កែវ សុខង៉ន, ទុំ សារ៉ាយ និង សុខ រិទ្ធី អាច​ដើរ​ចូល​លើ​ទីលាន​វិញ​បាន​នៅ​ពេល​ណា?

  • 2014-10-03 18:05:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ដែល​បាន​​ចេញ​សេចក្ដី​សម្រេច​​​មិនឲ្យ​​កីឡាករ ៣ នាក់​រួម​មាន កែវ សុខង៉ន, ទុំ សារ៉ាយ និង សុខ រិទ្ធី ចូលរួម​ពាក់ព័ន្ធ​នឹង​សកម្មភាព​​កីឡា​បាល់ទាត់​ជាតិ រយៈ​ពេល ៦ ខែ និង សកម្មភាព​កីឡា​បាល់ទាត់​ជា​អន្តរជាតិ​ចំនួន ១២ ខែ គិត​ចាប់​ពី​ថ្ងៃ​ទី ១៣ ឧសភា ឆ្នាំ ២០១៤ កន្លង​ទៅ​នោះ​ ឥឡូវ​ជិត​ផុត​កំណត់​ទៅ​ហើយ។

 

កីឡាករ សុខ រិទ្ធី, ទុំ សារ៉ាយ និង កែវ សុង៉ន

 

គិត​ត្រឹម​ពេល​នេះ ​គ្រប់​ស្រទាប់​មហាជន​នៅ​​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា តើ​កីឡាករ​ទាំង​​៣ នាក់​ប្រព្រឹត្តិ​កំហុស​អ្វីទើប​រង​ពិន័យ​បែប​នេះ។ ប៉ុន្តែ​បើ​យោង​តាម​លិខិត​​លេខ ២១៨/១៤ សសរ/ស.ប.ក ជា​សេចក្ដី​សម្រេច​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​​ផ្អែក​​ទៅ​លើ កំណត់​ហេតុ​ប្រជុំ​ និង លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​គណៈកម្មាធិការ​ស៊ើបអង្កេត​ និង​ ដោះស្រាយ​បញ្ហា​មិន​ប្រក្រតី​ក្នុង​ក្រុម​ជម្រើស​ជាតិ តែ​ប៉ុណ្ណោះ។

 

គិត​ពី​ថ្ងៃ​ទី ១៣ ខែ ឧសភា មក​កីឡាករ​ទាំង ៣ នាក់​ខាង​លើ​​នឹង​អាច​ចូល​ទីលាន​ ឬ អាច​ធ្វើ​សកម្មភាព​នានា​ជុំ​វិញ​បាល់ទាត់​​ជាតិ​វិញ​បាន​នៅ​ថ្ងៃ​ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ខាង​មុខ ហើយ​នៅ​​ថ្ងៃ​ទី ១៣ ខែ ឧសភា ឆ្នាំ ២០១៥ ទើប​អាច​ចូលរួម​ពាក់ព័ន្ធ​នឹង​សកម្មភាព​បាល់ទាត់​ជា​អន្តរជាតិ​បាន។

 

បើ​តាម​មន្រ្តី​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា លីក​រដូវកាល​ថ្មី​ទំនង​ជា​នឹង​ចាប់​ផ្ដើម​នៅ​ខែ មីនា ខាង​មុខ។ ចំណែក​​​ពាន​រង្វាន់ Hun Sen Cup 2015 ចាប់​ផ្ដើម​នៅ​ខែ មករា វិញ។ ដូច្នេះ​​កីឡាករ​ទាំង ៣ នាក់​​អាច​បង្ហាញ​ខ្លួន​វិញ​នៅ​រដូវកាល​​ក្រោយ​បាន​ទាន់​ពេល៕

 

អត្ថបទ​ពាក់ព័ន្ធ៖ សៅ សុខា តែងតាំង ជួន ណារិន្ទ ដឹកនាំ​​ជម្រើស​ជាតិ​ទៅ​ Suzuki Cup 2014 ខ្លាច​មាន​បញ្ហា​មិន​ប្រក្រតី​កើត​ឡើង​ទៀត

 

 

 

 

អត្ថបទ៖ ម៉ឺន រស្មី