គ្រិច​​ ឧទ្ទិស​ជ័យជម្នះ​លើ​អង់គ្លេស​ទៅ​ឲ្យ​​ Baldock ដែល​បាន​ទទួល​មរណភាព​ថ្មី​នេះ​

  • 2024-10-11 00:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ គ្រិច​ ទាំង​អស់​បាន​ធ្វើ​ការ​​ឧទ្ទិស​ជ័យជម្នះ​ដែល​ពួក​គេ​ទទួល​​បានលើ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ២-១ ក្នុង​ការ​ប្រកួត UEFA Nations League ​​​ទៅ​ឲ្យ​​អតីត​ខ្សែ​ការពារ​របស់​ខ្លួន​ Baldock ដែល​ទើប​តែ​ទទួល​មរណភាព​​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ​

អ្នក​ដែល​រក​បាន​គ្រាប់​បាល់​ Vangelis Pavlidis ​បាន​និយាយ​ថា «​ជ័យជម្នះ​ទាំង​អស់នេះ​គឺ​សម្រាប់​​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ George Baldock ដែល​បាន​ទទួល​មរណភាព​​ម្សិលមិញ​នេះ»។ Vangelis Pavlidis ជា​អ្នក​ដែល​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​របស់​​ គ្រិច នៅ​ចុង​ម៉ោង​​ដែល​បញ្ចប់​ទៅ​២-១​​ ទៅ​លើ​ក្រុម​អង់គ្លេស​។

ក្នុង​ការ​ប្រកួត​មុន​ពេល​ចាប់​ផ្ដើម​​គ្រប់​គ្នា​ទាំ​ង​អស់​បាន​ធ្វើ​ការ​ស្មិងស្មាធិ៍​ចំនួន​១​នាទី​ផងដែរ​ដើម្បី​ជា​ការ​គោរព​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​។ Pavlidis ​ក៏​បាន​ចាប់​យក​លេខ​អាវ​​​​ដែល Baldok ធ្លាប់​ពាក់​​កាល​នៅ​រស់​គឺ​លេខ​២​​​មក​អបអរ​ភ្លាម​ៗ​​ក្រោយ​ពេល​ដែល​គេរក​បាន​​​គ្រាប់​បាល់​​។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​និយាយ​ទៀត​ថា «វា​ជា​ការ​ប្រកួត​មួយ​ដ៏​សំខាន់​​ខ្លាំង​មែន​ទែន​ សម្រាប់​ក្រុម​ជម្រើស​ជាតិ​ គ្រិច​ ទាំង​​មូល ព្រោះ​​តែ​ទាំង​នេះ​គឺ​យើង​ធ្វើ​វា​ដើម្បី​ George ហើយ​វា​ពិត​ណាស់​យើង​ផ្ដល់​ជ័យ​ជម្នះ​ទាំង​នេះ​ទៅ​កាន់​គេ​ និង​គ្រួសារ​របស់​គេ​។ យើង​បាន​និយាយ​គ្នា​​ថា​យើង​លេង​ការ​ប្រកួត​នេះ​ដើម្បី​​គេ​ (George Baldock )។ បាទ​ពិត​ណាស់​គ្មាន​អ្វី​សំខាន់​ជាង​នេះ​ទៀ​ត​ទេ ​ហើយ​គ្រាប់​បាល់​ដែល​ខ្ញុំ​រក​បាន​ក៏​សម្រាប់​តែ​គេ​ដែរ​ គ្រប់​គ្នា​ចង់​លេង​ការ​ប្រកួត​នេះ​ដើម្បី​គេ​»។

សូម​បញ្ជាក់​ថា ខ្សែការពារ​ជម្រើស​ជាតិ​​ គ្រិច George Baldock បាន​ទទួល​មរណភាព​នៅអាយុ​៣១​ឆ្នាំ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ នៅ​អាង​ហែល​ទឹក​របស់​គេ​នៅ​​ Glyfada ភាគ​ខាង​ត្បូង​នៃ​​ទីក្រុង​ អាតែន ប្រទេស​គ្រិច​៕ ​​​​​​​​​

Baldock

ប្រភព៖ BBC   Daro Ly

អត្ថបទថ្មី