កម្ពុជា គ្រោងសង់ស្ពានឆ្លងទៅកោះដាច់ នឹងស្ពានភ្ជាប់២ទៀត ដើម្បីបំពេញផ្លូវក្រវាត់ក្រុងទី៣
- 2023-03-10 07:18:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា គ្រោងសង់ស្ពានឆ្លងទៅកោះដាច់ នឹងស្ពានភ្ជាប់២ទៀត ដើម្បីបំពេញផ្លូវក្រវាត់ក្រុងទី៣
ចន្លោះមិនឃើញ
ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ បច្ចុប្បន្ននេះ នៅមិនទាន់ពេញលេញជាលក្ខណៈផ្លូវក្រវាត់ក្រុងនៅឡើយ ព្រោះនៅសល់មួយផ្នែកទៀត គឺប៉ែកខាងកើត ដែលមានប្រវែងប្រមាណ ៣៤គីឡូម៉ែត្រ ដោយក្នុងនោះត្រូវសាងសង់ស្ពានចំនួន៣។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co,.Ltd.) ដើម្បីស្វែងយល់បទបង្ហាញស្តីពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសជំនាញជាច្រើនរូបផងដែរ។
យោងតាមបទបង្ហាញរបស់ក្រុមហ៊ុនសំណង់សៀងហៃ គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតនេះ មានប្រវែងប្រមាណ ៣៤,១៥គីឡូម៉ែត្រ សាងសង់ជាផ្លូវ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ចេញពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ ឆ្លងកាត់កោះចំនួន២ គឺកោះដាច់ និងកោះតាង ដោយត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៣ ក្នុងនោះស្ពានទី១ (ផ្លូវជាតិលេខ៦-កោះដាច់) មានប្រវែង ១៣១១ម៉ែត្រ ស្ពានទី២ (កោះដាច់-កោះតាង) មានប្រវែង ៥៧៩ម៉ែត្រ និងស្ពានទី៣ (កោះតាង-ផ្លូវ៧០បេ) មានប្រវែង ១០៤៤ម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ២៤០លានដុល្លារអាមេរិក។
បន្ទាប់ពីបានស្វែងយល់បទបង្ហាញរួចមក អ្នកជំនាញបច្ចេកទេសក្រសួងបានជជែកពិភាក្សា និងផ្ដល់យោបល់ជាធាតុចូលលើការងារបច្ចេកទេសសំខាន់ៗក្នុងការសាងសង់ រួមមានការរៀបចំជាចំណតយានយន្ត ព្រមទាំងការសិក្សាបន្ថែមលើភូមិសាស្ត្រតំបន់ ការសិក្សាលើលំហូរទឹក និងទំនប់ទឹក ជាធាតុចូលដើម្បីធ្វើឱ្យគម្រោងនេះមានប្រសិទ្ធភាព និងនិរន្តរភាព។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ផ្លូវក្រវាត់ក្រុងទី៣ ប្រវែងជាង ៥០គីឡូម៉ែត្រ បានដំណើរការសាងសង់សម្រេចប្រមាណជិត៩០%ហើយ គ្រោងនឹងបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។
ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវមេ)។ ពិសេសជាងនេះទៅទៀត ខ្សែផ្លូវនេះក៏បានភ្ជាប់ទៅចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វ័យតភ្នំពេញ នៅក្នុងស្រុកកៀនស្វាយ ក៏ដូចជាបំពេញឱ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គផងដែរ៕