Apple ទំនងជាអាចរកចំណូលបានដល់ ១០០ពាន់លានដុល្លារ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

  • 2021-01-22 02:44:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple នឹង​រាយការណ៍​អំពី​​ប្រាក់​ចំណូល​របស់​ខ្លួន​សម្រាប់​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ ២០២១ (គិត​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​តុលា ដល់​ថ្ងៃ​ទី​៣១​ខែ​ធ្នូ ឆ្នាំ ២០២០) នៅ​ថ្ងៃ​ទី​២៧ ខែ​មករា​ខាង​មុខ។

មាន​អ្នក​វិភាគ​ជា​ច្រើន​បាន​ព្យាករណ៍​ថា​​ប្រាក់​ចំណូល​ប្រចាំ​ត្រីមាស​របស់ Apple អាច​នឹង​មាន​ដល់​ខ្ទង់ ១០០​ពាន់​លាន​ដុល្លារ​ជា​លើក​ដំបូង​បំផុត។ គួរ​ដឹង​ថា​កំណត់​ត្រា​ប្រាក់​ចំណូល​ប្រចាំ​ត្រីមាស​ខ្ពស់​ជាង​គេ​របស់ Apple គឺ​មាន​ចំនួន ៩១,៨ពាន់​លាន​ដុល្លារ ដែល​​អាច​ស្វែង​រក​បាន​កាល​ពី​ត្រីមាស​ដំបូង​នៃ​ឆ្នាំ ២០២០។

ក្នុង​កំណត់​ត្រា​អ្នក​វិនិយោគ​​អ្នក​វិភាគ​របស់ Monness Crespi Hardt បាន​ប៉ាន់​ស្មាន​ថា Apple នឹង​រាយការណ៍​ពី​ប្រាក់​ចំណូល ១០៥,២ពាន់​លាន​ដុល្លារ ក្រោយ​ពី​បាន​ប្រកាស​ចេញ​ផលិតផល និង​សេវាកម្ម​ថ្មីៗ​មួយ​ចំនួន​ក្នុង​រយៈពេល ៣​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២០ ដែល​ក្នុង​នោះ​មាន​​ត្រកូល iPhone 12, iPad Air រូបរាងថ្មី, ​កុំព្យូទ័រ Mac ដែល​ប្រើ​ឈីប Apple ជាលើកដំបូង, HomePod mini, AirPods Max, សេវាកម្ម Apple Fitness+ និង​កញ្ចប់​សេវាកម្ម Apple One ផង​ដែរ។

ដោយ​ឡែក​អ្នក​វិភាគ​របស់ Morgan Stanley បាន​ព្យាករណ៍​ថា​ Apple អាច​នឹង​រាយការណ៍​ពី​ប្រាក់​ចំណូល ១០៨,២ពាន់​លាន​ដុល្លារ។ អ្នក​វិភាគ​​ឈ្មោះ​ Katy Huberty បាន​​និយាយ​ថា​​ត្រកូល iPhone 12 ជា​ផលិតផល​ជោគជ័យ​បំផុត​ក្នុង​ចំណោម​ផលិតផល​ដែល Apple ប្រកាស​ចេញ​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ ហើយ​​និន្នាការ​នៃ​ការ​សិក្សា និង​ធ្វើ​ការ​ពី​ផ្ទះ​ធ្វើ​ឲ្យ​តម្រូវ​ការ​ផលិតផល Apple មាន​ការ​កើន​ឡើង​ផង​ដែរ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម