រំភើប! នៅមុននេះវត្ថុបុរាណខ្មែរ៣០រូប ដែលគេលួចកាលពីសម័យសង្គ្រាម ត្រូវបានអាមេរិកប្រគល់ឲ្យកម្ពុជាវិញ និងត្រៀមដឹកមកហើយ

  • 2022-08-09 02:55:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្បត្តិវប្បធម៌ខ្មែរ ចំនួន៣០រូប នឹងត្រូវបញ្ជូនពីសហរដ្ឋអាមេរិក មកប្រទេសកម្ពុជាវិញ។ នេះបើយោងទៅតាមសេចក្តីប្រកាសជាព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅមុននេះបន្តិច។

ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកពុទ្ធ សាសនា និងព្រហ្មញ្ញសាសនា ដូចជា រូបចម្លាក់ដ៏ពិចិត្រ "ព្រះស្កន្ទគង់លើក្ងោក” និង “ព្រះគណេស ដែលត្រូវបាន លួចយកចេញពីប្រាសាទក្នុងរមណីយដ្ឋានកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០នៃគ.ស.។ ប្រាសាទកោះកេរធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំនៅក្នុងអំឡុងសម័យសង្គ្រាម។

ដោយ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២, ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក តំណាងឱ្យ រាជរដ្ឋាភិបាលកម្ពុជា និងលោក Damien Wiliams អគ្គរដ្ឋអជ្ញាសហរដ្ឋអាមេរិកនៃសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក បានចូលរួមនៅក្នុងពិធីប្រគល់-ទទួលសម្បត្តិវប្បធម៌ខ្មែរចំនួន៣០រូបនេះនៅទីក្រុងញូវយ៉ក។

ពិសេស ក្រសួងកំពុងធ្វើការ ជាមួយក្រុមហ៊ុនដឹកជញ្ជូន ដើម្បីចាត់ចែងការដឹកវត្ថុទាំង៣០រូបមកកម្ពុជាក្នុងពេលវេលាខាងមុខនេះ ហើយក្រសួង នឹងជូនព័ត៌មានបញ្ជាក់បន្ថែមនៅពេលវត្ថុទាំងនេះមកដល់កម្ពុជា។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា “យើងពិតជាសេចក្តីរំភើបទទួលស្វាគមន៍នៃការវិលត្រឡប់មកវិញនូវរតនសម្បត្តិដ៏ល្អឯកទាំងនេះ ដែលជាព្រលឹង បុព្វបុរសខ្មែរជាច្រើនជំនាន់ និងតំណាងឱ្យភាពរុងរឿងនៃចក្រភពខ្មែរ។ លោកជំទាវក៏បានថ្លែងអំណរគុណដល់សារមន្ទីរ និងអ្នកកាន់កាប់សមុច្ច័យឯកជននានា ដែលបានស្ម័គ្រចិត្តប្រគល់ មរតកវប្បធម៌ជាតិមកកម្ពុជាវិញ។

សូមជម្រាបថា វត្ថុទាំងនេះជាប់ពាក់ព័ន្ធនឹងករណីកាន់កាប់វត្ថុ បុរាណដោយខុសច្បាប់ ដែលត្រូវបានរឹបអូសដោយរដ្ឋអាជ្ញាសហរដ្ឋអាមេរិកនៃសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក សហការជាមួយការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក អនុលោមតាមអនុស្សារណៈនៃការ យោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរ សហរដ្ឋអាមេរិក ស្តីពីការដាក់កំរិតហាមប្រាមនូវការនាំចូល លើប្រភេទនៃវត្ថុបុរាណរបស់កម្ពុជា។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទថ្មី