ទេពកោសល្យនាំឲ្យបុរសម្នាក់ក្លាយជាជាងកាត់សក់ដ៏ចំណាន
- 2015-12-15 17:38:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទេពកោសល្យនាំឲ្យបុរសម្នាក់ក្លាយជាជាងកាត់សក់ដ៏ចំណាន
ចន្លោះមិនឃើញ
នៅតាមបណ្តោយផ្លូវជាតិលេខ ៣ មានចម្ងាយប្រមាណជាជាង ១គីឡូម៉ែត ពីខាងលិចផ្សារឈូក គេឃើញមានតូបកាត់សក់តូចសង់ជាប់កន្លែងលាងម៉ូតូ។ តូបកាត់សក់នេះ ជារបស់ជាង ឃិត គីម ។គីម ដែលមានឈ្មោះហៅក្រៅថា ចាបចៀន ជាជាងកាត់សក់ ដែលមានលំនៅក្នុងឃុំឈូក ស្រុកឈូក ខេត្តកំពត បានប្រាប់ថា គាត់ចេះកាត់សក់តាំងតែពីអាយុជាង ១០ឆ្នាំម៉្លេះ តែគាត់មិនបានទៅរៀនកាត់ ឬ មានសាលាណាបង្រៀនទេឲ្យត្រឹមត្រូវទេ តែប្រហែលជាមកពីឪពុករបស់គាត់ជាជាងកាត់សក់ស្រាប់ ផ្គួបផ្សំនឹងទេពកោសល្យពីកំណើតផងទើបធ្វើឲ្យគាត់អាច កាត់សក់បានល្អ ដោយគ្រាន់តែបានមើលឪពុកលោកកាត់តែប៉ុណ្ណោះ។
ជាងកាត់សក់វ័យ ៤០ឆ្នាំ ខាងលើបន្តថា កាលនោះគាត់មិនដែលគិតថា រៀនកាត់សក់ឲ្យត្រឹមត្រូវ ឬយកចិត្តទុកដាក់លើវាទេ ក៏ប៉ុន្តែគាត់ធ្លាប់កាត់សក់ឲ្យប្អូនៗ ឬកូនអ្នកជិតខាង មិត្តស្របាលៗគ្នា ”កាលហ្នឹងកាត់នឹងកន្រ្តៃយើងធម្មតា កាត់ឡើងពងដៃ ហើយកាលហ្នឹងកាត់មានបានលុយអីទេ តាំងពីជំនាន់យើងកោរស្លឹកត្នោត មិនទាន់មានឡាម ហើយក៏ចេះតែកាត់បន្តតិចៗរហូតមក”។
ចំណែកអាជីពកាត់សក់ដែលគាត់កំពុងតែប្រកបរាល់ថ្ងៃនេះ គឺគាត់ទើបតែចាប់ផ្តើមជាប់លាប់បានប្រមាណជា ៣ ឆ្នាំ ប៉ុណ្ណោះ តែវាបានធ្វើឲ្យជីវភាពគាត់ធូរធារ ប្រសើរជាងការធ្វើស្រែ។ ជាងខាងលើ បានបន្តថា តូបរបស់គាត់មានភ្ញៀវចូលហូរហែរមិនដាច់ទេរហូតដល់ថ្ងៃខ្លះអាចដល់ ៣០នាក់ក៏មាន។ គាត់អាចរកចំណូលបានច្រើនគួរសមពីរបរនេះ ដោយមនុស្សម្នាក់យកថ្លៃ ៣ ០០០៛ និងចំណាយពេលមិនដល់កន្លះម៉ោងទេ ។
ជាងគីមបានរំលឹកថា កាលពីក្មេង ឪពុកតែងប្រាប់បច្ចេកទេសកាត់សក់ខ្លះៗ ដូចជារបៀប កាត់មិនឲ្យឃើញស្នាមកន្រ្តៃ ជាដើម តែមិនដែលប្រាប់ថា កាត់ម៉ូតនេះម៉ូតនោះទេ ។ កាលពីមុនក្រៅពីរបរធ្វើស្រែ គាត់បើកកាត់សក់នៅឯផ្ទះដែរ តែមិនកាក់កបទេ ព្រោះក្នុងភូមិមានមនុស្សតិច បើមានក៏កាត់ បើអត់ក៏អត់ទៅ តែដល់បានមកទីនេះមានភ្ញៀវចូលហូហែរ។
កាលពី ៣ ឆ្នាំ មុននេះ សាច់ថ្លៃរបស់គាត់ប្រកបរបរកាត់សក់នៅនឹងតូបនេះបានឈប់ ទៅប្រកបរបរផ្សេង ហើយគាត់ក៏សាកល្បងប្រកបអាជីពនេះ ហើយដោយបានការគាំទ្រពីអតិថិជនច្រើនទើបគាត់សំរេច បន្តមុខរបរនេះរហូតមក។ ជាង ឃីម បានលើកឡើងដោយក្តីសង្ឃឹមថា ទៅថ្ងៃអនាគតគាត់នឹងពង្រីកអាជីវកម្មរបស់គាត់ឲ្យប្រសើរជាងនេះទៀត ដោយបើកជាកូនហាងឲ្យបានស្អាតបាតជាងនេះ។ សព្វថ្ងៃ ជាងឃីម កំពុងមានតូបកាត់សក់តូចមួយ ដោយជួលដីគេ ក្នុងមួយខែ ៤ម៉ឺនរៀល៕
អត្ថបទ៖ ឡុច គីមសាយ
មានអត្ថបទថ្មី និង ប្លែកៗ កើតមានគ្រប់ទីកន្លែង ប្រិយមិត្តចង់រាយការណ៍ ឬ ចង់ឲ្យ Sabay ចុះផ្សាយ សូមទំនាក់ទំនងតាម៖
-លេខទូរសព្ទ៖ 099 588 880 -អ៊ីមែល៖ bin.bunna@cidc.com.kh
ចង់ដឹងលក្ខខណ្ឌដើម្បីសរសេរផ្ញើមកកាន់ Sabay បានសូមចុចត្រង់នេះ!