Samsung Tech Institute បណ្តុះធនធាន​ជំនាញ​​​ដល់​យុវជន​ខ្មែរ​ប្រជែង​ទីផ្សារ​ការងារ​អាស៊ាន

  • 2015-02-17 17:42:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​គ្រប់គ្រង​ផ្នែក​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន Samsung ប្រចាំ​ប្រទេស​ថៃ​និង​តំបន់​ឥណ្ឌូចិន​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍ សម្រាប់​ការ​បង្កើត​ថ្នាក់​បណ្ដុះ​បណ្ដាល​ជំនាញ​បច្ចេកវិទ្យា Samsung Tech Institute នៅ​ប្រទេស​កម្ពុជា ដែល​នឹង​បង្កើត​ធនធាន​មនុស្ស​ដ៏​មាន​សក្ដានុពល​សម្រាប់​យក​ទៅ​អភីវឌ្ឍ​ប្រទេស​កម្ពុជា​។

 

 

លោក​ស្រី Sasitorn Khoopatanakul នាយក​គ្រប់គ្រង​ផ្នែក​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន Samsung ប្រចាំ​ប្រទេស​ថៃ​និង​តំបន់​ឥណ្ឌូចិន​ឲ្យ​ដឹង​ក្នុង​ពិព័រណ៍ Samsung Forum 2015 នៅ​ប្រទេស​ថៃ​ថា លោក​ស្រី​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង សម្រាប់​ការ​បង្កើត​ថ្នាក់​បណ្ដុះបណ្ដាល​​ជំនាញ​បច្ចេកទេស Samsung Tech Institute នៅ​ក្នុង​ប្រទេស​កម្ពុជា។

 

លោក​ស្រី​ថា ការ​បើក​ថ្នាក់​បណ្ដុះបណ្ដាល​របស់ Samsung ពិតជា​នឹង​រួម​ចំណែក​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ធនធាន​មនុស្ស​ផ្នែក​បច្ចេកទេស​របស់​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ខណៈ​ដែល​ប្រទេស​កម្ពុជា​នៅ​ខ្វះខាត​ធនធាន​មនុស្ស​ផ្នែក​បច្ចេកទេស​ដ៏​ច្រើន ដើម្បី​អាច​ឆ្លើយតប​តាម​តម្រូវការ​និង​ភាព​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច​ ។

 

ថ្នាក់​បណ្តុះបណ្តាល​បច្ចេកទេស​របស់​ Samsung បាន​បង្កើត​ឡើង​ក្នុង​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អាស៊ាន​ដូចជា​ថៃ ភូមា និង​កម្ពុជា​ជា​ដើម។ ដោយ​ឡែក Samsung បាន​បើក​ថ្នាក់​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស Tech Institute នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្តោត​សំខាន់​លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​ជួសជុល​ទូរសព្ទ។

 

លោក​ស្រី​ Sasitorn Khoopatanakul បាន​បន្ត​ថា ថ្នាក់​បណ្ដុះបណ្ដាល​ថ្នាក់​បច្ចេកទេស​របស់ Samsung នេះ ជា​ការ​វិនិយោគ​ដ៏​យូរ​អង្វែង​ ដែល​យុវជន​ខ្មែរ​​នឹង​​ទទួល​បាន​ការ​បណ្តុះបណ្តាល​បច្ចេកទេស​​ច្បាស់​លាស់​ ដើម្បី​​អាច​យក​ចំណេះ​និង​ជំនាញ​ដែល​បាន​សិក្សា​​យក​ទៅ​ប្រកប​អាជីវកម្ម​និង​​​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ការងារ​​អាស៊ាន​នា​ពេល​ខាង​មុខ​។

 

លោក​ស្រី​បញ្ជាក់​ថា Samsung ក៏​គ្រោង​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ផ្សេង​ទៀត​ដូចជា​ទូរទស្សន៍ ទូទឹកកក និង​ម៉ាស៊ីន​ត្រជាក់​ជា​ដើម ដើម្បី​ជួយ​លើក​ស្ទួយ​គុណភាព​ធនធាន​មនុស្ស​លើ​ផ្នែក​បច្ចេកទេស​របស់​ប្រទេស​កម្ពុជា​ឈាន​ទៅ​ការអភិវឌ្ឍ​​កាន់​តែ​ប្រសើរ។

 

បន្ត​អាន៖ Samsung បញ្ចេញ​ផលិតផល​​ចាស់​ដៃ​នៅ​ពិព័រណ៍ Forum 2015

បន្ត​អាន៖ និស្សិត​ខ្មែរ​ពូកែ​ IT ១១ នាក់ជាប់​ទៅ​កូរ៉េ​ទទួល​ប្រាក់​ឧបត្ថម្ភ​ ២៥០០ ដុល្លារ​ក្នុង​១ខែ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា