"ISO" ផ្ដល់ប្រយោជន៍អ្វីខ្លះ បានជាស្រាបៀរកម្ពុជាបាន ២ហើយ ដាក់ផែនការយក ១ទៀត?
- 2015-05-19 22:52:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"ISO" ផ្ដល់ប្រយោជន៍អ្វីខ្លះ បានជាស្រាបៀរកម្ពុជាបាន ២ហើយ ដាក់ផែនការយក ១ទៀត?
ចន្លោះមិនឃើញ
ស្រាបៀរកម្ពុជាទើបទទួលបានវិញ្ញាបនបត្រកម្រិតស្តង់ដារពីរ ក្នុងចំណោមស្តង់ដារជិត ២ម៉ឺន របស់ អង្គការស្តង់ដារអន្តរជាតិ (ISO) កាលពីថ្ងៃចន្ទម្សិលមិញ និងកំពុងប៉ុនប៉ងដាក់ពាក្យយកវិញ្ញាបនបត្រមួយបន្ថែមទៀតដើម្បីបញ្ជាក់ពីគុណភាព និងសុវត្ថិភាពលើផលិតផលរបស់ខ្លួន។
វិញ្ញាបនបត្រទាំងពីរដែលក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត ទទួលបានរួចហើយនោះ គឺ ISO 9001 សំដៅលើការគ្រប់គ្រងគុណភាព (Quality Management) និង ISO 14001 សំដៅលើការគ្រប់គ្រងបរិស្ថាន (Environmental Management)។ ចំណែកឯវិញ្ញាបនបត្រស្តង់ដារដែលក្រុមហ៊ុនកំពុងប៉ុនប៉ងយកឲ្យបាននោះគឺ ISO 22000 សំដៅលើការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ (Food Safety Management)។ តើ ISO ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?
ពិធីប្រគល់វិញ្ញាបនបត្រស្តង់ដារ ISO ទាំងពីរ កាលពីថ្ងៃចន្ទ
បច្ចុប្បន្នអង្គការស្តង់ដារអន្តរជាតិ ISO មានស្តង់ដារលើសពី១៩៥០០ ដែលបញ្ជាក់លើចំណីអាហារ ភេសជ្ជៈ សុវត្ថិភាពផ្លូវ និងឱសថជាដើម។ រាល់ផលិតផលដែលទទួលស្គាល់ដោយ ISO សុទ្ធតែមានគុណភាពខ្ពស់ និងស្របតាមលក្ខណៈស្តង់ដារអន្តរជាតិ ព្រមទាំងអាចវាយលុកចូលទីផ្សារប្រទេសនានានៅលើពិភពលោក។
ស្តង់ដារអន្តរជាតិ ISO ជាឧបករណ៍យុទ្ធសាស្ត្រ និងជាអ្នកត្រួសត្រាយផ្លូវ ដើម្បីជួយក្រុមហ៊ុនប្រឈមមុខជាមួយការប្រកួតប្រជែងមួយចំនួន ដែលកើតឡើងក្នុងជំនួញសម័យទំនើប។ ស្តង់ដារអន្តរជាតិ ISO នឹងជួយឲ្យប្រតិបត្តិការជំនួញមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន ព្រមទាំងបង្កើនការផលិត និងជួយក្រុមហ៊ុនវាយលុកចូលទីផ្សារថ្មីៗ។
អត្ថប្រយោជន៍ចម្បងទាំងប្រាំសម្រាប់ក្រុមហ៊ុន៖ សន្សំសំចៃថវិកា៖ ស្តង់ដារអន្តរជាតិ ISO អាចជួយធ្វើឲ្យប្រតិបត្តិការកាន់តែមានភាពល្អប្រសើរ និងជួយលើកកម្ពស់ចំណូលរបស់ក្រុមហ៊ុន។
បង្កើនទំនុកចិត្តរបស់អតិថិជន៖ ស្តង់ដារអន្តរជាតិ ISO ជួយលើកពង្រឹងគុណភាព ទាក់ទាញទំនុកចិត្តរបស់អតិថិជន និងបង្កើនការលក់។
វាយលុកទីផ្សារថ្មីៗ៖ ស្តង់ដារអន្តរជាតិ ISO អាចជួយបញ្ចៀសរាល់ឧបសគ្គពាណិជ្ជកម្ម និងបើកចំហទីផ្សារសាកល។
បង្កើនទីផ្សារ៖ ស្តង់ដារអន្តរជាតិ ISO អាចជួយបង្កើនការផលិត និងមានអាទិភាពច្រើនសម្រាប់ប្រកួតប្រជែង។
អត្ថប្រយោជន៍ផ្នែកបរិស្ថាន៖ ស្តង់ដារអន្តរជាតិ ISO ជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់ បរិស្ថាន។
អត្ថប្រយោជន៍សម្រាប់សង្គម និងប្រជាជន
អង្គការស្តង់ដារអន្តរជាតិ (ISO) មានស្តង់ដារលើសពី ១៩៥០០ ដែលគ្របដណ្ដប់ស្ទើរគ្រប់ទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃ។ នៅពេលផលិតផល និងសេវាស្របទៅតាមស្តង់ដារអន្តរជាតិ ISO អ្នកប្រើប្រាស់នឹងមានទំនុកចិត្តថា ពួកគេមានសុវត្ថិភាព ព្រមទាំងជឿជាក់លើផលិតផលទាំងនោះ។ ឧទាហរណ៍ ស្តង់ដារ ISO លើចំណីអាហារ ភេសជ្ជៈ សុវត្ថិភាពផ្លូវ និងឱសថជាដើម ដែលអាចជួយឲ្យពិភពលោក ក្លាយជាកន្លែងមានសុវត្ថិភាព។
ដើម្បីឲ្យប្រាកដថា អត្ថប្រយោជន៍បាចសាចដល់បរទេស ISO គាំទ្រការចូលរួមរបស់អ្នកប្រើប្រាស់ ដើម្បីអភិវឌ្ឍស្តង់ដារជាមួយគណៈកម្មការគោលនយោបាយអ្នកប្រើប្រាស់ ហៅកាត់ថា(COPOLCO)។ ស្តង់ដារអន្តរជាតិ ISO លើគុណភាពខ្យល់ ទឹក និងដី ការបញ្ចេញឧស្ម័ន និងចំហាយវិទ្យុសកម្ម ព្រមទាំងទិដ្ឋភាពបរិស្ថាន នៃផលិតផលនានា បានរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីអភិរក្សបរិស្ថាន និងសុខភាពប្រជាជន។
ការដាក់បញ្ចូលស្តង់ដារ ISO ទៅក្នុងបទបញ្ញត្តិជាតិ រដ្ឋាភិបាលអាចជួយធ្វើឲ្យប្រាកដថាតម្រូវការនាំចូល និងនាំចេញ មានលក្ខណៈដូចគ្នាទៅនឹងពិភពលោក ដែលសម្រួលដល់ចរាចរណ៍ទំនិញ សេវា បច្ចេកវិទ្យា ពីប្រទេសមួយទៅប្រទេសមួយទៀត៕
ចុចអាន៖ ស្វែងយល់ពីអង្គការស្តង់ដារអន្តរជាតិ ISO
ចុចអាន៖ កម្ពុជា ស្រាបៀរខ្មែរក្លាយខ្លួនជាស្រាបៀរលំដាប់ស្តង់ដារអន្តរជាតិ
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ iso.org