រមណីយដ្ឋាន​ធម្មជាតិ​ទឹកជ្រោះ​អាស្រម​ហោង

  • 2015-11-06 16:51:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហោង​ជា​រមណីយដ្ឋាន​ទឹកធ្លាក់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​មួយ​របស់​ខេត្ត​ត្បូងឃ្មុំ ក៏ប៉ុន្តែ​រមណីយដ្ឋាន​នេះ​មិនសូវ​ជា​មាន​អ្នក​ចម្ងាយ​ស្គាល់​ទេ ព្រោះ​វា​នូវ​កំបាំង​ឆ្ងាយ​ពី​ផ្លូវជាតិ និង​ដោយ​កង្វះខាត​ការ​ផ្សព្វផ្សាយ​ផង លើកលែងតែ​ប្រជាពលរដ្ឋ​ក្បែរ​នោះ​ ដែល​ស្គាល់​ទីនោះ​ច្បាស់ មួយវិញទៀត​ដោយសារ​ផ្លូវ​ចូល​មាន​ភាព​ក្រវៀចក្រវៀន ចំណែក​ស្លាក​សញ្ញា​បង្ហាញ​ផ្លូវ​មិន​គ្រប់គ្រាន់។

 

រមណីយដ្ឋាន​អាស្រម​ហោង​ស្ថិត​នៅ​ក្នុង​ឃុំ​ទឹក​ជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ មាន​ចម្ងាយ​ប្រមាណ​១៩០​គីឡូម៉ែត្រ​ពី​ភ្នំពេញ និង ​មាន​ផ្លូវ​ចូល​បី​កន្លែង​ ដូចជា តាម​ផ្សារ​ស្ទឹង(ភូមិ​ស្ទឹង) តាម​ផ្លូវ​របស់​ចំការ​កៅស៊ូ​ក្រែក (ផ្លូវបំបែក​ពញាក្រែក បត់​ឆ្វេង១០០ ម៉ែត្រ) និង​ តាម​ផ្សារ​ជី​ពាំង (ភូមិ​ជី​ពាំង)។ ផ្លូវ​ទាំង​បី​នេះ​ស្ថិត​ក្នុង​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ ទោះជា​យ៉ាង​ណា​ផ្លូវ​ទាំង​បី​នឹង​ទៅ​ប្រសព្វ​គ្នា​នៅ​ភូមិ​ក្រសាំង​ដូចគ្នា។ ផ្លូវ​តាម​ចម្ការ​កៅស៊ូ​ក្រែក​ល្អ​ជាងគេ ក្នុងចំណោម​ផ្លូវ​ទាំងបី ។ ចម្ងាយ​ផ្លូវ​ពី​ថ្នល់ជាតិ​ទៅដល់​ហោង​មាន​ប្រវែង​ប្រហែលជា ៣០ គីឡូម៉ែត្រ។

 

 

 

 

លោកតា អ៊ាត ថា គឺជា​គណៈកម្មការ​វត្ត​ប្រចាំ​រមណីយដ្ឋាន​នេះ បាន​មានប្រសាសន៍ថា នៅ​ឆ្នាំ១៩៩៣ ហោង​ចាប់​ផ្តើម​អភិវឌ្ឍន៍ និង​កែ​លម្អ​រហូតដល់​បច្ចុប្បន្ន​បង្កើត​បាន​វត្ត​មួយ​ហៅថា វត្ត​គុហារ​សីលា​មហា​បូរ​មី​គង្គារ​ហោង និង​ សម​ទ្ធិ​ផល​ជាច្រើន​ជាច្រើន​ទៀត សព្វ​ថ្ងៃនេះ​មាន​ព្រះសង្ឃ៣អង្គ​គង់​ក្នុង​វត្ត​នេះ។

 

លោកតា អ៊ាត ថា គឺជា​គណៈកម្មការ​វត្ត​ប្រចាំ​រមណីយដ្ឋាន​

 

ចំណុច​ដ៏​គួរ​ចាប់​អារម្មណ៍​ដែល​អ្នកដំណើរ​បច្ចុប្បន្ន​មិនដឹង​នោះ​គឺថា កាលដើមឡើយ​ហោង​ហ្នឹង​មាន​រូង​តូច​នៅ​ក្រោម​ផ្ទាំង​ថ្ម​ដ៏​ធំ​មួយ ងងឹត​រកមើល​អ្វី​មិន​យល់ បើ​ចង់​ចុះទៅ​កាន់​រូង​នោះ ត្រូវ​ចុះ​តាម​ផ្ទាំង​ថ្ម តោង​វ​ល្លិ៍ តែ​ក្រោយមក​ការ​អភិវឌ្ឍ​បាន​កែប្រែ​រូង​នោះ​ឲ្យ​ធំ​ទូលាយ មាន​ជណ្ដើរ​ឡើង​ចុះ​ងាយស្រួល ហើយ​មាន​សង់​ជា​បន្ទប់​ពីរ​បី ព្រមទាំង​កន្លែង​សម្រាប់​តម្កល់​បដិមារ​ទុក​គ្រាន់​អ្នកផង​ទាំងឡាយ​គោរព បូជា ដូចដែល​មាន​ពេល​បច្ចុប្បន្ន នេះ។

 

តើ​អ្នកទេសចរ​ទៅ​រមណីយដ្ឋាន​ហោង​ដើម្បី​អ្វី?

 

 

 

ចម្លើយ​គឺ​ទៅលេង​ទឹកធ្លាក់។ ទឹកធ្លាក់​កម្ពស់​ប្រមាណ​ជា ៨ម៉ែត្រ និង​មុខទឹក​ហូរ​ប្រមាណ​ជាង ១០ ម៉ែត្រ និង​មាន​ជម្រៅ​ចាប់ពី១.៥ម៉ែត្រ ទៅជិត ៤ម៉ែត្រ ដែល​ទឹក​ប៉ុណ្ណេះ​អាច​នាំ​កាយ នាំ​ចិត្ត​អ្នកទេសចរ​ឲ្យ​រីករាយ​សប្បាយ​ភ្លេច​អស់​ក្ដី​នឿយណាយ​បាន។ តាមធម្មតា ទឹក​ហូរ​នៅ​ខាងលើ និង​ទឹកធ្លាក់​ខាងក្រោម​សុទ្ធ​តែ​មាន​មនុស្ស​លេង​ច្រើន​ដូចគ្នា តែ​បើ​អ្នក​ចង់​ហែល​ទឹក​ត្រូវ​ទៅ​ខាង​ក្រោម​វិញ។

 

“ខែ​បុណ្យទាន​មាន​មនុស្ស​មកលេង​ច្រើន​ណាស់ ពេញ​ទឹកតែ​ម្ដង ទាំង​ខាងលើ​ទាំង​ក្រោម តែ​បើ​ថ្ងៃ​ធម្មតា​ខ្សត់​មនុស្ស ទោះ​ថ្ងៃអាទិត្យ​ក្តី” លោកតា​អ៊ា​ត ថា បាន​ប្រាប់។

 

ពីមុន​ហោង​គ្មាន​កន្លែង​លក់​នំចំណី​ទេ តែ​បច្ចុប្បន្ន​មាន​តូប ៦-៧ លក់​នំចំណី​នៅ​រដូវ​បុណ្យទាន តែ​គ្មាន​គេ​លក់​បាយ​ម្ហូប​ទេ បើ​អ្នក​ចង់​ទៅ​លេង​ហោង ដូច្នេះ​អ្នក​ដែល​មាន​បំណង​មកលេង​ទឹកជ្រោះ​ហោង​គួរ​រៀបចំ​ម្ហូបអាហារ​សម្រាប់​បរិភោគ​ផង។

 

“សូម​សំណូមពរ​ដល់​អ្នកទេសចរ​រទាំង​អស់ ពេល​មកលេង​នៅ​ទីនេះ សូម​មេត្តា​ជួយ​រក្សា​អនាម័យ​ផង ព្រោះ​កន្លែង​យើង​មិន​ទាន់​មាន​ធុងសំរាម​គ្រប់គ្រាន់​ទេ ហើយ​អំពាវនាវ​ដល់​សប្បុរស​ជន ជាពិសេស​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​ជួយ​ធ្វើ​ផ្លូវថ្នល់ ដាក់​ស្លាក​សញ្ញា​សំគាល់​រមណីយដ្ឋាន និង​ធុងសំរាម ព្រោះ​យើង​នៅ​ខ្វះ​ច្រើនយ៉ាង​ណាស់"។ លោកតា អ៊ា​ត ថា បន្ថែម​ជា​ចុងក្រោយ៕

 

 

 

សូមចុចអាន៖ ងាយ​រក ងាយ​ធ្វើ ហើយ​មាន​ប្រយោជន៍​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ពេល​សម្រាល សូមចុចអាន៖ របរ​លក់​អា​ពីង​របស់​អ្នក​ស្គន់ សូមចុចអាន៖ អត់​ចេះ​អក្សរ លក់​ខ្ចៅ​ខ្យង​តាម​រទេះ​រហូត​ធ្វើ​ផ្ទះ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ

 

 

អត្ថបទ៖ ឡុ​ច គីម​សាយ

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

 

-ទូរសព្ទ៖ 012 567 8 82 -អ៊ីមែល៖ Chip.chet@cidc.com.kh

-លេខ​ទូរសព្ទ៖ ​099 588 880 -អ៊ីមែល៖​ bin.bunna@cidc.com.kh​

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!