ភាពយន្ត​ខ្មែរ ៧ ​រឿង​​បញ្ចាំង​ដើម​ឆ្នាំ ​២០១៥ មិន​ទាន់​មាន​រឿង​ណា​រក​ចំណូល​បាន​ខ្ពស់​នៅ​ឡើយ

  • 2015-03-12 19:01:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ភាពយន្ត​ខ្មែរ ៧​ រឿង​ដាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​នានា​នៅ​ដើម​ឆ្នាំ​ ២០១៥ មិន​ទាន់​មាន​រឿង​ណា​អាច​រក​ចំណូល​ខ្ពស់​គួរ​ឱ្យ​គត់​សម្គាល់​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ លោក ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

 

រឿង​ខ្មែរ​ចំនួន ៧ ​រឿង​ បាន​​បញ្ចាំង​រួច​រាល់ និង ​កំពុង​ដាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​នានា​មាន​ដូច​ជា "បង្គោល​គ្រាក់​សង្កត់​វិញ្ញាណ" “ហនុមាន" “កូន​ខ្ញុំ​ចម្លែក" “ព្រលឹង Facebook” “កូន​មាស​ម្ដាយ" “៧​ថ្ងៃ" និង ​រឿង "បេសកកម្ម​មរណៈ"។

 

លោក ស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និង​ផ្សព្វផ្សាយវប្បធម៌

 

លោក ស៊ិន ចន្ទ​សាយ៉ា បញ្ជាក់​ថា៖ "តាម​ទិន្នន័យ​ខ្ញុំ​ទទួល​បាន​ ដូច​ជា​ពុំ​ទាន់​មាន​រឿង​ណា​​រក​ចំណូល​បាន​ខ្ពស់​នៅ​ឡើយ​ទេ​ នា​ដើម​ឆ្នាំ​២០១៥​។ យើង​ចាំ​មើល​តទៅ​ទៀត​មើល​ក្រែង​អាច​​មាន​រឿង​ក្រោយៗ​បំបែក​កំណត់ត្រា​ភាពយន្ត​ឆ្នាំ​មុន​បាន"។

 

ប្រធាន​នាយកដ្ឋាន​រូប​នេះ​បន្ត​ថា ការ​ណ៍ដែល​ខ្សែ​ភាពយន្ត​ខ្មែរ​ចាក់​បញ្ចាំង​ដើម​ឆ្នាំ​ ២០១៥ មិន​សូវ​ទទួល​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន ក៏​ព្រោះ​តែ​ការ​ផលិត​ខ្សែ​ភាពយន្ត​ខ្មែរ​ភាគ​ច្រើន​ស្រដៀងៗ​គ្នា មិន​សូវ​ជា​ធ្វើ​ឱ្យ​អ្នក​មើល​ចាប់​អារម្មណ៍។  ទោះ​ជា​យ៉ាង​ណា​លោក​បាន​អះអាង​ថា​ មាន​ខ្សែ​ភាពយន្ត​ផ្សេង​ទៀត​ ក៏​មាន​ការ​ផលិត​គួរ​ឱ្យ​ចាប់​អារម្មណ៍​ផង​ដែរ។

 

ទាក់ទង​នឹង​សន្ទុះ​នៃ​ការ​ចូល​ទស្សនា​ខ្សែ​ភាពយន្ត​ខ្មែរ​ពី​សំណាក់​មហាជន​វិញ​ប្រធាន​នាយកដ្ឋាន​ខាង​លើ​ប្រាប់​ថា​ នៅ​តែ​មាន​ចំនួន​ច្រើន​ដូច​ឆ្នាំ​មុន​ដដែល។ ក៏ប៉ុន្តែ​អ្នក​មើល​ពិចារណា​មុន​នឹង​មើល ដោយ​ចង់​ទស្សនា​ខ្សែ​ភាពយន្ត​ណា​មាន​គុណភាព និង​មាន​សាច់​រឿង​បែប​អប់រំ។

 

ក្នុង​នាម​ប្រធាន​នាយកដ្ឋាន​ភាពយន្ត​លោក ស៊ិន ចន្ទសាយ៉ា នៅ​តែ​ជឿជាក់​ថា ​នឹង​មាន​ខ្សែ​ភាពយន្ត​ខ្មែរ​អាច​រក​ចំណូល​បាន​ខ្ពស់​ក្នុង​ឆ្នាំ​២០ឥ១៥ តាម​រយៈ​ការ​សម្រុក​ផលិត​ពី​សំណាក់​ផលិតករ​ខ្មែរ​ក្នុង​ឆ្នាំ​នេះ។

 

ក្នុង​ឆ្នាំ​ ២០១៤​ កន្លង​ទៅ​ចំនួន​ខ្សែ​ភាពយន្ត​ខ្មែរ​ដាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​មាន​ជាង ២០ ក្នុង​នោះ ​មាន​ខ្សែ​ភាពយន្ត ៥ ​រក​ចំណូល​បាន​ខ្ពស់​ជាង​គេ​រហូត​ដល់​ជាង ៣០ ​ម៉ឺន ​ដុល្លារ​ មាន​ដូច​ជា រឿង​ "2brother”  "ស្បែក​គង់"  "ក្រឡ​អីហ្នឹង" “ខ្មោច​អា​សង្ហា" និង "អា​ព្រឿង​ងាប់​ហើយ"៕

 

អានអត្ថបទបន្ត៖ វីរីយ៉ា ចេះ​ចំហ​ដើម​ទ្រូង ព្រោះ​អ្នក​ដឹក​នាំ​រឿង

អានអត្ថបទបន្ត៖ព្យុះ​​​រិះ​គន់​រឿង​ ក្បាច់​​រាំ​និង​សាច់​ភ្លេង​​បទ​​ យូរី ​រង​ការ​វាយ​ប្រហារ​ពី​​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម​​​

 

អត្ថបទ៖ អ៊ីង សុឡា

អត្ថបទថ្មី