ទំនប់ដូនទ្រី ដែលប្រើបច្ចេកទេសជីករូងភ្នំ មាន​សក្តានុពលស្តុកទឹកបាន ១៦៣លានម៉ែត្រគីប

  • 2024-06-24 02:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង មានទីតាំងស្ថិតនៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។ បើតាមរបាយការណ៍របស់ក្រុមហ៊ុនសាងសង់បានឱ្យដឹងថា គិតមកដល់ខែមិថុនា ឆ្នាំ២០២៤នេះ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីសម្រេចបានប្រមាណ ៨០ភាគរយ។

ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់គម្រោងរួមមាន៖ ១)ទំនប់មេប្រវែង ៦៥៤ម៉ែត្រ ២)សំណង់បង្ហៀរធ្វើពីបេតុងប្រវែង ៤១៤ម៉ែត្រ និងអាចដោះទឹកបាន ៨៥០ម៉ែត្រត្រីគុណក្នុង១វិនាទី ៣)រូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះប្រវែង ៤៦២ម៉ែត្រ ៤)សំណង់គ្រប់គ្រងទឹកជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ដែលមានទ្វារទឹកចំនួន៥ និងស្ពានសម្រាប់ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ និងទទឹង ៣ម៉ែត្រ ៥)ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣គីឡូម៉ែត្រនិងទទឹង ៧ម៉ែត្រ និង ៦)សំណង់ដោះទឹកចំនួន ៨កន្លែងនិងស្ពានបណ្តោះអាសន្នចំនួន ៣កន្លែង។

ក្នុងពេល​ចុះពិនិត្យវឌ្ឍនភាព​គម្រោង​អភិវឌ្ឍន៍ទំនប់ដូនទ្រី កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ជាប្រព័ន្ធធារាសាស្រ្តមួយដែលសាងសង់ប្រើប្រាស់វិធីសាស្រ្តថ្មីមិនធ្លាប់អនុវត្តពីមុនមកដូចជា ការជីករូងក្នុងភ្នំ ការជីកថ្ម និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរចំពោះវឌ្ឍនភាពគម្រោងដែលសម្រេចបាន ក្នុងការជួយដោះស្រាយបញ្ហាទឹក កាត់បន្ថយហានិភ័យគ្រោះធម្មជាតិ និងធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលវិស័យកសិកម្ម វិស័យទឹកស្អាតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនិងក្នុងឧស្សាហកម្ម និងបម្រើដល់ពហុវិស័យ ដែលជាផ្នែកមួយជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីត្រូវប្រើរយៈពេលសាងសង់ ៩០ខែ ដោយចាប់ផ្ដើមការសាងសង់ក្នុងខែមិថុនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នាខែតុលា ឆ្នាំ២០២៥ ខាងមុខ។ គម្រោងនេះគ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ មានសក្តានុពលស្ដុកទឹកបាន ១៦៣,១លានម៉ែត្រត្រីគុណ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មប្រមាណ ៣៣០០០ហិកតានៅរដូវវស្សា និង ៤៥០០ហិកតានៅរដូវប្រាំង ព្រមទាំងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម៕

អត្ថបទថ្មី