យូរគួរសម! ប្រើពេលកន្លះទសវត្សរ៍ ពង្រីកនឹងជួសជុលផ្លូវជាតិលេខ៤ ពីបែកចានដល់ព្រៃនប់

  • 2022-03-09 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះស្ដីពីគម្រោងស្តារនិងស្ថាបនាផ្លូវជាតិលេខ៤ឡើងវិញ នឹងត្រូវប្រើពេលប្រមាណ៥ឆ្នាំ ក្នុងការពង្រីកផ្លូវកៅស៊ូមួយនេះឱ្យក្លាយជាផ្លូវដែលមានភាពងាយស្រួលទាំងការដឹកជញ្ជូននិងការធ្វើដំណើររបស់សាធារណជន។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ចាក់បន្ថែមឱ្យដឹងថា សម្រាប់ធ្វើការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ដើម្បីធន់នឹងការបម្រែបម្រួលអាកាសធាតុនិងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្រសួងបានចាប់ផ្ដើមធ្វើការពង្រីក និងជួសជុលផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលនិងបញ្ចប់ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រយៈពេលនៃការងារស្ថាបនាពង្រីក និងជួសជុលថែទាំផ្លូវជាតិលេខ៤នេះ ចាប់ផ្តើមពី ខែ ធ្នូ ឆ្នាំ២០២១ រហូតដល់ ខែ ធ្នូ ឆ្នាំ២០២៦

ផ្លូវជាតិលេខ៤ ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ មានចម្ងាយប្រមាណជាង២០០គីឡូម៉ែត្រ។ ស្ថានភាពជាក់ស្តែងនៃផ្លូវជាតិនេះ បច្ចុប្បន្ន មានទំហំតូចនិងមានចំណុចខ្លះត្រូវរងការខូចខាតដោយការដឹកលើសចំណុះរបស់រថយន្តធុនធំនិងទឹកហូរកាត់ផ្លូវនៅរដូវវស្សា។

អាស្រ័យហេតុនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់ប្រជាពលរដ្ឋដែលធ្វើដំណើរ និងរស់នៅ តាមបណ្ដោយផ្លូវជាតិលេខ៤ទាំងអស់ មេត្តាអធ្យាស្រ័យដល់បណ្ដាការរំខាន ដែលបង្កដោយការងារស្ថាបនា ស្ពានថ្នល់ដូចបានជម្រាបជូនខាងលើ និងសូមមេត្តាចូលរួមអនុវត្តវិធានការសុវត្ថិភាពចរាចរណ៍ដែលរៀបចំ នៅតាមការដ្ឋាននីមួយៗដោយក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនម៉ៅការសាងសង់ ហើយ សង្ឃឹមថាប្រជាពលរដ្ឋទាំងអស់នឹងចូលរួមដើម្បីឱ្យការងារអភិវឌ្ឍផ្លូវជាតិលេខ៤ នេះ ទទួលបានជោគជ័យ ៕

អត្ថបទដោយ៖ ស៊ូ អីន