របៀប​គេង​នៅ​តុ​ការិយាល័យ​ពេល​ម៉ោង​សម្រាក​

  • 2015-02-15 23:01:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ការ​គេង​រយៈ​ពេល​ខ្លី​នា​ពេល​ថ្ងៃ​​ ដែល​មាន​រយៈ​ពេល​១០ ទៅ​៣០នាទី ពិត​ជា​មានប្រយោជន៍​ចំពោះ​សុខភាព​ខ្លាំង​ណាស់ ពោល​គឺ​អាច​ជម្រុញ​ការ​គិត​​ឲ្យ​បាន​រហ័ស បង្កើន​ការ​ចងចាំ និង​ជួយ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​ជា​ដើម។

 

សម្រាប់​បុគ្គលិក​ដែល​ធ្វើ​ការ​ក្នុង​ការិយាល័យ ម៉ោង​ដែល​អាច​គេង​បាន ភាគ​ច្រើន​​ជា​ម៉ោង​សម្រាក​ពេល​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់។ សម្រាប់​បុគ្គលិក​ដែល​មិន​ទៅ​ញ៉ាំ​អាហារ​នៅ​ផ្ទះ ពួក​គេ​ភាគ​ច្រើន​​បាន​វិល​មក​កាន់​ការិយាល័យ​វិញ​ដើម្បី​សម្រាក ក្រោយ​​​ទទួល​ទាន​អាហារ​នៅ​ខាង​ក្រៅ​រួច​។ តើ​អ្នក​គួរ​គេង​​ដោយ​របៀប​ណា បើ​នៅ​កន្លែង​ធ្វើការ មិនមាន​គ្រែ​ដូច​នៅ​ផ្ទះ​ផង​នោះ?

 

 

មាន​កាយវិការ​នៃ​ការ​គេង​៣ប្រភេទ ដែល​គេ​ចំណាំ​ឃើញ​ជាង​គេ។ ទី​១​ គឺ​ការ​គេង​ដោយ​ទ្រោប​ក្បាល​ទៅ​លើ​ដៃ​នៅលើ​តុ។ ការ​គេង​បែប​នេះ មាន​លក្ខណៈ​ងាយ​ស្រួល​ក៏​ពិត​មែន ប៉ុន្តែ​វា​ជា​ការ​គេង​ដែល​មិន​ត្រឹមត្រូវ។ ការ​គេង​បែប​នេះ ​អាច​ប៉ះពាល់​​ដល់​ឆ្អឹង​ខ្នង​របស់​អ្នក ហើយ​អាច​បណ្ដាល​ឲ្យ​ឈឺ​ ប្រសិន​បើ​ទម្លាប់​គេង​បែប​នេះ​ញឹកញាប់។

 

ទី​២ គឺ​ការ​គេង​ដោយ​អង្គុយ​លើ​កៅអី​ រួច​ដាក់​ជើង​លើ​តុ។ ការ​គេង​បែប​នេះ​ មិន​ជា​ប៉ះពាល់​អ្វី​ខ្លាំង​នោះ​ទេ ប៉ុន្តែ​ការ​គេង​ដែល​ល្អ​បំផុត​គឺ​ត្រូវ​ដាក់​ជើង​ឲ្យ​ទាប​ជាង​ក្បាល ឬ​ផុត​ពី​កម្រាល​ត្រឹម​កម្ពស់​ទាប​ល្មម។

 

ទី៣ គឺ​ជា​កាយវិការ​នៃ​ការ​គេង​ដែល​អ្នក​គួរ​ធ្វើ​តាម ពោល​គឺ​ទម្រេត​ខ្លួនលើកៅអី​ ដោយ​ដាក់​ជើង​លើ​កំណល់​ ឬ​វត្ថុ​អ្វី​ផ្សេង​ទៀត​ដែល​មិន​សូវ​ខ្ពស់។ អ្នក​ត្រូវ​បិទ​ភ្នែក ដក​ដង្ហើម​ឲ្យ​វែងៗ មួយៗ និង​​​បន្ធូរ​អារម្មណ៍​ដែល​តានតឹង។ ប្រសិន​បើ​ការិយាល័យ​របស់​អ្នក​មាន​សំឡេង​រំខាន ចូរ​ប្រើ​កាស​ត្រចៀក។ ដាក់​ដៃ​ទាំង​២​របស់​អ្នក​គង​លើ​គ្នា​នៅ​លើ​ដង​ខ្លួន នឹង​ជួយ​ឲ្យ​មាន​ផាសុកភាព​ជាង​ទម្លាក់​ ឬ​ដាក់​វា​លើ​កៅអី។

 

សម្រាប់​ប្រិយមិត្ត​វិញ តើ​ចូលចិត្ត​គេង​ដោយ​របៀប​ណា​ដែរ?

 

ចុច​អាន៖ គូ​ស្នេហ៍១០៤​ឆ្នាំ បង្ហើប​អាថ៌កំបាំង​ស្នេហា​អមត​ថ្ងៃ Valentine

 

ប្រែ​សម្រួល៖ សុខ សុវត្ថិ

ប្រភព៖ huffpost