ធនាគារ ABA បន្ថែមដើមទុន 220 លានដុល្លារ ប្ដេជ្ញារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

  • 2024-09-20 04:18:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា បានទទួលការអនុម័តសម្រាប់ការបន្ថែមដើមទុនចំនួន 220 លានដុល្លារ ពីធនាគារជាតិកាណាដា ដែលជាភាគហ៊ុនិករបស់ខ្លួន។

ការបន្ថែមថ្មីនេះ បានធ្វើឲ្យមូលធនសរុបរបស់ភាគហ៊ុនិក សម្រេចឈានដល់ 2.2 ពាន់លានដុល្លារអាមេរិក ដោយពង្រឹងជំហរ របស់ខ្លួនជាតួអង្គនាំមុខគេ នៅក្នុងវិស័យធនាគាររបស់កម្ពុជា។

ការសម្រេចចិត្តរបស់ភាគហ៊ុនិកក្នុងការបង្កើនដើមទុននេះ គឺជាការគាំទ្រប្រកបដោយអានុភាពដល់មាគ៌ារីកចម្រើនរបស់ធនាគារ ABA និងការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

គួរកត់សម្គាល់ផងដែរថា រាល់ប្រាក់ចំណេញទាំងអស់ ភាគហ៊ុនិកមិនដែលដកចេញពី ABA មួយកាក់មួយសេនចេញឡើយ។ ផ្ទុយទៅវិញ ពួកគាត់បន្តដាក់ប្រាក់ចំណេញរបស់ពួកគាត់ទាំងអស់ទៅក្នុង ABA វិញ ដោយផ្តោតលើវឌ្ឍនភាពបន្តនៃបច្ចេកវិទ្យាទំនើបៗ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់លើធនធានមនុស្សរបស់ធនាគារ។

ជំរុញដល់ស្ថិរភាពហិរញ្ញវត្ថុ និងបច្ចេកវិទ្យា

ការបន្ថែមដើមទុនថ្មីនេះ មិនត្រឹមតែជួយពង្រឹងស្ថិរភាពហិរញ្ញវត្ថុរបស់ ABA ឲ្យកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែក៏បានគាំទ្រដល់ចក្ខុវិស័យរបស់ធនាគារ សម្រាប់កំណើនប្រកបដោយចីរភាព និងនវានុវត្តផងដែរ។ ជាមួយនឹងមូលដ្ឋានដើមទុនកើនឡើងដ៏ធំនេះ ធនាគារស្ថិតក្នុងជំហរដ៏រឹមាំ អាចគ្រប់គ្រងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច ដោយធានាបាននូវស្ថិរភាព និងភាពធន់របស់ខ្លួន ក្នុងទិដ្ឋភាពហិរញ្ញវត្ថុរបស់កម្ពុជា។

ដើមទុនថ្មីនេះនឹងពន្លឿនបន្ថែមដល់ការវិនិយោគរបស់ ABA នៅក្នុងបច្ចេកវិទ្យាទំនើប ពង្រឹងសេវាធនាគារឌីជីថលរបស់ខ្លួន និងគាំទ្រដល់ភាពរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម។ ដោយផ្តោតលើផ្នែកអាទិភាពទាំងនេះ ABA មានគោលបំណងផ្ដល់អានុភាពដល់បណ្ដាអាជីវកម្មក្នុងស្រុក និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅគ្រប់វិស័យ ខណៈដែលខ្លួនបន្តបម្រើអតិថិជនជាមួយសេវាធនាគារកាន់តែងាយស្រួលប្រើប្រាស់ មានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ជាលំដាប់។

លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA បានមានប្រសាសន៍ថា “ការបង្កើនដើមទុននេះ គឺជាឧទាហរណ៍ជាក់ស្ដែងមួយនៃការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងសេដ្ឋកិច្ចជាតិ ដោយសារទំនុកចិត្តជាបន្តបន្ទាប់របស់ភាគហ៊ុនិកយើង មកលើប្រទេសកម្ពុជា និងលើ ABA ផ្ទាល់។ ការបន្ថែមដើមទុននេះអាចឲ្យយើងបន្តផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម រក្សាការវិនិយោគជាបន្ដបន្ទាប់លើបច្ចេកវិទ្យាទំនើបៗ និងផ្តល់សេវាកម្មហិរញ្ញវត្ថុល្អឯក ខណៈដែលខ្លួនកំពុងរួមចំណែកដល់វឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា”។

ការរួមវិភាគទានជាបន្ដបន្ទាប់ទៅក្នុងសេដ្ឋកិច្ចជាតិ

ធនាគារ ABA ក៏ប្រតិបត្តិខ្លួនជាពលរដ្ឋសាជីវកម្មគំរូមួយនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ "មាស" ពីអគ្គនាយកដ្ឋានពន្ធដារ (GDT) រយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ 2019 មក។

ការទទួលស្គាល់នេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ ABA ចំពោះតម្លាភាព និងអភិបាលកិច្ចពន្ធសាជីវកម្មល្អ។ ធនាគារបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅតាមបទប្បញ្ញត្តិពន្ធដាររបស់កម្ពុជា ដោយបង់ពន្ធយ៉ាងពេញលេញ និងមានតម្លាភាព100%។ ធនាគារក៏មានកិត្តិយសទទួលបានលិខិតថ្លែងអំណរគុណពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែឧសភា ឆ្នាំ2022 សម្រាប់ជាការទទួលស្គាល់លើកិច្ចខិតខំប្រឹងប្រែងទាំងនេះ។

គិតតែលើឆ្នាំ 2023 ABA បានបង់ពន្ធលើប្រាក់ចំណូល និងចំណាយលើពន្ធផ្សេងៗទៀត ប្រមាណ 85 លានដុល្លារ។ ហើយគិតត្រឹម 8ខែដំបូងនៃឆ្នាំ 2024 ធនាគារបានបង់ពន្ធជូនរដ្ឋរួចរាល់ប្រមាណ 80 លានដុល្លារ។

សរុបពីឆ្នាំ 2009 ដល់ឆ្នាំ 2024 មក ABA បានរួមចំណែកបង់ពន្ធជូនរដ្ឋប្រមាណ 446 លានដុល្លារ ដោយថវិកាទាំងនេះបានរួមចំណែកគាំទ្រដល់គំនិតផ្ដួចផ្ដើមនានារបស់រដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ពន្ធ សម្រាប់ផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងមូល។

ការវិនិយោគជាយុទ្ធសាស្ដ្រលើការអភិវឌ្ឍធនធានមនុស្ស

កំណើនគួរឲ្យកត់សម្គាល់របស់ធនាគារ ABA ដែលសម្រេចបាន មិនមែនអាស្រ័យលើត្រឹម ហិរញ្ញវត្ថុរឹងមាំ និងនវានុវត្តន៍ផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការអភិវឌ្ឍធនធានមនុស្សផងដែរ។ ជាមួយការបង្កើតឱកាសការងារជាង 9,300 ធនាគារផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្ដុះបណ្ដាល បំពាក់បំប៉នបុគ្គលិក និងលើកកម្ពស់វប្បធម៌នៃការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

ការវិនិយោគជាបន្តបន្ទាប់របស់ ABA ក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ ធានាថា បុគ្គលិករបស់ខ្លួនត្រូវ បានបំពាក់បំប៉នជាមួយនឹងជំនាញយ៉ាងច្បាស់លាស់ ដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលបន្ដកើនឡើង និងបញ្ហាប្រឈមនៃទិដ្ឋភាព ហិរញ្ញវត្ថុដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

តាមរយៈកម្មវិធីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ សិក្ខាសាលាពង្រឹងជំនាញ និងឱកាសនានាសម្រាប់វឌ្ឍនភាពការងារ ធនាគារគាំទ្រការអភិវឌ្ឍន៍ខ្លួន និងវិជ្ជាជីវៈរបស់បុគ្គលិក ដោយពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការជំរុញការច្នៃប្រឌិត និងផ្តល់សេវាកម្មកម្រិតខ្ពស់បំផុតជូនអតិថិជន។

កម្លាំងដ៏រឹងមាំ គួបផ្សំនឹងបច្ចេកវិទ្យាដ៏ទំនើប បានធ្វើឲ្យ ABA រក្សាតំណែងជាធនាគារនាំមុខនៅលើទីផ្សារ និងបន្តកំណត់ស្តង់ដារថ្មីៗនៅក្នុងឧស្សាហកម្មធនាគាររបស់កម្ពុជា។

អំណរគុណចំពោះទំនុកចិត្ត និងការគាំទ្ររបស់អតិថិជន

ការរីកចម្រើនគួរឲ្យកត់សម្គាល់របស់ធនាគារនៅក្នុងកំណើនមូលដ្ឋានអតិថិជន ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះឧត្តភាព។ បច្ចុប្បន្ននេះ ធនាគារ ABA បម្រើអតិថិជនជាង 4 លាន ដោយក្នុងនោះ 3.8 លានជាអ្នកប្រើប្រាស់កម្មវិធី ABA Mobile

កំណើនយ៉ាងឆាប់រហ័សនេះ សបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីជំនឿចិត្ត និងទំនុកចិត្ត ដែលអតិថិជនខ្មែរយើងមានមកលើធនាគារ។ យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អតិថិជនគ្រប់រូបសម្រាប់ការបន្តស្រឡាញ់គាំទ្រឥតងាករេ និងការប្តេជ្ញាចិត្តរបស់ពួកគាត់ដែលបានក្លាយជាចលករដ៏សំខាន់មួយក្នុងការពង្រឹងជំហររបស់ ABA ក្នុងនាមជាធនាគារឌីជីថលឈានមុខគេនៅក្នុងប្រទេស។

ការពង្រីកវត្តមានទីផ្សារ និងឧត្តមភាពប្រកួតប្រជែង

ជាមួយនឹងដើមទុនបន្ថែមនេះ ធនាគារ ABA ត្រៀមរួចរាល់ក្នុងការពង្រឹង និងពង្រីកឧត្តមភាពរបស់ខ្លួនបន្ថែមទៀតនៅក្នុងវិស័យធនាគារនៅកម្ពុជាដែលពោរពេញដោយការប្រកួតប្រជែង។ ធនាគារបន្តបង្ហាញភាពល្អឯកលេចធ្លោរបស់ខ្លួន ជាមួយនឹងផលិតផលហិរញ្ញវត្ថុនវានុវត្ត និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះនវានុវត្តន៍ឌីជីថល។

ខណៈដែលខ្លួនបន្តពង្រីកវត្តមាន និងសមត្ថភាពជាលំដាប់ ធនាគារ ABA នៅតែយកចិត្តទុកជានិច្ចដាក់ចំពោះបេសកកម្មរបស់ខ្លួនក្នុងការលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុរបស់អតិថិជន និងរួមចំណែកដល់វឌ្ឍនភាពរបស់ប្រទេសជាតិទាំងមូល។

កំណើនរបស់ធនាគារ ABA ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា ដោយគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្នរបស់ប្រទេស។ ធនាគារត្រៀមខ្លួនជានិច្ចក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋកម្ពុជាឲ្យបានកាន់តែច្រើន ដោយពង្រឹងតួនាទីរបស់ខ្លួនជាគ្រឹះស្ថានផ្ដល់សេវាធនាគារជាទីទុកចិត្ត និងសុវត្ថិភាពបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជារួមមក ខណៈដែលខ្លួនបន្តអភិវឌ្ឍ និងរីកចម្រើនទៅមុខ ធនាគារ ABA ប្ដេជ្ញាគាំទ្រជានិច្ចដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយធានាថា ABA នៅតែនាំមុខគេក្នុងវិស័យសេវាហិរញ្ញវត្ថុរបស់ប្រទេសយើង ដោយផ្តល់នូវគុណតម្លៃ និងគុណប្រយោជន៍ដល់ភាគហ៊ុនិក អតិថិជន និងសហគមន៍ទាំងមូល៕