្រោម​ការ​ឃុំខ្លួន​របស់ប៉ូលិស​។ ទោះជាយ៉ាងណាក៏ដោយ រូបលោក​នឹងត្រូវនិរទេស​វិលត្រឡប់ទៅកាន់ប្រទេស​ជប៉ុន​វិញ នៅពេល​ដែល​ការ​រៀបចំ​ចាំបាច់​នានា​សម្រាប់​ការ​ចាកចេញ​ពីប្រទេសកម្ពុជា ត្រូវបានបញ្ចប់​រួចរាល់សព្វគ្រប់។ គួរបញ្ជាក់ថា សំបុត្រ​យន្តហោះ​លើកនេះ ក៏នឹងត្រូវបានបរិច្ចាគ​ដោយ​ប្រជាជនជប៉ុនផងដែរ។

ខ្លឹមសារ​នៃអត្ថបទ​ និងមតិយោបល់​ដែល​បាន​លើកឡើងថា ស្ថានទូត​ជប៉ុន​ប្រចាំកម្ពុជា និង​សហគមន៍ជនជាតិជប៉ុន​ដែលកំពុងស្នាក់នៅ​ក្នុងប្រទេសកម្ពុជា មិនបានជួយឧបត្ថម្ភ និងគាំទ្រ​លោក​គូបូតា ហ្គែន ដែលកំពុង​ប្រឈមមុខ​នឹងភាពខ្វះខាត គឺជារឿងដែលប្រាសចាកការពិត។

សមាគមន៍ជនជាតិជប៉ុន​ប្រចាំកម្ពុជា សូម​សម្ដែង​នូវអំណរគុណ​អនេកប្បការ និងសូមខន្តី​អភ័យទោសផងដែរ ចំពោះប្រជាជនកម្ពុជា​ជាច្រើន​ដែល​មានការ​ព្រួយបារម្ភ៕