រឿង"ដុំហ្វីលចុងក្រោយ" ត្រៀមចាក់បញ្ចាំងបើកមហោស្រពភាពយន្តអន្តជាតិកម្ពុជាលើកទី៥
- 2014-12-04 15:35:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង"ដុំហ្វីលចុងក្រោយ" ត្រៀមចាក់បញ្ចាំងបើកមហោស្រពភាពយន្តអន្តជាតិកម្ពុជាលើកទី៥
ចន្លោះមិនឃើញ
ក្រោយទទួលបានពានរង្វាន់ "ដួងព្រលឹងនៅអាស៊ី" ហើយនោះ ខ្សែភាពយន្តរឿង"ដុំហ្វីលចុងក្រោយ ឬ The Last Reel” ក៏ត្រៀមចាក់បញ្ចាំងក្នុងឱកាសបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាផងដែរ នៅថ្ងៃទី៥ ធ្នូ ២០១៤ នេះ។
អ្នកស្រី សុទ្ធោ គុល្លិការ ជាផលិតករភាពយន្តខាងលើ បានបញ្ជាក់ថា អ្នកស្រីសប្បាយរីករាយ និងមោទនភាព នៅពេលដែលស្នាដៃរបស់ខ្លួន ត្រៀមយកចាក់បញ្ចាំងបើកមហោស្រពភាពយន្តដ៏ធំ ហើយមានភាពយន្តមកពីបណ្ដាប្រទេស ជាច្រើនចូលរួមដូច្នេះ។
អ្នកស្រីនិយាយថា៖" នេះជាអ្វីដែលនាងខ្ញុំចង់បានយូរហើយ ព្រោះលុយផលិតជារបស់ខ្មែរ សមត្ថភាពរបស់ខ្មែរ និងសម្រាប់បងប្អូនខ្មែរយើងទាំងអស់គ្នាបានទស្សនា"។
ក្នុងនាមជាផលិតករភាពយន្តនេះ អ្នកស្រី សុទ្ធោ គុល្លិការ មានសុទិដ្ឋិនិយមថា ភាពយន្តដែលឆ្លុះបញ្ចាំងពីរបបវាលពិឃាដ " The Last Reel” នឹងមានការគាំទ្រពីសំណាក់មហាជនទូទៅមិនខានឡើយ នៅក្នុងឱកាសនៃការបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី៥ រៀបចំឡើងក្នុងរោងភាពយន្ត Major Cineplex by Cellcard នាផ្សារទំនើប EAON។ ព្រោះភាពយន្តនេះជាអតីត ក្នុងបច្ចុប្បន្នកាល របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងមិនងាយរលុបបាត់ពីអារម្មណ៍ពូកគាត់ឡើយ។
យ៉ាងហោចណាស់ មានភាពយន្តប្រមាណ៨០ចំណងជើង មកពី២៦ប្រទេស នៅជុំវិញពិភពលោក ត្រៀមចាក់បញ្ចាំងឲ្យមហាជនបានទស្សនាដោយសេរី រយៈពេល៦ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី៥ ខែធ្នូ ២០១៤។ ជាមួយគ្នានោះ មានការកត់សម្គាល់ឃើញថា ភាពយន្តដែលបានយកមកចូលរួមក្នុងមហោស្រពនាឆ្នាំនេះ មានការកើនឡើងគួរកត់សម្គាល់ ខណៈឆ្នាំចាស់មានភាពយន្តចូលរួមត្រឹមតែ៥៣ចំណងជើងប៉ុណ្ណោះ៕
អានអត្ថបទ៖ ភាពយន្តខ្មែរមួ ឈ្នះពាននៅជប៉ុន
អានអត្ថបទ៖ ត្រៀមខ្លួនចូលរួមមហោស្រពភាពយន្តអន្តរជាតិកម្ពុជាហើយឬនៅ?
អត្ថបទ៖ សំ ជំនាញ