ចេះប៉ុន្មានក្បាច់នេះ ពេលមករៀននៅភ្នំពេញ ដឹងតែអនាគតរស់ស្រួល
- 2017-09-26 02:51:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេះប៉ុន្មានក្បាច់នេះ ពេលមករៀននៅភ្នំពេញ ដឹងតែអនាគតរស់ស្រួល
ចន្លោះមិនឃើញ
ក្នុងមួយឆ្នាំៗមាននិស្សិតរាប់ពាន់នាក់ចាកចេញពីស្រុកកំណើត មកបន្តការសិក្សានៅរាជធានីភ្នំពេញ ដើម្បីស្វែងរកអនាគតរៀងខ្លួន។ ដូច្នេះតើគួរធ្វើដូចម្ដេចខ្លះ ដើម្បីទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់ ជូនខ្លួនឯងក៏ដូចជាគ្រួសារ? ខាងក្រោមនេះជាគន្លឹះសំខាន់ៗបំផុត គួរដកស្រង់យកទៅប្រើប្រាស់ អំឡុងពេលមកសិក្សានៅទីក្រុងភ្នំពេញ៖
១. កុំខ្លាចញញើតញញើមតែត្រូវប្រយ័ត្នជានិច្ច'
បើតាមការលើកឡើងរបស់លោក សេរី ឧត្ដម ជាបុគ្គលិកក្នុងក្រុមហ៊ុនឯកជនមួយលើកឡើងថា ភាពក្លាហានសម្រាប់និស្សិតមកពីបណ្ដាខេត្តពិតជាសំខាន់បំផុត ដើម្បីមុជបានជ្រៅទៅបានឆ្ងាយ។ ត្រង់ចំណុចនេះសំដៅថា មិនថារឿងអ្វីត្រូវហ៊ានសួរ ហ៊ានដើរ ហ៊ាននិយាយ ក្នុងនោះរាប់បញ្ចូលទាំងការស៊ើបសួរពីកន្លែងស្នាក់នៅ កន្លែងរៀន កន្លែងលក់អាហារ កន្លែងលក់សំលៀកបំពាក់ជាដើម គឺត្រូវធ្វើខ្លួនឱ្យហំហាន កុំបង្ហាញឫកពាញញើតញញើមពេក។ ប្រសិនបើមានភាពក្លាហានតាំងពីរឿងតូចៗនេះឡើង ទៅថ្ងៃមុខមិនថាទៅដល់ទីណា យើងមិនដែលនៅក្រោមគេទេ។
២. រៀនប្រឡូកក្នុងសង្គមឱ្យច្រើន
លោក សេរី ឧត្ដម ដដែលបន្ថែមទៀតថា ជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក គឺការប្រឡូកក្នុងសង្គមឱ្យបានច្រើន ដើម្បីប្រមូលផ្ដុំបទពិសោធន៍ ពង្រីកចំណេះដឹង បង្កើនភាពក្លាហាន និងទទួលបានព័ត៌មានល្អៗច្រើន។ ឧត្ដមបន្តទៀតថា ការប្រឡូកក្នុងសង្គមនេះ តាមរយៈការចូលរួមកម្មវិធីប្រឡងប្រជែងនានា កម្មវិធីសិក្ខាសាលា វគ្គបណ្ដុះបណ្ដាលនានា ដែលសុទ្ធសឹងតែជាជង្រុកចំណេះដឹង និងបទពិសោធន៍អាចយកទៅប្រើប្រាស់ថ្ងៃក្រោយ។
៣. បង្កើតទំនាក់ទំនងជាមួយបុគ្គលមានប្រយោជន៍ឱ្យច្រើន
ការបង្កើតទំនាក់ទំនងក៏ជារឿងសំខាន់មិនអាចកាត់ផ្ដាច់បាន មិនមែនមកពីរៀនចូលផ្ទះ ចេញពីផ្ទះទៅសាលា ម្នាក់ឯងឆ្កុយៗនោះទេ គួរបង្កើតចំណងមិត្តភាពជាមួយមនុស្សល្អៗក្នុងសង្គមឱ្យបានច្រើន ដូចជាលោកគ្រូអ្នកគ្រូ សិស្សពូកែ និងអ្នកដែលមានបទពិសោធន៍ច្រើនក្នុងជីវិត។ តាមរយៈការសេពគប់ជាមួយមនុស្សទាំងនេះ ធ្វើឱ្យយើងទទួលបានព័ត៌មានល្អៗច្រើន ការផ្ទេរ និងចែករំលែកចំណេះដឹងដ៏សម្បូរបែប ដែលជំរុញឱ្យការគិតរបស់យើងកាន់តែទូលំទូលាយ។ នេះបើតាមការលើកឡើងរបស់លោក ជី ដានិត ជាមន្ត្រីក្នុងស្ថាប័នរដ្ឋមួយកន្លែង។
៤. ចាប់ឱកាសល្អៗ
លោក ជី ដានិត មកពីខេត្តកំពង់ចាមរូបនេះ បន្តទៀតថា បើមានឱកាសល្អៗណាមួយមកដល់ហើយ មិនគួរឱ្យរំលងផុតទៅទេ មិនថាឱកាសការងារស្ម័គ្រចិត្ត ការប្រឡងប្រជែងសមត្ថភាពនានា ឬប្រឡងយកអាហារូបករណ៍ជាដើម គួរចូលរួមសាកល្បងពីសមត្ថភាពខ្លួនឯង។ ដានិត លើកឡើងថា ការចាប់ឱកាសនេះជាចំណុចសំខាន់បំផុត ក្នុងការជំរុញឱ្យយើងមានភាពរីកចម្រើន និងមានអនាគតល្អ។
៥. ព្យាយាមចំណាយពេលធ្វើរឿងមានប្រយោជន៍ឱ្យច្រើន
ភាពភ្លើតភ្លើន ភាពភ្លេចខ្លួន អាចនាំទៅរកភាពបរាជ័យក្នុងជីវិតសម្រាប់អ្នកមករៀននៅភ្នំពេញ។ ដូច្នេះហើយត្រូវជៀសវាងធ្វើរឿងដែលឥតប្រយោជន៍ដូចជា ការសេពគប់ជាមួយមនុស្សភ្លើតភ្លើន ដើរលេងចំណាយលុយដែលឪពុកម្ដាយខំឱ្យ ធ្វើខ្លួនហ៊ឺហាមិនមើលមាឌ ត្រូវជៀសវាងដាច់ខាត។ ដូច្នេះគួរចំណាយពេលធ្វើរឿងដែលមានប្រយោជន៍ច្រើនដូចជា ការសិក្សាភាសាបរទេស រៀនកុំព្យូទ័រ សិក្សាស្រាវជ្រាវជាដើម។
៦. សិក្សាឱ្យត្រូវទេពកោសល្យ និងកំណត់គោលដៅឱ្យច្បាស់លាស់
ការជ្រើសរើសជំនាញឱ្យត្រូវនឹងទេពកោសល្យ និងកំណត់គោលដៅបន្ទាប់ពីរៀនចប់ គឺជារឿងសំខាន់ក្នុងការសម្រេចភាពជោគជ័យក្នុងជីវិត មិនមែនចេះតែរៀនតាមគ្នា តាមទីផ្សារ ដោយគ្មានគោលដៅជាក់លាក់នោះទេ។ នេះបើតាមការលើកឡើងរបស់សាស្ត្រាចារ្យ ហេង សុខហាក់ បង្រៀននៅសាកលវិទ្យាល័យឯកជនមួយ។
៧. ប្រឡូករឿងការងារកុំខ្លាចរឿងហត់
ប្រសិនបើវាស់ស្ទង់សមត្ថភាពខ្លួនឯងបានច្បាស់លាស់ និងបែងចែកពេលវេលាបានត្រឹមត្រូវ គួរតែប្រឡូករឿងការងារខ្លះៗ ដើម្បីយកបទពិសោធន៍ និងអាចសម្លឹងឃើញពីឱកាសការងារល្អៗទៅថ្ងៃមុខទៀត។ នេះជាការលើកឡើងបន្ថែមទៀតរបស់សាស្ត្រាចារ្យ ហេង សុខហាក់៕
ចុចអានអត្ថបទពាក់ព័ន្ធ៖