១៣០ឆ្នាំ ​ព្រះ​កេស និង ​ដង​ខ្លួន​បដិមា​ព្រះហរិហរ​ភ្នំ​ដា ត្រូវ​បាន​ត​ភ្ជាប់​ឡើង​វិញ

  • 2016-01-21 23:10:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​តភ្ជាប់​រវាង​ព្រះ​កេស​ដែល​យក​មក​ពី​សារមន្ទីរ​ជាតិ​សិល្បៈ​អាស៊ី​ហ្គីម៉េ ប្រទេស​បារាំង និង ដង​ខ្លួន​ដែល​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា ដែល​បាន​បែក​គ្នា​អស់​រយៈ​កាល​ជិត​ ១៣០ ឆ្នាំ​មក​ហើយ។ រូប​បដិមា​ព្រះហរិ​ ហរ ជា​វត្ថុ​សក្ការ​ និង សិល្បៈ​ដ៏​ប្រណីត​របស់​ខ្មែរ​ក្នុង​រចនា​បថ​ភ្នំដា នា​សតវត្ស​ទី ៦-៧។ ពិធី​តភ្ជាប់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សារមន្ទីរជាតិ​កម្ពុជា កាល​ពី​ព្រឹកមិញ។

 

ឧបនាយក​រដ្ឋមន្ត្រី សុខ អាន ទទួល​បន្ទុក​ទី​ស្ដី​ការ​គណៈរដ្ឋមន្ត្រី បាន​ថ្លែង​ស្វាគមន៍​ការ​វិល​ត្រឡប់​មក​វិញ​នៃ​ព្រះ​កេស​របស់​ព្រះ​បដិមា​ព្រះ​ហរិហរ​ភ្នំដា ដើម្បី​តភ្ជាប់​ជាមួយ​នឹង​ដង​ខ្លួន​វិញ​ បន្ទាប់​ពី​ព្រាត់​គ្នា​អស់​រយៈ​ពេល ១៣០ ឆ្នាំ ដែល​ប្រៀប​បាន​នឹង​ការ​ផ្ដល់​ជីវិត​ជា​ថ្មី​ឡើង​វិញ​ដល់​ព្រះ​ហរិហរៈ។ "តាម​ជំនឿ​ខ្មែរ​យើង​ នេះ​គឺជា​និមិត្ត​រូប​ដ៏​ល្អ​ប្រពៃ​នៃ​ការ​ជួប​ជុំ​គ្នា​ ការ​រួបរួម​ ភាព​ចំរុង​ចម្រើន​ ភាព​សុខដុម​រមនា និង ភាព​រឹង​មាំ​នៃ​ព្រលឹង​ជាតិ​ខ្មែរ​ផងដែរ"។

 

 

យុវជន​ សួន សុភា និស្សិត​ឆ្នាំ​ទី ៤ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ផ្នែក​បុរាណ​វិទ្យា បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ថា ការ​តភ្ជាប់​បដិមាករ​នៅ​ពេល​នេះ​ គឺជា​រឿង​ល្អ​ណាស់ ព្រោះ​ថា បដិមាក​ខ្មែរ​បាន​បាត់​បង់​ច្រើន​​ដោយ​សារ​តែ​សង្គ្រាម។ "ខ្ញុំ​ចង់​ឲ្យ​រាជរដ្ឋាភិបាល​ក៏​ដូចជា​អ្នក​ប្រវត្តិសាស្រ្ត​ត្រូវ​ខិតខំ​ស្រាវជ្រាវ​នូវ​វត្ថុបុរាណ​ដែល​បាត់​បង់​ ហើយ​យើង​ទាមទារ​មក​វិញ​ប្រសិន​បើ​យើង​មាន​ឯកសារ​គ្រប់គ្រាន់"។

 

 

ទាក់ទិន​នឹង​បញ្ហា​នេះ ឯកឧត្តម ថៃ នរៈសត្យា អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា សព្វថ្ងៃ​នេះ វត្ថុបុរាណ​ជាច្រើន​របស់​ខ្មែរ​កំពុង​រង​ការ​ខូចខាត ហើយ​មួយ​ចំនួន​បាន​បាត់​បង់​ ហើយ​ក្រសួង​វប្បធម៌​មិន​ដែល​នៅ​ស្ងៀម​នោះ​ទេ គឺ​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ជា​បន្ដ​បន្ទាប់​ដើម្បី​ស្វែង​រក​រូប​ឬ​វត្ថុ​បុរាណ​ដែល​បាន​បាត់​បង់ ហើយ​ក្រសួង​កំពុង​បណ្ដុះ​យុវជន​ជំនាន់​ក្រោយ​បន្ត​ធ្វើ​ការងារ​នេះ​ផងដែរ។

 

 

ការ​ជួបជុំ​រវាង​ព្រះកេស និង ដងខ្លួន​ព្រះ​ហរិហរៈ នាពេល​នេះ​គឺជា​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិ​ការ​​រវាង​ប្រទេស​កម្ពុជា និង បារាំង ជាពិសេស​គឺ​រវាង​នាយកដ្ឋាន​សារមន្ទីរ​ នៃ​ក្រសួង​វប្បធម៌ ជាមួយ​និង សារមន្ទីរ​សិល្បៈអាស៊ី​ហ្គីម៉េ ដែល​ផ្អែក​លើ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​នា​ថ្ងៃ​ទី ២៦ ខែ​តុលា ឆ្នាំ ២០១៥ នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង ស្ដីពី​ការ​ផ្លាស់ប្ដូរ​បញ្ញើវត្ថុ​សិល្បៈ​​ដែល​បាន​អនុញ្ញាត​ឲ្យ​ព្រះ​កេស និង ដង​ខ្លួន​ព្រះ​ហរិហរៈ បាន​ជួបជុំ​គ្នា​នៅ​កម្ពុជា ក៏ដូចជា ការ​អនុញ្ញាត​ឲ្យ​ជើង​ទម្រ​ និង បដិមា​ព្រះ​នាង​ឧមារំា បាន​ជួបជុំ​គ្នា​នៅ​ប្រទេស​បារាំង​៕

 

 

 

 

 

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា