បឺត សង្ឃឹម ឈ្នះខ្សែក្រវ៉ាត់ IPCC Kun Khmer អ្នកទស្សនាជាង៣សែននាក់លើអនឡាញ
- 2023-03-27 07:41:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បឺត សង្ឃឹម ឈ្នះខ្សែក្រវ៉ាត់ IPCC Kun Khmer អ្នកទស្សនាជាង៣សែននាក់លើអនឡាញ
ចន្លោះមិនឃើញ
អ្នកប្រដាល់វាយក្បាច់ បឺត សង្ឃឹម បានយកឈ្នះលើកីឡាករ វ៉ាន់ វឿន ឱ្យសន្លប់នៅត្រឹមទឹក៣ យកបានខ្សែក្រវ៉ាត់អន្ដរជាតិ IPCC Kun Khmer នៃព្រឹត្តិការណ៍ WURKZ នារដូវកាលទី២ហើយ។
ទីបំផុតកម្មវិធី Wurkz ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ បានបញ្ចប់ទៅផ្លូវការហើយក្រោមក្រសែរភ្នែកអ្នកទស្សនាផ្ទាល់រាប់ម៉ឺននាក់នៅទីតាំងផ្សារទំនើបជីបម៉ុង 271 មេហ្គាម៉ល ឯនៅលើបណ្តាញសង្គមអនឡាញមានអ្នកទស្សនាផ្ទាល់ជាង ៣សែននាក់ ជាពិសេសនៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV ក៏មានអ្នកតាមដានទស្សនាច្រើនដូចគ្នា។ សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រកន្លងទៅ គឺពោរពេញដោយជើងខ្លាំងក្នុងប្រទេសកម្ពុជាតែម្ដង ដូចជា ព្រំ សំណាង, ម៉ឺន មេឃា និង ឈឿង ល្វៃ និងធឿន ធារ៉ា ជាដើម។ ស្របពេលដែលសង្វៀនថោន បានបង្ហាញពីផ្នត់គំនិតជាតិនិយម លើការបង្ហាញពីវប្បធម៌ និងអរិយធម៌ខ្មែរ តាមរយៈកម្មវិធីនេះ ដ៏គួរឱ្យទាក់ទាញខ្លាំងបំផុត។
និយាយពីគូឯកវិញ បឺត សង្ឃឹម ធ្វើបានដូចអ្វីដែលគេនិយាយមុនការប្រកួតដែរ។ កូនសិស្សរបស់លោក បឹត ខាំ រូបនេះ វាយដោយគុណភាព និងបច្ចេកទេសត្រឹមត្រូវ ដែលធ្វើឱ្យ វ៉ាន់ វឿន មិនមានអ្វីអាចតទល់បាននោះទេ។ ការប្រកួតបញ្ចប់នៅត្រឹមទឹក៣ប៉ុណ្ណោះ ដោយ បឹត សង្ឃឹម វាយ វ៉ាន់ វឿន ឱ្យសន្លប់ បោះបង់ការប្រកួត យកបានខ្សែក្រវ៉ាត់ IPCC Kun Khmer ទម្ងន់ ៦០ គីឡូក្រាម អមដោយប្រាក់រង្វាន់ ៤៨ លានរៀល។ បច្ចុប្បន្ននេះ បឺត សង្ឃឹម មានឈ្មោះបោះសំឡេងកាន់តែខ្លាំង ហើយអ្នកទស្សនាស្ទើរពេញមួយប្រទេស បានសរសើរពីបច្ចេកទេស និងកលល្បិចប្រកួតដ៏វៃឆ្លាតរបស់គេ។
កម្មវិធី Wurkz ប្រដាល់គុនខ្មែរប្រចាំប្រទេសដែលជាការសហការគ្នារវាងស្ថានីយទូរទស្សន៍ Town Full HDTV ជាមួយក្រុមហ៊ុន Khmer Berverages បានរកឃើញម្ចាស់ខ្សែក្រវាត់ចំនួន ២រូបហើយដោយរដូវកាលទី១ បានទៅលើកីឡាករគុនខ្មែរ ផល សោភ័ណ្ឌ ខណៈរដូវកាលទី២ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះបានទៅលើកីឡាករ បឺត សង្ឃឹម ៕