បើកការដ្ឋានតាំងពីឆ្នាំមុន! តើឥឡូវ​ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់ស្ពានគីហ្សូ៊ណា សាងសង់បានប៉ុនណាហើយ?

  • 2024-07-02 07:04:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្ស៊ូណា ដែល​បានបើកការដ្ឋានស្ថាបនា កាលពីខែមករា ឆ្នាំ​២០២៣ មកដល់បច្ចុប្បន្ននេះ សម្រេចការងារសាងសង់​បាន​ប្រមាណ ២០% ហើយ និងដោះស្រាយផលប៉ះពាល់បាន ៨៥%។ នេះបើតាមការថ្លែងរបស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាស​នៃការប្រារព្ធ «ទិវាមច្ឆជាតិ» នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២៤។

សូមជម្រាប​ថា ការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ មានប្រវែងសរុបជាង ៤៥គីឡូម៉ែត្រ ចាប់ផ្តើមពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលផ្លូវនេះនឹងត្រូវស្ថាបនាជាប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ (AC) និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែ ហើយការដ្ឋាននឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៦។

គម្រោងនេះ​ដែរ ចំណាយប្រមាណ ១១៧លានដុល្លារ ជាឥណទានសម្បទានរបស់ប្រទេសចិន រួមជាមួយថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាល។ ការសាងសង់ផ្លូវនេះ ត្រូវបានអនុវត្តដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ាន់ អាន។

ផ្លូវនេះ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មី ចំនួន ១កន្លែង ប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ ស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត ប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ដែលមានស្រាប់ចំនួន ១កន្លែង ទទឹង ១០,៥ម៉ែត្រដាក់លូគ្រប់ប្រភេទចំនួន ៣៣០កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនរថយន្ត ២កន្លែង បំពាក់ស្ថានីយជញ្ជីងថ្លឹងរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់វៃឆ្លាត និងត្រួតពិនិត្យដោយស្វ័យប្រវត្តិ (AI and Weigh-in-Motion) ចំនួន ២កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់៕

អត្ថបទ៖ សំភី