ទម្រាំច្នៃចេញ Flying Car ឲ្យវាហោះរួចចុះដីក្លាយជាឡានវិញ ចង់ដឹងទេថាចាយលុយអស់ប៉ុន្មានលានដុល្លារ?

  • 2021-07-05 03:09:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើយោង​ទៅ​លើ​ប្រភព​ច្បាស់ការពីគេហទំព័រ Klein-vision ​​រំលេច​ឲ្យ​ដឹង​នូវ​ទំហំ​ចំណាយ​ក្នុង​ការ​ច្នៃ​ចេញ​ជា Flying Car ​ដ៏​ល្បី​ល្បាញ​បន្ទាប់​ពី​ហោះ​សាកល្បង​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។

​ស្ថាបនិក​លោក ​Stefan Klein ជនជាតិស្លូវ៉ាគី​និង​សហស្ថាបនិក​មួយ​រូប​ទៀត​ ​​បាន​ប្រាប់​សារព័ត៌មាន​ថា៖ «បើ​គិត​សរុបទាំង​ទាំង​ការ​ឌីហ្សាញ​ផលិត​គ្រោង​ឆ្អឹង​ទាំង​មូល​ ​និងពេលឲ្យវាហោះរួចចុះដី ក្លាយជាឡានវិញ​នេះ លោក​ចំណាយ​ពេល ២ ឆ្នាំ​ចាយ​អស់​តែ ២ ​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។» ​លោក​បន្ថែម​ទៀត​ថា ​បើ​តាម​គម្រោង​វា​អស់​ច្រើន​ជាង​នេះ តែ​ដោយ​សារ​ពួកយើង​ច្នៃ​វត្ថុ​ដែល​មាន​ស្រាប់​ខ្លះ ដូចនេះ​វា​កាត់បន្ថយ​ចំណាយ​បាន​ខ្លះ​ដែរ។

ស្ថាបនិក​លោក ​Stefan Klein ជនជាតិស្លូវ៉ាគី

រីឯ​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​បច្ចេកវិទ្យា​ ​Morgan Stanley ​លើក​ឡើង​ដោយ​សុទិដ្ឋិនិយម​ថា៖ «ឡាន​ហោះ ​ឬ​យាន​យន្ត​ហោះ​ហើរ​ស្វ័យប្រវត្តិ​នឹង​លេច​រូបរាង​ឡើង​ច្បាស់ៗ​ក្នុង​ជំនាន់​យើង​​នៅ​សតវត្ស​ទី ២១​ នេះ​ឯង​។ ​វា​លែង​ស្ថិត​ក្នុង​ក្តី​ស្រម៉ៃ ឬ​ខ្សែ​ភាពយន្ត ឬ​ក្នុង​សៀវភៅ​បែប​វិទ្យាសាស្ត្រ​មាន Hero(Comic books) ទៀតហើយ។ ​តទៅ​ថ្ងៃ​មុខ​តម្លៃ​ទីផ្សារ​វិនិយោគ​ ​Flying Car ​ប្រភេទ​នេះ​វា​អាច​នឹង​កើន​ឡើង​តម្លៃ​ខ្ទង់ ១,៥ ​ទ្រីលាន​ ​ក្នុង​ឆ្នាំ ២០២៤ ។​»

​ឡាន​នេះ​បំពាក់​ម៉ាស៊ីន​រថយន្ត​ BMW ​ប្រើ​សាំង​សុទ្ធ​ អាច​ហោះ​បាន​កម្ពស់ ២៥០០ ម៉ែត្រ​ចម្ងាយ ១០០០ គីឡូម៉ែត្រ​ក្នុង​ល្បឿន​លឿន​បំផុត​ ១៧០ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ​និង​អាច​សំកាំង​លើ​អាកាស​បាន ​៤០ ​ម៉ោង​ដូច​យន្តហោះ​ខ្នាត​តូច​។

​ព្រោះ​វា​មាន​រូប​រាង​ជា​ឡាន ​ពេល​ចង់​ហោះ​​ត្រូវ​ការ​ពេល ២ នាទី​ដើម្បី​ពន្លារ​ស្លាប​និង​កង្ហារ​ឲ្យ​វិល​ជក់​ ​មុន​នឹង​អាច​រត់​ឡើងលើ​អាកាស​។ ​លុះ​ដល់​ពេល​ចុះ​មក​ដី​វិញ​ ​ក៏​ត្រូវ​ការ​ពេល​២នាទី​ដើម្បីបត់​ស្លាប​ចូល​គ្នា រួច​ជាន់​ហ្គែរ​បើក​ដូច​ឡាន​ធម្មតា​ទូទៅ​វិញ។ ឡាននេះធ្វើតេស្តច្រើនលើកច្រើនសារមកហើយ ទើបតែម្ដងនេះ ហ៊ានហោះខ្ពស់ហើយអាចសំកាំងយូរជាងរាល់ដង ដោយ​បញ្ចប់​ការ​ហោះ​សាកល្បង​រយៈពេល ៣០ នាទី​សំកាំង​កាត់លើ​អាកាសយានដ្ឋាន​ចំនួនពីរគឺ ​Nitra និង Bratislava ​ប្រទេស​ស្លូវ៉ាគី​។

រំឮក​ផងដែរ​ថា ​ស្នាដៃ​បង្កើត​ថ្មី(Innovations) ​ដ៏​លេច​ធ្លោ​របស់​ស្ថាបនិក​ខាង​លើ​នេះ​គឺ Flying Car នេះឯង។ ​ដោយ​ឡែក​លោក​ក៏​នៅ​មាន​​ស្នាដៃ​ផ្សេងៗ​ទៀត​ដែល​ក្រុមការងារ Sabay ​នឹងចុះផ្សាយជូននៅលេខបន្ទាប់៕

ទស្សនា​វីដេអូ​ទាំងពីរខាងក្រោម៖

អត្ថបទ៖ រក្សា