ព្រឺសម្បុរកើតឡើងដោយសារអ្វី?
- 2014-11-25 22:41:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឺសម្បុរកើតឡើងដោយសារអ្វី?
ចន្លោះមិនឃើញ
តើធ្លាប់ព្រឺសម្បុរដែរឬទេ? ជាការពិតណាស់មនុស្សរាល់គ្នាតែងតែជួបបញ្ហានេះនៅពេលអាកាសធាតុត្រជាក់ទើបធ្វើឲ្យរោមរបស់អ្នកបះឡើងបែបហ្នឹង។ ដើម្បីស្រាយចម្ងល់នេះ Sabay នឹងលើកយកការបកស្រាយពីអ្នកជំនាញវេជ្ជសាស្ត្រមួយចំនួន។
ព្រឺ សម្បុរ (Piloerection ) គឺសំដៅទៅលើប្រតិកម្មនៃប្រព័ន្ធប្រសាទដែលបង្កអោយផ្ទៃសាច់ដុំរួមហើយធ្វើអោយរោមឡើងបាស។ ហើយវាជាធម្មតាគឺត្រូវបានហៅជាភាសាអង់គ្លេសថា goosebumps ឬ gooseflesh ដែលជាដំណើរឆ្លើយតបទៅនឹងភាពត្រជាក់ រំជួលចិត្តខ្លាំង ហើយជាពិសេសនោះគឺភាពភ័យខ្លាច។ ភាគច្រើននៃការព្រឺសម្បុរត្រូវបានកើតឡើងនៅលើកំភួនដៃ ប៉ុន្តែក៏អាចកើតមាននៅលើជើង គូទ ទ្រូង និងកផងដែរ។
តែបើតាមផ្នែកវេជ្ជសាស្ត្រវិញព្រឺ សម្បុរ គឺត្រូវបានគេហៅម៉្យាងទៀតថា cutis anserina។ ហើយវាកើតឡើងនៅពេលដែល ប្រព័ន្ធសរសៃប្រសាទស្វយ័ត(sympathetic nervous system) បង្កអោយសាច់ដុំនៅក្រោមស្បែកឡើងរួមធ្វើឲ្យរោមបះ និងស្បែកឡើងកន្តួលតូចៗ។
ភស្តុតាងផ្នែកវេជ្ជសាស្ត្រមួយចំនួនបានបង្ហាញថា អ័រម៉ូននៅក្រពេញជិតតម្រងនោមធ្វើឲ្យប្រព័ន្ធសរសៃប្រសាទ ស្វយ័ត(sympathetic nervous system) បង្ហាញអាការៈព្រឺសម្បុរនេះ។ ព្រឺសម្បុរសញ្ញាមួយនៃនៃសរីរាង្គមនុស្សនៅពេលដែលរាងកាយមានអារម្មណ៍តានតឹង ស្ត្រេស ឬភ័យខ្លាច ហើយធ្វើឲ្យចង្វាក់បេះដូងលោតញាប់ ចក្ខុវិស័យស្យង់ជាងមុន និងប្រតិកម្មនៃរាងកាយក៏កើនឡើង។
ក៏មិនខុសគ្នាប៉ុន្មាននោះដែរ ព្រឺសម្បុរក៏កើតឡើងនៅលើរាងកាយសត្វដែរ។ វាអាចជួយការពារសត្វពីសត្រូវ និងអាកាសធាតុជាដើម។ ឧទាហរណ៍ជាក់ស្ដែងដូចជានៅលើសត្វឆ្មា piloerection គឺបានធ្វើអោយរោម និងកន្ទុយបះឡើងធំជាងមុនដែលធ្វើឲ្យសត្រូវខ្លាចរអាមកលើវា។ មិនត្រឹមតែប៉ុណ្ណោះ Piloerection វាក៏ជួយអោយសត្វបានការពារពីសីតុណ្ហភាពត្រជាក់បានដែរ ព្រោះពេលរោមបះឡើងខ្លាំងគឺប្រៀបដូចជាអាវរងាដ៏ក្រាស់ដែលអាចការពារពួកវាពីធាតុត្រជាក់បាន៕
អាន៖ ៥ យ៉ាងដែលមិនគួរបង្ហោះនៅលើ Facebook
ប្រែសម្រួល៖ សំនៀង ប្រភព៖ wisegeek