របរអ៊ុតស្កុតម៉ូតូមួយថ្ងៃរកបានជិត ១០០ ដុល្លារ
- 2015-11-18 17:20:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របរអ៊ុតស្កុតម៉ូតូមួយថ្ងៃរកបានជិត ១០០ ដុល្លារ
ចន្លោះមិនឃើញ
ជាធម្មតាការបិតស្កុតម៉ូតូ ជាជម្រើសល្អមួយសម្រាប់ អ្នកដែលទើបទិញម៉ូតូថ្មី ហើយ មិនចង់ឲ្យវាមានស្នាមឆ្កូត ឬក៏ឆាប់ចាស់។ ក្នុងអត្ថបទមួយនេះ Sabay សូមនាំប្រិយមិត្តអ្នកអានឲ្យស្គាល់ជាងអ៊ុតស្កុតម៉ូតូម្នាក់ឈ្មោះ ហេង គឺជាអ្នកមកពីព្រៃវែង ហើយសព្វថ្ងៃ គាត់ជាអ្នកអ៊ុតស្កុតម៉ូតូនៅហាងស្រីអូន នៅទីរួមស្រុកឈូក។
សូមចុចអាន៖ បឋមសិក្សាស្រែព្រីងយកសំយាបផ្ទះធ្វើជាថ្នាក់រៀន សូមចុចអាន៖ ប្រាសាទបាសែត អតីតទីកន្លែងដ៏ស័ក្ដិសិទ្ធិមួយដែលគេមិនសូវស្គាល់ សូមចុចអាន៖ រមណីយដ្ឋានធម្មជាតិទឹកជ្រោះអាស្រមហោង
ជាងហេងបានរំលឹកប្រាប់ថា “ខ្ញុំចាប់ប្រកបរបរនេះតាំងពីឆ្នាំ ២០០៣ មកម្ល៉េះ កាលនោះគាត់បានទទួលប្រាក់ខែតែ ៤ម៉ឺនទេ តែកន្លែងដេក បាយទឹកនៅលើគេ” ។ ដំបូងហេងធ្វើការនៅម្តុំខាងកើតផ្សារអូរឬស្សី រួចផ្លាស់ទៅតាខ្មៅ និង បានប្ដូរមកឈូកនៅឆ្នាំ ២០១៤។ បច្ចុប្បន្នគាត់ស្នាក់នៅក្នុងទីស្នាក់ការក្រុមហ៊ុន ឯកម្រៃដែលរកបានត្រូវចែកគ្នាដោយគាត់យក ៧០% និង ខាងក្រុមហ៊ុនយក ៣០%។
ជាងហេងបានប្រាប់ទាំងដៃកំពុងបិតស្កុតថា កាលពីមុនគាត់បិតតែម្នាក់ឯងទេ តែក្រោយមក ដោយសារតែថ្ងៃខ្លះមានម៉ូតូច្រើនមកបិត ប្រពន្ធគាត់ក៏សម្រេចមកជួយបិតដែរ ហើយសព្វថ្ងៃគាត់ និងប្រពន្ធគាត់ធ្វើការទាំងអស់គ្នាតែម្តង។ ជាងបិតស្កុតកូនពីររូបនេះបន្តទៀតថា ក្នុងមួយថ្ងៃគាត់អាចបិតម៉ូតូច្រើនបំផុត ៨ គ្រឿង ដោយក្នុង១គ្រឿងយកថ្លៃ ១០ ដុល្លារ។ “មិនមែនយើងបានរាល់ថ្ងៃទេ មានតាមថ្ងៃទេបង ថ្ងៃណាហេងមានភ្ញៀវច្រើន បើថ្ងៃណាស៊យរកតែ១គ្រឿងក៏មិនបានផង។ តែថ្ងៃដែលគ្មានភ្ញៀវសោះហ្នឹង! គឺមានប្រហែលជា ២ដងក្នុងមួយខែ"។ ហេង និយាយ។
ជាងហេង បានប្រាប់បន្តទៀតថា ភាគច្រើនគាត់ចំណាយពេលប្រហែល ១ម៉ោងសម្រាប់បិតម៉ូតូ១គ្រឿងសម្រាប់ម៉ូតូដែលពិបាកបិតដូចជា ឃ្លីកជាដើម និងចំណាយពេលប្រហែល ៤០ នាទីឯសម្រាប់ម៉ូតូហុងដាវេវ ដែលជាម៉ូតូងាយបិតជាងគេ។
ហេង និយាយថា ស្កុតជាសម្ភារៈថ្លៃជាងគេគឺ ១ដុំធំថ្លៃ ១៥០ ដុល្លារ ដែលគាត់អាចបិតម៉ូតូបានប្រហែលជា ៤០គ្រឿង។ ក្រៅពីនេះគាត់ត្រូវការ សម្ភារៈបន្ទាប់បន្សំមួយចំនួនទៀតដូចជា កន្ត្រៃ ឡាម ដែកកេះ និង ជ័រស្បែកជើងសម្រាប់រុញសង្កត់ប៉ុណ្ណោះ។
ជាងដែលមានស្រុកកំណើតពីខេត្តព្រៃវែងរូបនេះបន្តថា បើទោះជាថ្ងៃខ្លះរកបានច្រើនពិតមែន តែក៏ត្រូវការចំណាយដើម លើម្ហូបអាហារ លើកូន និងមានថ្ងៃខ្លះរកមិនបានទៀតនោះ គឺធ្វើឲ្យគាត់មិនមានសល់លុយកាក់ច្រើននោះទេ។ នៅថ្ងៃអនាគត ហេងចង់ត្រលប់ទៅស្រុកកំណើតវិញ សង់ផ្ទះមួយ បើករបរនេះដោយខ្លួនឯង និងធ្វើស្រែចម្ការខ្លះៗ ព្រោះគាត់ចង់មានការងារនៅមួយកន្លែង ងាយឲ្យកូនគាត់បានរៀនដោយស្រួល៕
អត្ថបទ៖ ឡុច គីមសាយ
មានអត្ថបទថ្មី និង ប្លែកៗ កើតមានគ្រប់ទីកន្លែង ប្រិយមិត្តចង់រាយការណ៍ ឬ ចង់ឲ្យ Sabay ចុះផ្សាយ សូមទំនាក់ទំនងតាម៖
-ទូរសព្ទ៖ 017 55 76 88 -អ៊ីមែល៖ prak.chanseyha@cidc.com.kh
-លេខទូរសព្ទ៖ 099 588 880 -អ៊ីមែល៖ bin.bunna@cidc.com.kh
ចង់ដឹងលក្ខខណ្ឌដើម្បីសរសេរផ្ញើមកកាន់ Sabay បានសូមចុចត្រង់នេះ!