ចម្លាក់ដាយណូស័រ លើជញ្ជាំងប្រាសាទតាព្រហ្ម នៅតែជាអាថ៌កំបាំង
- 2015-12-11 12:05:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចម្លាក់ដាយណូស័រ លើជញ្ជាំងប្រាសាទតាព្រហ្ម នៅតែជាអាថ៌កំបាំង
ចន្លោះមិនឃើញ
សំណង់អច្ឆរិយ ក្បាច់រចនាល្អប្រណីត សិល្បៈវប្បធម៌ដ៏ថ្កុំថ្កើង និងចម្លាក់បង្កប់ដោយអត្ថន័យផ្សេងៗ បានធ្វើឱ្យប្រាសាទតាព្រហ្ម ជាតំបន់ទេសចរណ៍វប្បធម៌ដ៏ពេញនិយម ក្នុងខេត្តសៀមរាប។ បន្ថែមលើនេះ អ្វីដែលធ្វើឱ្យប្រាសាទកសាងឡើងចុងសតវត្សទី ១២ ទាក់ទាញភ្ញៀវកាន់តែច្រើននោះ គឺចម្លាក់ដាយណូស័រ ដែលមិនទាន់មានក្រុមបុរាណវិទ្យាណាមួយ អាចសន្និដ្ឋានបានថា ចម្លាក់នេះមានប្រវត្តិយ៉ាងណាទេ។
ក្រោយទេសចរបានឃើញចម្លាក់ដាយណូស័រលើជញ្ជាំង ប្រាសាទតាព្រហ្ម សំណួរជាច្រើនបានផ្ទុះឡើង។ តើសត្វកម្រនេះ ពិតជាមាននៅក្នុងប្រទេសកម្ពុជា មែនឬយ៉ាងណា?
មានបទពិសោធន៍នាំភ្ញៀវ ៩ ឆ្នាំ លោក ភិន សុហារ៉ាត់ បានឱ្យ Sabay ដឹងថា រូបដាយណូស័រលើជញ្ជាំងប្រាសាទតាព្រហ្ម ជាប្រភេទសត្វស៊ីរុក្ខជាតិជាអាហារ ប៉ុន្តែមិនមានការអះអាងច្បាស់ការណ៍ណាថា វាពិតជាមាននៅកម្ពុជា និងហេតុអ្វីបានជាខ្មែរសម័យដើម ឆ្លាក់រូបនេះលើជញ្ជាំងប្រាសាទឡើយ។ ប៉ុន្តែតាមរយៈការពិភាក្សា របស់ក្រុមអ្នកនាំភ្ញៀវ (Guide) នៃសមាគមមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា បានវាយតម្លៃថា ខ្មែរកាលពីសម័យបុរាណ បានគាស់ថ្មភក់ ថ្មបាយក្រៀម មកធ្វើប្រសាទ ហើយក៏ឃើញផូស៊ីលមានរូបរាងស្រដៀងសត្វដាយណូស័រ ក៏គេយកមកឆ្លាក់លំអប្រាសាទ។
អ្នកនាំភ្ញៀវក្នុងសមាគមមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា វ័យ ៣១ ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា ទោះបីជាយ៉ាងណា នេះមិនមែនជាការវាយតម្លៃផ្លូវការទេ ៖ "នេះជាអំណះអំណាងមិនផ្លូវការ មិនមែនអំណះអំណាងពិតប្រាកដទេ។ អ្នកខ្លះគេថា មិនមែនជាណាយណូស័រទេ វាជាប្រភេទសត្វអីមួយ អ្នកខ្លះគេឃើញថា ដាយណូស័រក៏ថាដាយណូស័រទៅ។ សូម្បីក្រុមបុរាណវិទ្យា ក៏គេអត់អះអាងថាម៉េចដែរ"។
អ្នកនាំភ្ញៀវចេះបីភាសា អង់គ្លេស ជប៉ុន អេស្ប៉ាញ ដដែលបន្តថា ក្រៅពីមានដាយណូស័រស៊ីរុក្ខជាតិ នៅលើជញ្ជាំងប្រាសាទតាព្រហ្ម ក៏មានចម្លាក់ដាយណូស័រស៊ីសាច់ ជាអាហារមួយផ្សេងទៀត នៅប្រាសាទអង្គរវត្តផងដែរ ប៉ុន្តែក៏មិនមានក្រុមបុរាណវិទ្យាណាដឹងថាដាយណូស័រពីរប្រភេទនេះ មានប្រភពមកពីណា ហើយហេតុអ្វីខ្មែរជំនាន់ដើម យកមកឆ្លាក់លើជញ្ជាំងប្រាសាទទាំងពីរដែរ៕
លោក ភិន សុហារ៉ាត់
ចុចអាន៖ ភូមិ ៦ នៅសៀមរាបធ្វើឱ្យទេសចរចាប់អារម្មណ៍ ព្រោះតែជីវភាពប្រជាជន
ចុចអាន៖ ចំការស្នេហ៍ក្បែរបង្កើយ បានទៅលេងហើយពិតជាជក់ចិត្ត
ចុចអាន៖ កម្ពុជារំពឹងទេសចរមកកម្ពុជានឹងកើនដល់ ៨លាននាក់នៅឆ្នាំ ២០២០
អត្ថបទ៖ អ៊ុំ សុភក្តិ