ស្រាយចម្ងល់បទ "ស្នេហ៍ឆ្លងវេហាស៍" ជាបទដើមខ្មែរ ឬ ថៃ
- 2016-02-26 17:48:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រាយចម្ងល់បទ "ស្នេហ៍ឆ្លងវេហាស៍" ជាបទដើមខ្មែរ ឬ ថៃ
ចន្លោះមិនឃើញ
ប្រិយមិត្តជាច្រើន នៅមន្ទិលជាមួយបទ "ស្នេហ៍ឆ្លងវេហាស៍" ដែលត្រូវបានបកស្រាយដោយ ខេមរៈ សិរីមន្ត និង មាស សុខសោភា លើឆាកអាណាចក្រតារាឆ្នាំទី២ ថាជាបទរបស់ខ្មែរ ឬថៃ ដោយសារថាបទនេះ ទាំងខ្មែរ និងថៃមានដូចគ្នា។ តើជាការពិតឬយ៉ាងណា ស្ដាប់ការបកស្រាយពីអ្នកស្រី ឌី សាវ៉េត ទាំងអស់គ្នា។
បទ"ស្នេហ៍ឆ្លងវេហាស៍" នេះជាបទចម្រៀងសហការគ្នារវាងតារាសម្ដែងជើងចាស់ ឌី សាវ៉េត និងផលិតករថៃ ចេញពីខ្សែរឿង "ជីវិតផ្សងព្រេង" ។ អ្នកស្រី ឌី សាវ៉េត បានគូសបញ្ជាក់ថា ៖"ពួកយើងរួមគំនិតគ្នាធ្វើ ទាំងសាច់រឿងទាំងចម្រៀង មិនមែនជារបស់នរណាម្នាក់នោះទេ"។
ស្គាល់បទ “ស្នេហ៍ឆ្លងវេហាស៍” ស្ដាប់ ឌី សាវ៉េត រៀបរាប់ដំណើររឿង
អ្នកស្រីបន្តថា ការដែលបទនេះ មានច្រៀងទាំងភាសាខ្មែរ និងថៃ គឺដោយសារភាពយន្ត "ជីវិតផ្សងព្រេង" ដែលជាប្រភពកំណើតនៃបទនេះ ត្រូវចាក់បញ្ចាំងនៅប្រទេសទាំងពីរដែរ ទើបត្រូវបកប្រែជាពីរភាសាដែរ ក្នុងនោះដំបូងឡើយ គឺរឿង" ជីវិតផ្សងព្រេង" ត្រូវបានចាក់បញ្ចាំងនៅថៃ។ ដូច្នេះ បទ "ស្នេហ៍ឆ្លងវេហាស៍" ក៏បានធ្វើជាភាសាថៃ ច្រៀងដោយអ្នកស្រី និង អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត។ លុះពេលរឿងនេះយកមកបញ្ចាំងនៅស្រុកខ្មែរ ទើបធ្វើជាភាសាខ្មែរមួយដែរ។
ឯកអគ្គរាជទូតថៃ និង ឌី សាវ៉េត បង្ហើបរឿងខ្មែរដំបូងល្បីខ្លាំង
ទោះយ៉ាងនេះក្ដី ជាចុងក្រោយ អ្នកស្រី ឌី សាវ៉េត គូសបញ្ជាក់ថា បទនេះ ក្រុមអ្នកផលិត(អ្នកស្រី និងផលិតករថៃ) គិតពីតថភាពនៅស្រុកថៃច្រើនជាង ដូច្នេះទំនុកនៃបទ គឺទោរទន់ទៅរកខាងប្រទេសថៃច្រើនជាងហើយ។ ប៉ុន្តែសរុបមក ទាំងបទខ្មែរ និងថៃ សុទ្ធតែបកស្រាយដោយ អ្នកស្រី និងអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ដូចគ្នា៕
(បទ ស្នេហ៍ឆ្លងវហាស៍ ជាភាសាថៃ ច្រៀងដោយអធិរាជ សំឡេងមាស ស៊ិន ស៊ីសាមុត& ឌីសាវ៉េត)
អត្ថបទ៖ ថា ម៉ាលីដា