ABA និង Smart ដាក់ឲ្យប្រើ IPification ដើម្បីដោះស្រាយការចុះឈ្មោះ និងផ្ទៀងផ្ទាត់សម្រាប់អ្នកប្រើ ABA Mobile

  • 2021-10-20 09:07:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ABA និងក្រុមហ៊ុន Smart Axiata បន្តនាំមុខក្នុងវិស័យឌីជីថលរូបនីយកម្មរបស់កម្ពុជា ដោយដាក់ឲ្យប្រើប្រាស់នូវដំណោះស្រាយដ៏មានសុវត្ថិភាព និងងាយស្រួលសម្រាប់អតិថិជនក្នុងការកំណត់អត្តសញ្ញាណ និងការការពារអ្នកប្រើប្រាស់គឺ IPification ដែលជាប្រព័ន្ធចុះឈ្មោះ ផ្ទៀងផ្ទាត់ និងការពារការក្លែងបន្លំដ៏រហ័សមួយ។ ធនាគារ ABA នឹងដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យា IPification ដ៏ល្អបំផុត សម្រាប់អ្នកប្រើប្រាស់របស់ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខរបស់កម្ពុជា ហើយក្នុងពេលឆាប់ៗនេះ នឹងមានជាមួយប្រតិបត្តិករផ្សេងៗទៀតនៅកម្ពុជាផងដែរ។

IPification ជាដំណោះស្រាយកំណត់អត្តសញ្ញាណកម្មតាមទូរសព្ទដៃដ៏រហ័សមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចផ្ទៀងផ្ទាត់លេខទូរសព្ទ ការចុះឈ្មោះ និងការបើកចូលប្រើប្រាស់បានយ៉ាងរហ័ស។ បង្កើតឡើងដោយមានការគិតគូរពីសុវត្ថិភាព បទពិសោធអ្នកប្រើប្រាស់ និងឯកជនភាពទិន្នន័យ ប្រព័ន្ធនេះនឹងអនុញ្ញាតឲ្យធនាគារ ABA អាចពង្រឹងនូវបទពិសោធអ្នកប្រើប្រាស់នៅលើកម្មវិធីសេវាធនាគារតាមទូរស័ព្ទរបស់ខ្លួន ហើយនិងត្រូវប្រើប្រាស់ជំនួសប្រព័ន្ធលេខសម្ងាត់ប្រើមួយដងៗតាមសារទូរស័ព្ទ (OTP) ដែលកំពុងតែប្រើប្រាស់នៅក្នុងការបើកដំណើរការកម្មវិធីនាពេលបច្ចុប្បន្ននេះ។

ដោយទទួលបានពានរង្វាន់ជាច្រើនសម្រាប់ឧត្តមភាពរបស់ខ្លួនជាងមួយទសវត្សរ៍ចុងក្រោយនេះពីទស្សនាវដ្តីហិរញ្ញវត្ថុ ដូចជា The Banker, Global Finance និង Euromoney ធនាគារ ABA បានក្លាយជាធនាគារពាណិជ្ជកំពូលមួយ និងជាធនាគារឈានមុខផ្នែកសេវាធនាគារឌីជីថលនៅកម្ពុជា ដោយផ្តល់នូវវិសាលគមន៍សេវាដល់បណ្តាអតិថិជនជាច្រើន ដូចជា រូបវន្តបុគ្គល អាជីវកម្មខ្នាតតូច និងសហគ្រាសធុនតូច និងមធ្យម។ ដើម្បីធ្វើឲ្យប្រសើរឡើងបន្ថែមនូវសេវាធនាគារតាមទូរស័ព្ទដ៏ទំនើបរបស់ខ្លួន ធនាគារ ABA ភ្ជាប់ប្រព័ន្ធ IPification សម្រាប់ការចុះឈ្មោះ និងការផ្ទៀងផ្ទាត់ដែលអ្នកប្រើប្រាស់អាចប្រើបានយ៉ាងរលូន។

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា៖ «យើងមានសេចក្តីរីករាយក្នុងការពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររបស់យើងជាមួយក្រុមហ៊ុន Smart Axiata និងក្លាយជាធនាគារដំបូងរបស់កម្ពុជា ដែលដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ IPification នៅលើកម្មវិធីសេវាធនាគារតាមទូរស័ព្ទរបស់យើង។ សុវត្ថិភាព និងភាពងាយស្រួលនៃសេវាធនាគារតាមទូរស័ព្ទ ជាអាទិភាពកំពូលរបស់យើង ហើយការដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធ IPification នឹងអនុញ្ញាតឲ្យយើងអាចផ្តល់ជូនអ្នកប្រើប្រាស់កម្មវិធី ABA Mobile នូវដំណើរការផ្ទៀងផ្ទាត់កាន់តែងាយស្រួលដោយរក្សាសុវត្ថិភាពកម្មវិធីក្នុងពេលជាមួយគ្នាផងដែរ។ ធនាគារ នឹងបន្តនាំការអភិវឌ្ឍចុងក្រោយបង្អស់មកកាន់ទីផ្សារក្នុងស្រុក ដោយពន្លឿនបន្ថែមនូវបរិវត្តកម្មឌីជីថលទូទាំងប្រទេស»។ Benefit Vantage Limited ជាក្រុមហ៊ុនបង្កើតប្រព័ន្ធ IPification និងផ្តល់សេវាសកលឈានមុខផ្នែកប្រព័ន្ធផ្ទៀងផ្ទាត់តាម IP ទូរស័ព្ទ។

លោក Stefan Kostic នាយកប្រតិបត្តិប្រព័ន្ធ IPification មានប្រសាសន៍ថា៖ «នេះជាឯកសិទ្ធិពិសេសមួយដែលបានសហការជាក្រុមហ៊ុនឈានមុខផ្នែកឌីជីថលកំពូលទាំងពីរនៅកម្ពុជា គឺធនាគារ ABA ជាធនាគារឈានមុខគេផ្នែកសេវាធនាគារឌីជីថល និងក្រុមហ៊ុន Smart Axiata ជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេ។ ធនាគារ ABA ជាគំរូដ៏ល្អបំផុតនៃការផ្តល់អាទិភាពដល់អ្នកប្រើប្រាស់ដោយផ្តល់ជូនអ្នកប្រើប្រាស់នូវប្រព័ន្ធផ្ទៀងផ្ទាត់ដែលមិនប៉ះពាល់ដល់សុវត្ថិភាព បទពិសោធនអ្នកប្រើប្រាស់ ឬក៏ឯកជនភាពទិន្នន័យឡើយ»។ អតិថិជនរបស់ក្រុមហ៊ុន Smart Axiata ដែលជាអ្នកប្រើប្រាស់កម្មវិធី ABA Mobile នឹងទទួលបាននូវបទពិសោធប្រព័ន្ធផ្ទៀងផ្ទាត់តាមទូរស័ព្ទដ៏ល្អបំផុត IPification នេះមុនគេ សម្រាប់តម្រូវការសេវាធនាគារតាមទូរស័ព្ទរបស់ខ្លួន ចាប់ពីពាក់កណ្តាល់ខែតុលា ឆ្នាំ២០២១ នេះ។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ការដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យា និងដំណោះស្រាយចុងក្រោយគេបង្អស់ដើម្បីផលប្រយោជន៍ទាំងអ្នកប្រើប្រាស់ និងអាជីវកម្ម គឺជាគោលដៅចម្បងរបស់ក្រុមហ៊ុន Smart Axiata ជានិច្ច។ ភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Benefit Vantage Limited គឺជាគំរូមួយផ្សេងទៀតនៃតួនាទីដ៏សំខាន់របស់ប្រតិបត្តិករទូរស័ព្ទចល័តក្នុងការអភិវឌ្ឍទិដ្ឋភាពសេដ្ឋកិច្ច និងបច្ចេកវិទ្យានៅព្រះរាជាណាចក្រកម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយដែល ដៃគូយុទ្ធសាស្ត្ររបស់យើង គឺធនាគារ ABA ជាធនាគារដំបូងគេដែលផ្តល់នូវដំណោះស្រាយនេះ ហើយយើងរំពឹងថា អាជីវកម្មផ្សេងៗជាច្រើនទៀតនឹងចាត់វិធានការដើម្បីសុវត្ថិភាព និងភាពងាយស្រួលកាន់តែខ្លាំងសម្រាប់អ្នកប្រើប្រាស់របស់ខ្លួន»៕

IPification កំពុងកសាងគ្រឹះសម្រាប់ការផ្ទៀងផ្ទាត់តាមទូរស័ព្ទនាពេលបច្ចុប្បន្ន និងអនាគត។ ដោយផ្ទៀងផ្ទាត់នូវឧបករណ៍ ស៊ីម និងលេខទូរស័ព្ទ តាមរយៈអាសយដ្ឋាន IP បច្ចេកវិទ្យាប្រព័ន្ធ IPification អនុញ្ញាតឲ្យមានការអនុម័តលើប្រតិបត្តិការ ការចុះឈ្មោះ ការផ្ទៀងផ្ទាត់អ្នកប្រើប្រាស់ទូរស័ព្ទដ៏សុវត្ថិភាព មិនបាច់ប្រើនិងចុចពាក្យសម្ងាត់ និងប្រព័ន្ធការពារការក្លែងបន្លំសម្រាប់ការប្រើប្រាស់ទូរស័ព្ទចល័តណាមួយ។ ដោយមានប្រើប្រាស់ស្រាប់នៅក្នុងប្រទេស និងតំបន់ជាច្រើន ប្រព័ន្ធ IPification ទទួលបានទំនុកចិត្តពីក្រុមហ៊ុនទូរគមនាគមន៍ បច្ចេកវិទ្យា ទូទាត់ និងផ្ទេរប្រាក់ រួមមាន ក្រុមហ៊ុន Microsoft, GBG, DataZoo, 3HongKong, Axiata Digital។

ក្រុមហ៊ុន Benefit Vantage Limited ជាក្រុមហ៊ុនផ្តល់សេវាសន្តិសុខ និងការពារទិន្នន័យនៅអាស៊ី ដែលមានទីស្នាក់ការកណ្តាលនៅហុងកុង។ ក្រុមហ៊ុននេះមានឧបសម្ព័ន្ធនៅប្រទេសស្វីស IPIFICATION INTERNATIONAL AG និងក្រុមហ៊ុនតំណាងដែលធ្វើប្រតិបត្តិការនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ស៊ែប៊ី រុស្ស៊ី បូស្នៀ ប្រេស៊ីល ឥណ្ឌា វៀតណាម និងប៉ាគីស្ថាន។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅវិបសាយ៖ www.ipification.com

ទំនាក់ទំនងសួរព័ត៌មាន៖

IPification

Alexandra Kalinina

alexandra.kalinina@ipification.com