Neymar នឹង​ត្រូវ​ឡើង​តុលាការ​តតាំង​ក្ដី​រឿង​គេច​ពន្ធ​ មុន​មួយ​ខែ​នៃ​ការ​ប្រកួត​ World Cup 2022

  • 2022-07-27 13:03:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Neymar នឹង​ត្រូវ​ឡើង​តុលាការ​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា​ ឆ្នាំ​២០២២ខាង​មុខ​ នៅ​ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ​ ដើម្បី​តតាំង​ក្ដី​ទាក់ទង​នឹង​រឿង​គេច​ពន្ធ​នៅ​ពេល​ផ្លាស់​ពី​ក្លឹប​ Santos ទៅ​កាន់​ក្លឹប​ Barcelona កាល​ពី​ឆ្នាំ​២០១៣។

រឿង​រ៉ាវ​ខាង​លើ​នេះ​បាន​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​អាជ្ញាធរ​ពន្ធដារ​ប្រទេស​អេស្ប៉ាញ​ បាន​ធ្វើ​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ DIS ដែល​ជា​ក្រុមហ៊ុន​រក្សា​សិទ្ធ​៤០% លើ​ Neymar កាល​គេ​លេង​នៅ​ក្លឹប​ Santos ដោយ​ក្រុមហ៊ុន​នេះ​បាន​ចោទ​ប្រកាន់​ Neymar ក្រុមគ្រួសារ​របស់​គេ​ និង​លោក​ Sandro Rosell ព្រម​ទាំង​លោក​ Josep Maria Bartomeu ដែល​ជា​អតីត​ប្រធាន​ក្លឹប​ Barcelona ថា​ពួក​គេ​បាន​រួម​គ្នា​បន្លំ​ថ្លៃ​ដោះដូរ​កីឡាករ​នេះ​ មិន​ចង់​បង់​ថ្លៃ​ពេញ​ឲ្យ​ក្រុមហ៊ុន​របស់​គេ​ ដែល​ធ្វើឲ្យ​ទីផ្សារកីឡាករមានភាពមិនប្រក្រតី។

បើ​តាម​សារព័ត៌មាន​ El Pais ខ្សែ​ប្រយុទ្ធ​ Neymar គឺ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​គេច​ពន្ធ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​ ៨.៤លានដុល្លារ​ ដែល​អាច​ឲ្យ​អាជ្ញាធរ​ពន្ធដារ​អាច​នឹង​ដាក់​ទោស​ក្នុង​ពន្ធនាគារ​ ២ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ប្រមាណ​ ១០លានដុល្លារ​។ យ៉ាង​ណា​ចំពោះ​ក្រុមហ៊ុន​ DIS វិញ​បាន​សុំ​ឲ្យ​ដាក់ទោស​ Neymar រហូត​ដល់​៥ឆ្នាំ​ និង​សង​ជំងឺ​ចិត្ត​ក្រុមហ៊ុនគេ​រហូត​ទៅ​ដល់​ប្រមាណ​ ១៥០លានដុល្លារ​។

តាម​ប្រភព​ដដែល​នេះ​ ទាក់ទង​នឹង​រឿង​ក្ដី​ខាង​លើ​ អាជ្ញាធរ​ពន្ធដារ​ក៏​ចង់​ដាក់​ទោស​ឲ្យ​ក្នុង​ពន្ធនាគារ​លើ​ឪពុក​ Neymar ចំនួន​២ឆ្នាំ​ និង​ ម្ដាយ​ Neymar ចំនួន​១ឆ្នាំ​ផង​ដែរ​។

ថ្ងៃ​ដែល​ Neymar នឹង​ឡើង​តុលាការ​តតាំង​រឿង​ក្ដី​ខាង​លើ​នេះ​គឺ​មុន​មួយ​ខែ​នៃ​ព្រឹត្តិការណ៍​ FIFA World Cup 2022 ចាប់​ផ្ដើម​ ដោយ​ព្រឹត្តិការណ៍​នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​ ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ ឆ្នាំ​២០២២ខាង​មុខ​ នៅ​ប្រទេស​កាតា​៕

ប្រភព៖ BBC | Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី