CAMSOC ​ត្រៀម​ខ្លួន​រួចរាល់​ សម្រាប់​ទទួល​បដិសណ្ឋារ​កិច្ច​ថ្នាក់​ដឹកនាំ​ ក្នុងពិធីបើកស៊ីហ្គេម ឆ្នាំ​២០២៣

  • ពុធ, 22 កុម្ភៈ 2023 03:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការជំនាញ​ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម​ លើកទី៣២ ​ឆ្នាំ២០២៣ (CAMSOC) ​បានត្រៀមខ្លួនរួចរាល់​ សម្រាប់រៀបចំការងារពិធីការ និង​ទទួល​បដិសណ្ឋារ​កិច្ច​ថ្នាក់​ដឹក​នាំ ​មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលនឹងអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើក​ទី៣២ ​នៅកម្ពុជា​ នាថ្ងៃទី០៥ ខែឧសភា​ ឆ្នាំ២០២៣ ខាងមុខ។

បើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន ​អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្រោយ​បញ្ចប់​កិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ​ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ​និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC នៅ​មជ្ឈមណ្ឌល​ប្រតិបត្តិ​កីឡា​ នៃពហុកីឡដ្ឋានជាតិមរតកតេជោ​ នៅថ្ងៃទី២១ ខែកុម្ភៈនេះ។

ឯកឧត្តម ​វ៉ាត់ ចំរើន ​មានប្រសាសន៍ថា ​កិច្ចប្រជុំ​ បានជជែកពីបច្ចេកទេស យន្ដការ ទីតាំង និង​ការងារ​ពិធីការ​មួយជំហានរបស់គណៈកម្មការពិធីការ ក្នុងការត្រៀមរៀបចំពិធីការ និង​ការ​ទទួល​បដិសណ្ឋារ​កិច្ច​ប្រមុខរដ្ឋ ​ប្រមុខរដ្ឋាភិបាល​ ដោយ​អនុវត្ត​តាម​ប្រសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។

ឯកឧត្តម​អគ្គលេខាធិការ​បន្ដ​ថា ​«យើង​បាន​ធ្វើ​ការងារ​សំខាន់​មួយ គឺ​ការងារ​ពិគ្រោះ​យោបល់​ទៅ​លើ​ការ​ត្រៀម​ទទួល​បដិសណ្ឋារកិច្ច​ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ​ដែលត្រូវបានអញ្ជើញចូលរួមពិធីបើក ដែល​ជា​ពិធី​មួយ​ដ៏សំខាន់​ក្នុងស៊ីហ្គេមរបស់យើង។ កិច្ចការនេះ យើងបានលម្អិតអស់ហើយ នៅតែ​ការ​ប្រតិបត្តិ​ និងបញ្ចប់នៅថ្ងៃទី២ ខែមីនានេះ ដែលយើងនឹងមានកិច្ចប្រជុំលម្អិតម្ដងទៀត ដោយ​មានការ​ចូលរួម​ផ្ទាល់ពីឯកឧត្តម ឈិន កេតនា ប្រធានគណៈកម្មការពិធីការ»។

បន្ថែមលើនេះ CAMSOC ក៏ត្រៀមខ្លួនជាស្រេច ដើម្បីត្រៀមទទួលបដិសណ្ឋារកិច្ច ចំពោះឥស្សរជន ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្ដាប្រទេសផ្សេងៗ ដែលបានអញ្ជើញដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ដូចជាក្រសួងការបរទេស ដោយបែងចែកដាច់ពីការងារពិធីការកីឡា ក្រោមការយកចិត្តទុកដាក់ និងរៀបចំយ៉ាងហ្មត់ចត់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ នេះ បើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕

អត្ថបទ៖ CAMSOC

អត្ថបទពេញនិយម
អត្ថបទថ្មី