ចង់ទិញ GoPro? ឈប់សិន អានអត្ថបទនេះចប់សិន ក៏មិនទាន់ហួសពេលដែរ
- 2018-07-12 05:09:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ទិញ GoPro? ឈប់សិន អានអត្ថបទនេះចប់សិន ក៏មិនទាន់ហួសពេលដែរ
ចន្លោះមិនឃើញ
ការប្រើប្រាស់ Action Camera ស្លាកយីហោ GoPro កំពុងទទួលបានការគាំទ្រខ្លាំង រហូតដល់អតិថិជនមួយចំនួនបោះបង់ការកាន់កាមេរ៉ា DSLR មកទម្លាប់ប្រើកូនកាមេរ៉ាខ្នាតតូចនេះវិញ។ ដើម្បីប្រាកដមុនដាក់ចិត្តជះលុយជាង ៤០០ ដុល្លារ ថាគួរទិញ GoPro ឬអត់ Sabay ចែករំលែកឲ្យដឹងពីចំណុចខ្លាំងទាំង ៨ និងចំណុចខ្សោយទាំង ៣ ។
៨ ហេតុផលដែលអ្នកគួរទិញ GoPro:
១.ទំហំនិងទម្ងន់ខ្លួន:
ជាប្រភេទកូនកាមេរ៉ាមានរូបរាងតូច ស្រាល ងាយស្រួលទុកដាក់តាមខ្លួន មិនតែប៉ុណ្ណោះសូម្បីតែគ្រឿងបរិក្ខារ (Accessories) ប្រើប្រាស់ជាមួយត្រកូល Hero ក៏មិនជាធំប៉ុន្មានដែរ។ បច្ចុប្បន្នជំនាន់ចុងក្រោយ GoPro Hero6 Black មានវិមាត្រខ្លួន ៦,៥ x ៤,៥ x ៣,៥ ស.ម និងទម្ងន់ស្រាលត្រឹម ១១៨ ក្រាម។
២.អាវក្រោះការពារទឹក:
ចាប់ពីជំនាន់ Hero5/6 ឡើងទៅ GoPro បានបំពាក់មុខងារការពារជម្រាបទឹក ដល់ទៅ ៣៣ ហ្វីតឬ ១០ ម៉ែត្រចេញពីប្រអប់ស្រាប់ ពោលគឺមិនតម្រូវឲ្យប្រើប្រាស់ឧបករណ៍ជំនួយដូចត្រកូលសិស្សប្អូនជំនាន់មុនទៀតឡើយ។
៣.ភាពធុន:
ក្រៅពីអាវក្រោះការពារទឹក ការសាកល្បងទម្លាក់មើលភាពធុនជាច្រើនលើកច្រើនសារពីអ្នកជំនាញ អាចសឲ្យឃើញថាកាមេរ៉ា GoPro ពិតជាមានភាពធុនល្មមទទួលយកបាន។ ខាងក្រោមជាវីដេអូ Drop Test ពីលើរថយន្តកំពុងរត់នៅល្បឿន ៦៥ គ.ម/ម៉។
៤.អាចពាក់ប្រើប្រាស់:
ដោយកត្តាទំហំខ្លួនតូច និងស្រាល ជំរុញឲ្យកាមេរ៉ា GoPro អាចយកទៅពាក់នៅលើក្បាល កដៃ ទ្រូង ឬមួកសុវត្ថិភាពបានយ៉ាងងាយ។ ពេញនិយមខ្លាំងសម្រាប់អ្នកចូលចិត្តថតទិដ្ឋភាពអំឡុងពេលធ្វើដំណើរ ឬជិះកង់ឡើងភ្នំ។
៥.គុណភាពរូបអាចយកជាការ:
Hero6 បច្ចុប្បន្នវិវត្តដល់ការផ្តិតយករូបភាពនូវទំហំ 12MP ទាំងក្នុងទម្រង់ JPEG ឬ RAW បន្សំនឹងបច្ចេកវិទ្យា HDR និង Time-Lapse។
៦.ប្រភេទលែន Wide-angle:
លែនទំហំធំស្ថិតនៅមុំ ១៧០ ដឺក្រេ សឹងតែអនុញ្ញាតឲ្យការប្រើប្រាស់អាចចាប់យករូបភាពទាំងស្រុងដែលស្ថិតនៅពីមុខកាមេរ៉ា។ អមនឹងមុខងារពេញនិយមមួយដែលគេងាយសម្គាល់ថារូបសន្លឹកនោះថតចេញពី GoPro គឺ Fish-eye Effect ដែលយើងទម្លាប់ហៅថាប្រភេទរូបកោង។
៧.ការថតវីដេអូដល់កម្រិត 4K:
កាមេរ៉ា DSLR ធុនកណ្តាលខ្លះ ថ្លៃដល់ជាង ៧០០-៨០០ ដុល្លារ ក៏នៅមិនអាចថតវីដេអូ 4K បាននៅឡើយ។ ធៀបនឹង Hero6 អាចថតដល់កម្រិត 4K នៅលក្ខខណ្ឌ 60fps, 1080p នៅលក្ខខណ្ឌ 240fps អមនឹងមុខងារទប់លំនឹងបានយ៉ាងប្រសើរ លាយឡំរន្ធស្រូបសំឡេងចំនួន ៣។
៨.មុខងារ WiFi:
មិនបាច់ហត់នឹងការដោះ SD Card ទៅចម្លងរូបចូលក្នុងកុំព្យូទ័រ ដោយបច្ចេកវិទ្យាកំពុងអភិវឌ្ឍជំរុញឲ្យ GoPro គាំទ្រមុខងារ WiFi អាចផ្ទេរចេញរូបភាពទៅលើស្មាតហ្វូនបានយ៉ាងងាយស្រួល អមការបញ្ជាដោយផ្ទាល់ថែមទៀតផង។
៣ ហេតុផលដែលអ្នកមិនគួរទិញ GoPro:
១.ការចំណាយពេលវេលាច្រើន:
បើអ្នកធ្លាប់តែកាន់ DSLR ឬកាមេរ៉ាទូរសព្ទ ហើយងាកមកប្រើប្រាស់ GoPro ពិតណាស់ដែលត្រូវចំណាយពេលច្រើនក្នុងការសិក្សាឲ្យស៊ីជម្រៅពីតិចនិកថតឲ្យបានល្អ។ ប្រភេទ Action Camera មួយនេះ មានលក្ខណៈខុសប្លែកទៅនឹងកាមេរ៉ាដទៃ ចំណុចនេះហើយអតិថិជនពិតជាត្រូវការចាំបាច់គ្រូជំនួយ YouTube និង Google។
២.ពិបាកក្នុងការកាន់:
ប្រសិនកាន់ត្រឹមតួខ្លួន ក្នុងកាលៈទេសៈខ្លះក៏ពិបាកនឹងចុចប្រើប្រាស់ បែបនេះហើយទាមទារឲ្យអ្នកប្រើប្រាស់ត្រូវទិញដងជំនួយ (Selfie Stick ឬ Extend Pole) ហើយបើអាចគួរទិញតេឡេបញ្ជាពីចម្ងាយមួយផ្សេងទៀត ប៉ុន្តែគិតទៅការចំណាយលុយបន្ថែមក៏រាងក្រាស់ក្រែលដែរ។
៣.គ្មាន Viewfinder និងថាមពលថ្មតូច:
អ្នកកាន់ DSLR បើឲ្យមកសាកប្រើ GoPro អាចជាហត់នឿយបន្តិច ក្នុងទម្លាប់ពុំផ្តិតយករូបភាពតាមរយៈ Viewfinder ដែលជាជំនួយការចាំបាច់ដ៏ងាយស្រួលមួយក្នុងការថត ពោលគឺអ្នកប្រើប្រាស់ត្រូវប្តូរមកសម្លឹងឲ្យជាប់លើអេក្រង់ LCD ទំហំតូចត្រឹម ២ អ៊ីញ។ កត្តាមួយផ្សេងទៀតទាក់ទងនឹងថាមពលថ្មទំហំ ១ ២២០mAh លើ Hero6 ថតនៅកម្រិត ១ ០៨០p លក្ខខណ្ឌ ៦០fps អាចប្រើបានត្រឹម ១ ម៉ោង ៤៥ នាទី ធៀបនឹង 4K យ៉ាងយូរត្រឹម ៧០ នាទី ជារួមអ្នកគួរត្រៀមថវិកាទិញថ្មបម្រុងទើបជារឿងល្អ។
ប្រភព: https://clicklikethis.com/should-i-get-a-gopro/
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
អតីតបុគ្គលិក Apple អាចជាប់គុក ១០ ឆ្នាំ រឿងលួចគម្រោងការឡានបើកស្វ័យប្រវត្តិ
៥ ចំណុច ទូទាត់តាម QR Code វាយលុកផ្លូវចិត្តអ្នកដាក់លុយក្នុងកាបូបច្រើនៗ