នៅ​អាស៊ីអាគ្នេយ៍​ តើ​ប្រទេស​ណា​មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​ច្រើន​ជាង​គេ?

  • 2024-01-10 11:18:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាស៊ីអាគ្នេយ៍​ជា​តំបន់​ដែល​មាន​អរិយធម៌​វប្បធម៌ និង​តំបន់​ធម្មជាតិ​ដ៏​សម្បូរ​បែប​នៅ​ក្នុង​ពិភពលោក។ ប្រទេស​នានា​នៅ​ក្នុង​តំបន់ ដែល​មាន ១១ប្រទេស​នេះ ក៏​ព្យាយាម​ដាក់​តំបន់​វប្បធម៌ និង​ធម្មជាតិ​របស់​ខ្លួន​ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌ របស់​អង្គការ​សហប្រជាជាតិ ឬ ហៅ​កាត់​ថា អង្គការ​យូណេស្កូ (UNESCO)។

នៅ​លើ​ពិភពលោក មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​សរុប ១ ១៩៩កន្លែង ក្នុង​ចំណោម​ប្រទេស​ចំនួន ១៦៥ (ចំណោម ១៩៣ប្រទេស ដែល​ជា​សមាជិក​អង្គការ​សហប្រជាជាតិ) ដោយ​ក្នុង​នោះ​ ៤៨កន្លែង ជា​តំបន់​មាន​កម្មសិទ្ធិ​លើស​ពី ២ប្រទេស​។

នៅ​តំបន់​អាស៊ីអាគ្នេយ៍​របស់​យើង​មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​សរុប ៤៥កន្លែង ដោយ​ក្នុង​នោះ​ឥណ្ឌូនេស៊ី​មាន​ច្រើន​ជាង​គេ ដោយ​មាន ១០កន្លែង ដែល​តំបន់​វប្បធម៌ ៦កន្លែង និង​ធម្មជាតិ ៤កន្លែង។ កម្ពុជា​យើង​វិញ​មាន ៤កន្លែង ដោយ​សុទ្ធ​តែ​តំបន់​វប្បធម៌ ដោយ​ក្នុង​នោះ​រួមមាន តំបន់​អង្គរ ប្រាសាទ​ព្រះវិហារ តំបន់​ប្រាសាទ​សម្បូរ​ព្រៃគុហ៍ ហើយ​ចុង​ក្រោយ​នៅ​ឆ្នាំ​២០២៣​គឺ ប្រាសាទ​កោះកេរ។

យ៉ាងណាមិញ ចំណោម ១១ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ មាន​តែ ៩ប្រទេស​ទេ ដែល​មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក។ ២ប្រទេស​ដែល​មិនមាន​គឺ ប្រទេស​ប្រ៊ុយណេ និង​ទីម័រឡេស្តេ។

ខាង​ក្រោម​នេះ​ជា​បញ្ជី​ប្រទេស​អាស៊ីអាគ្នេយ៍ ដែល​មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​ក្នុង​បញ្ជី​យូណេស្កូ៖

១. ឥណ្ឌូនេស៊ី៖ ១០កន្លែង

២. វៀតណាម៖ ៨កន្លែង

៣. ថៃ៖ ៧កន្លែង

៤. ហ្វីលីពីន៖ ៦កន្លែង

៥. កម្ពុជា៖ ៤កន្លែង

៦. ម៉ាឡេស៊ី៖ ៤កន្លែង

៧. ឡាវ៖ ៣កន្លែង

៨. មីយ៉ាន់ម៉ា៖ ២កន្លែង

៩. សិង្ហបុរី៖ ១កន្លែង៕

ប្រភព៖ អង្គការ​យូណេស្កូ

អត្ថបទ៖ សេរី មង្គល