ក្រសួងប្រកាសឲ្យពលរដ្ឋរងគ្រោះដោយជំងឺកូវីដ ទៅបើកប្រាក់ឧបត្ថម្ភតាមរយៈវីង ដំណាក់កាលទី២

  • 2021-07-12 08:42:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋជួបទុក្ខលំបាកដោយបញ្ហាជំងឺកូវីដ ១៩ ដែលត្រូវបានកំណត់អត្តសញ្ញាណរួចរាល់ អាចបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី២ តាមរយៈភ្នាក់ងារវីង និងកម្មវិធីស្មាតហ្វូនវីងចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ។

ក្នុងស្មារតីជួយកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធនាគារវីងបានសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគាំពារសង្គមកម្ពុជាដើម្បីគាំទ្រដល់ «កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ ១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១»។

សម្រាប់កម្មវិធីនេះ ពលរដ្ឋទាំងរងគ្រោះទាំងអស់អាចមកដកជាសាច់ប្រាក់តាមរយៈភ្នាក់ងារវីងជិត ១០០០០ កន្លែងទូទាំងប្រទេស និងតាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ដោយភ្ជាប់ជាមួយលេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណ បានយ៉ាងរហ័ស ប្រកបដោយសុវត្ថិភាព និងសុក្រឹតភាព ក្រោយពីទទួលបានសារជូនដំណឹងពីធនាគារវីង។

កម្មវិធីជំនួយសង្គមជាសាច់ប្រាក់នេះ នឹងត្រូវអនុឡើងលើប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានការលំបាកផ្នែកជីវភាព នៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ និងគ្រួសារពលរដ្ឋដែលមានឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ២០២១ នៅទូទាំងប្រទេស ដែលទទួលបានការកំណត់អត្តសញ្ញាណតាមរយៈការសម្ភាស និងបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន និងមានឈ្មោះក្នុងបញ្ជីក្នុងដំណាក់កាលទី២។

ធនាគាវីង នឹងផ្ញើសារជូនដំណឹងអំពីការបើកប្រាក់ឧបត្ថម្ភនេះតាមរយៈលេខទូរស័ព្ទរបស់អ្នកដែលមានឈ្មោះក្នុងបញ្ជីដើម្បីមកដកប្រាក់ឧបត្ថម្ភនេះតាមរយៈភ្នាក់ងារវីង។ ពលរដ្ឋដែលរងគ្រោះទាំងអស់ ក៏អាចដកប្រាក់តាមរយៈកម្មវិធីស្មាតហ្វូនវីងផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីការទទួលបានប្រាក់ឧបត្ថម្ភនេះ សូមទំនាក់ទំនងអាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ របស់លោកអ្នក ឬក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈទូរស័ព្ទលេខ ០១៥ ២១៩ ៨៨៨៕

អត្ថបទ៖ In Sopheng