បច្ចេកទេសជួសជុលរថយន្ត ជំនាញប្រើមួយជីវិតអាចធ្វើការគ្រប់ប្រទេស
- 2015-12-14 20:39:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បច្ចេកទេសជួសជុលរថយន្ត ជំនាញប្រើមួយជីវិតអាចធ្វើការគ្រប់ប្រទេស
ចន្លោះមិនឃើញ
ជំនាញបច្ចេកទេសជួសជុលរថយន្ត ជាជំនាញដ៏មានសក្ដានុពលមួយ ស្របពេលដែលតម្រូវការអ្នកជំនាញផ្នែកនេះសម្រាប់បម្រើការក្នុងទីផ្សារការងារបច្ចុប្បន្នកំពុងកើនឡើង។ ក្នុងប្រទេសកម្ពុជា ទោះបីជាការសិក្សាជំនាញបច្ចេកទេសរថយន្តនៅមិនទាន់មានភាពផុលផុសច្រើន ហើយនិស្សិតមិនសូវចាប់អារម្មណ៍ច្រើន ប៉ុន្តែក៏មានសាលាបច្ចេកទេសមួយចំនួនបានបើកបង្រៀនជំនាញនេះដល់សិស្សនិស្សិតរួចមកហើយ។
លោក សិម សុរិន្ទ នាយកសាលាមធ្យមសិក្សាហ្ស៊ី វ៉េ ស៉េ (JVC) បានមានប្រសាសន៍ថា ឱកាសការងារសម្រាប់និស្សិតផ្នែកបច្ចេកទេសជួសជុលរថយន្តមានច្រើនណាស់ ហើយអាចរកចំណូលបានច្រើនទៀតផងទៅតាមជំនាញនិមួយៗ។
លោកបានបញ្ជាក់បន្ថែមថា ជំនាញបច្ចេកទេសជួសជុលរថយន្តមិនសំដៅដល់ការជួសជុលរថយន្តទាំងស្រុងនោះទេ គឺអាចមានឱកាសក្លាយជាអ្នកជំនាញផ្នែក ប្រព័ន្ធភ្លើងរថយន្ត គ្រឿងក្រោម ប្រព័ន្ធសុវត្ថិភាពក្នុងរថយន្តជាដើម លើសពីនេះទៀត អាចក្លាយជាអ្នកជំនាញផ្នែកគ្រឿងយន្តកសិកម្ម ត្រាក់ទ័រ គ្រឿងចក្រ ម៉ាស៊ីនភ្លើង កប៉ាល់ និយាយរួមគឺ ទាក់ទងនិងគ្រឿងម៉ាស៊ីន។
លោកបានបន្តទៀតថា និស្សិតគួរបែរមកចាប់អារម្មណ៍រៀនជំនាញវិស្វកម្មផ្នែកគ្រឿងម៉ាស៊ីននេះឱ្យបានច្រើន ព្រោះវាផ្ដល់នូវជំនាញដ៏ច្បាស់លាស់មួយសម្រាប់ជីវិត និងអាចទៅធ្វើការបានគ្រប់ប្រទេស។
ការលើកឡើងដូច្នេះ គឺដោយសារលោកនាយកសាលាបានមើលឃើញពីការសក្ដានុពលក្នុងការប្រើប្រាស់គ្រឿងម៉ាស៊ីននាពេលបច្ចុប្បន្នកំពុងមានការកើនឡើង និងឱកាសការងារជាច្រើន ដូច្នេះកាលណាការប្រើប្រាស់គ្រឿងម៉ាស៊ីនកើនឡើង ក៏តម្រូវឱ្យមានអ្នកជំនាញត្រៀមជួសជុលគ្រឿងយន្តទាំងនោះក៏ច្រើនដែរដើម្បីឱ្យបានទាន់ពេលវេលា។
ទាក់ទងចំណុចនេះដែរ លោក គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ួតា (ខេមបូឌា) ក្នុងពិធីប្រគល់អាហារូបករណ៍បច្ចេកទេសជួសជុលរថយន្តដល់សិស្សក្រីក្រជំនាន់ទី ៤ និង ការប្រគល់សញ្ញាប័ត្រដល់សិស្សជំនាន់ទី ២ បានលើកទឹកចិត្តសិស្សនិស្សិតក្រីក្រក្នុងការចាប់ឱកាសក្នុងការសិក្សាជំនាញបច្ចេកទេសជួសជុលរថយន្ត។
លោកឲ្យដឹងថា ជំនាញបច្ចេកទេសជួសជុលរថយន្តជាជំនាញដ៏ល្អ និងទីផ្សារការងារកំពុងត្រូវការ។ លោកបញ្ជាក់ថា ការដែលក្រុមហ៊ុនសម្រេចផ្តល់អាហារូបករណ៍សិក្សាចំពោះនិស្សិតក្រីក្រកម្ពុជាជាច្រើនជំនាន់លើការសិក្សាមុខជំនាញជួសជុលរថយន្ត គឺលោកសង្ឃឹមថាក្រោយពេលបញ្ចប់ការសិក្សា ពួកគេអាចយកជំនាញដ៏មានតម្លៃនេះប្រើប្រាស់ពេញមួយជីវិត និងអាចយកទៅប្រកបការងារមួយបានសមរម្យសម្រាប់ជួយខ្លួនឯង និងជួយគ្រួសារឲ្យមានជីវភាពល្អប្រសើរ។
ចុចអាន៖ Toyota ៤ ម៉ូដែល រាងនិងតម្លៃប្រហាក់ប្រហែលគ្នាតែស៊ីសាំងខុសគ្នា
អត្ថបទ៖ រក្សា