ចុកពោះញឹកញាប់ អាចបណ្ដាលមកពីមូលហេតុជាច្រើននឹកស្មានមិនដល់
- 2016-08-30 16:39:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចុកពោះញឹកញាប់ អាចបណ្ដាលមកពីមូលហេតុជាច្រើននឹកស្មានមិនដល់
ចន្លោះមិនឃើញ
អាការៈចុកពោះ អាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាង ដោយពាក់ព័ន្ធទៅនឹងសរីរាង្គខាងក្នុង ឬខាងក្រៅពោះ។ នេះបើតាមការលើកឡើងរបស់លោក វេជ្ជបណ្ឌិត ថេង សទ្ធា ឯកទេសផ្នែកវះកាត់ប្រព័ន្ធរំលាយអាហារនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងជាអ្នកណែនាំផ្នែកទ្រឹស្ដីនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។
វេជ្ជបណ្ឌិតជំនាញរូបនេះបានប្រាប់ថា សរីរាង្គពោះដែលគេកំណត់រាប់ចាប់ពីផ្នែកឆ្អឹងត្រគាកឡើងរហូតដល់ផុតឆ្អឹងជំនីរ អាចឈឺចុកចាប់ ដោយសារកត្តាមួយចំនួនដូចជា៖
*** ទី១ ការរលាកសរីរាង្គណាមួយនៅក្នុងពោះ។ ការឆ្លងមេរោគលើសរីរាង្គណាមួយនៅក្នុងពោះ។
*** ទី២ ការធ្លាយសរីរាង្គណាមួយនៅក្នុងពោះ ឧទាហរណ៍ដូចជា៖ ការធ្លាយក្រពះ ធ្លាយពោះវៀនតូច ឬធំ ឬការធ្លាយថង់ទឹកប្រមាត់ ជាដើម។
*** ទី៣ ការស្ទះសរីរាង្គប្រហោងណាមួយនៅក្នុងពោះ ដូចជាក្រពះ ពោះវៀនតូច ពោះវៀនធំ។
*** ទី៤ ការរលួយសរីរាង្គណាមួយនៅក្នុងពោះ ឬជាការកៀបសង្កត់សរីរាង្គណាមួយនៅក្នុងពោះ។
*** មូលហេតុផ្សេងៗទៀត៖ ការហូរឈាមនៅក្នុងពោះ ការឈឺចុកចាប់ពោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ឬទាក់ទងនឹងសរីរាង្គមួយចំនួនដូចជា ការឈឺទ្រូង ឈឺបេះដូង រលាកសួត ដែលទាំងនោះធ្វើឲ្យមានអាការៈឈឺចុកពោះផដែរ។
ដោយសារមូលហេតុជាច្រើនទាំងនោះ នៅពេលមានអាការៈចុកពោះ វេជ្ជបណ្ឌិតឯកទេសខាងលើ បានណែនាំ ឲ្យអ្នកជំងឺទៅជួបវេជ្ជបណ្ឌិតជំនាញ ដើម្បីគ្រូពេទ្យកំណត់ឲ្យបានច្បាស់ ថាបណ្ដាលមកពីមូលហេតុណាមួយ និងព្យាបាលឲ្យបានត្រឹមត្រូវ ជៀសវាងការទុកចោលយូរបណ្ដាលឲ្យកើតជាជំងឺមហារីក និងជំងឺធ្ងន់ធ្ងរផ្សេងៗទៀត៕
ចុចអាន៖ កាត់ថង់ទឹកប្រមាត់ ឆាប់ពុលអាហារ?
អត្ថបទ៖ មាន រតនា