ធា គ្រុយ៖ ពេល​ធ្វើការ ហេតុ​អ្វីពេទ្យ​ចាំបាច់​ពាក់​អាវ​ស?

  • 2016-04-11 16:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិធី​បំពាក់ឯកសណ្ឋានពេទ្យ និង​ការ​ធ្វើ​សច្ចាប្រណិធាន សម្រាប់​សិស្ស​មហាវិទ្យាល័យ​​វិទ្យាសាស្ត្រ​សុខាភិបាល កាល​ពី​ថ្ងៃ​ទី ៧ មេសា​កន្លង​មក ឯកឧត្ដម​ សាស្ត្រាចារ្យ​ វេជ្ជបណ្ឌិត​ ធា គ្រុយ រដ្ឋលេខាធិការ​​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈ​គ្រូពេទ្យ​កម្ពុជា បាន​ដាក់​សំណួរ ​​ទៅកាន់​​សិស្ស​ពេទ្យ​រាប់​ពាន់​នាក់​ថា ពេល​ធ្វើការ ហេតុ​អ្វី​​ពេទ្យ​ចាំបាច់​ពាក់​អាវ​ស?

 

 

 

លោក​សាស្ត្រាចារ្យ បាន​ធ្វើ​ការ​បកស្រាយ​​យ៉ាង​ដូច្នេះ​ថា គ្រូពេទ្យ​ពាក់​អាវ​ស (ឯកសណ្ឋានពេទ្យ) ព្រោះ​​គ្រូពេទ្យ ជា​បុគ្គល​សំខាន់ម្នាក់ ដែល​​ពាក់​ព័ន្ធ​​សុខភាព និង​អាយុជីវិត​របស់​មនុស្ស។

 

"ពាក់​អាវ​ស ​ដើម្បី​ឱ្យ​ដឹង​ថា ខ្លួន​ឯង​​មាន​ភារកិច្ច​សំខាន់ ទទួលបន្ទុក​​​សង្គ្រោះ​ជីវិត​ និង​សុខភាព​របស់​អ្នកជំងឺ។ ឱ្យ​​​ដឹង​ថា ​អ្នក​ឯង​ជា​នរណា​គេ កំពុង​ធ្វើអ្វី ត្រូវ​ធ្វើ​អ្វី។ ​ទោះ​ជាប់​សន្យា​អ្វី​ ​ជា​មួយ​អ្នកណា​ក៏​ដោយ ឱ្យ​តែ​​ពាក់​ព័ន្ធ​ជាមួយ​ជីវិត​ក្បែរ​ខ្លួន អ្វីៗ​ទាំងឡាយ​​នោះ ត្រូវ​ទុក​ចោល​ទាំងអស់។ ជា​អ្នក​ជាប់​ភារៈ​សំខាន់!។ ខ្ញុំ​បាន​ស្ដាប់​សច្ចាប្រណិធាន​មិញ អស់លោក​ជ្រាប អ្នក​អាន​ក៏​ជ្រាប​អ្នក​ថា​តាម​ក៏​ជ្រាប។ មិញ​ដល់​ថ្នាក់​ថា ស៊ូ​បោះ​បង់​ជីវិត មិន​លះ​បង់​អ្វី​ដែល​ត្រូវ​ធ្វើ។ តឹងតែង​មែន​ទែន! ខ្ញុំ​បារម្ភ! ឃ្លា​មួយ​ហ្នឹង ខ្ញុំ​បារម្ភ […] ខ្ញុំ​សង្ឃឹម​ថា​​​អស់លោក​កំពុង​ស្បថ​មែនទែន ខ្ញុំ​សង្ឃឹម​ថា​លោក​នឹង​បន្ត​ទទួល​ពាក្យ​សម្បថ​នេះ ទៅ​ពិចារណា និង​អនុវត្ត​​តាម​លទ្ធភាព​ខ្ពស់​បំផុត ប្រឹងប្រែង​បំផុត មិន​ខ្ជីខ្ជា។ និយាយ​ឱ្យ​ចំ​មែន​ទែន​មិន​បាច់​ស្បថ​ក៏​បាន​ដែរ ឱ្យ​តែ​មាំទាំ ឱ្យ​តែ​ច្បាស់លាស់ មិន​បាច់​ស្បថ​ក៏​បាន​ដែរ តែ​បើ​បាន​ស្បថ​ទៀត​កាន់​តែ​មាំទាំ […] ខ្ញុំ​ចង់​បាន​ជាងគេ គឺ​ឃ្លា​មួយ​ម៉ាត់​នេះ​ទេ ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់! ថាអស់​លោក​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​អត់? ពី​ព្រោះ​ពាក់ព័ន្ធ​នឹង​ជីវិត​​អ្នកជំងឺ ដែល​នៅ​នឹង​មុខ​យើង”។

 

ឯកឧត្ដម​ធា គ្រុយ បាន​បន្ត​ថា៖ “...បង​ប្អូន​ៗ​តិច​ទៀត​​​ចុះ​កម្មសិក្សា​នៅ​មន្ទីរពេទ្យ ហើយ​ពិសេស​ពេល​បង​ប្អូន​ចេញ​មក បង​ប្អូន​នឹង​មើល​ឃើញ នៅ​ពេល​បង​ប្អូន​នៅ​ចំពោះ​​ជីវិត​មួយ។ ជីវិត​នោះ​មិន​មែន​​ស្បថស្បែ​ដូច​មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា​ទេ។ អត់​មាន​បង អូន​ស្លាប់ អត់​មាន​អូន​ បង​ពិបាក​រស់។ ដល់​មែន​ទែន​ទៅ​ មិន​ដឹង​យ៉ាងណា​ដែរ ពេល​ហ្នឹង​ថា​អ៊ីចឹង ដល់​ពេល​គ្មាន​បង​​អូន​ក៏​​រស់​ស្រួល​ម្យ៉ាង​ដែរ អត់​មាន​អូន បង​រស់​ស្រួល​មួយ​បែប​ទៀត ប៉ុន្តែ​ជីវិត​មួយ​ហ្នឹង បើ​អត់​គ្រូពេទ្យ​ដឹង​តែ​ស្លាប។ បើ​អស់​លោក​មាំទាំ​ប្រឹងប្រែង​​ខ្ពស់ អ្នកជំងឺ​ម្នាក់​ចង់​ស្លាប់​ ក៏​ពិបាក​ស្លាប់​ដែរ...”។

 

ចំណុច​មួយ​ទៀត ការ​ពាក់​អាវ​ស គឺ​ជា​រូប​ភាព​​មួយ​បង្ហាញ​ថា ពេទ្យ​ជា​អ្នក​ត្រឹម​ត្រូវ ថ្លៃថ្នូរ ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់ និង​ជា​មនុស្ស មាន​ចំណេះ​ដឹង មា​ន​រាងកាយ​មាំទាំ មាន​សមត្ថភាព មាន​ជំនាញ និង​មាន​សីលធម៌​ល្អ។

 

"ធ្វើ​ពេទ្យ​មិន​មែន​ចេះ​តែ​ពេទ្យ​មួយ​មុខ​ទេ។ ធ្វើ​គ្រូពេទ្យ​ត្រូវ​មាន​សមត្ថភាព ជំនាញ​មាំទាំ បើ​មាន​សីលធម៌ អត់​សមត្ថភាព មិន​អាច​វះកាត់​​ឱ្យ​អ្នកជំងឺ​ជា​បាន​ទេ។ បើ​មាន​សមត្ថភាព អត់​សីលធម៌ នោះ​ពេទ្យ​នឹង​ច្នៃ​ជំនាញ ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​ហើយ។ វា​ជា​កញ្ចប់​មួយ​ដែល​មក​ជាមួយ​គ្នា ទាំង​ជំនាញ​មាំទាំ និង​​សីលធម៌។ អាជីព​គ្រូពេទ្យ បើ​គ្មាន​សីលធម៌​ទេ គ្រោះ​ថ្នាក់​បំផុត​គ្រូពេទ្យ​ពូកែ"។

 

លោក​វេជ្ជបណ្ឌិត បាន​បញ្ជក់​ថា ក្រមសីលធម៌​សំខាន់​ណាស់។ ចំពោះ​គ្រូពេទ្យ មិន​ផ្សាយ​ពាណិជ្ជកម្ម​ពី​មុខរបរ​ខ្លួន និង​មិន​ប្រកាស​​ថា​ខ្លួន​ឯង​ពូកែ​ដែរ។ របរ​គ្រូពេទ្យ ត្រូវ​បាន​ហាម​​មិន​ធ្វើ​ការ​ជួញដូរ ជា​វិជ្ជាជីវៈ​វិជ្ជាសាស្ត្រ ឬ​សុខាភិបាល និង​មាន​នាទី​រក្សា​​ការ​សម្ងាត់​ជូន​អ្នកជំងឺ៕

 

ចុចអាន៖ លើក​ទី១ កម្ពុជា​​មាន​​ពិធី​បំពាក់​​ឯកសណ្ឋាន​​ពេទ្យ និង​​​ធ្វើ​​សច្ចា​​ប្រណិធាន

 

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម