​ពិត​មិន​ប្រឌិត​ អាជីព​ការងារ​ខុស​ជំនាញ​របស់​និស្សិត​ខ្មែរ

  • 2015-01-09 18:43:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​នៅ​ពេល​​​និស្សិត​មួយ​ចំនួន​ជ្រើសរើស​ជំនាញ​​សិក្សា​បន្ត​នៅ​មហាវិទ្យាល័យ ​ពួកគេ​តែងតែ​គិត​ទៅ​លើ​សមត្ថភាព​និង​ចំណង់ចំណូល​ចិត្ត។ ​ពួកគេ​គិត​ថា​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា ពួកគេ​នឹង​អាច​ទទួល​បាន​ឱកាស​ការងារ​ស្រប​តាម​ចំណេះ​និង​ជំនាញ​ដែល​ខ្លួន​សិក្សា។ តែ​ជាក់ស្ដែង​បច្ចុប្បន្ន​នេះ​គេ​ឃើញ និស្សិត​មួយ​ចំនួន​នៅ​ពេល​ឈាន​​ប្រឡូក​ចូល​​ក្នុង​អាជីព​ការងារ​ ​ពួកគេបែរ​ជា​​ទៅ​ចាប់​ការងារ​ខុស​ជំនាញ​ មិន​ដូច​អ្វី​ពួកគេ​នឹកស្រមៃ​​ពី​ដំបូង ​ដែល​ធ្វើ​ឲ្យ​សញ្ញាបត្រ​ដែល​ពួកគេ​ខំ​ប្រឹង​សម្រេច​បាន​យ៉ាង​លំបាក​ទៅ​ជា​​គ្មាន​​តម្លៃ​ និង​មិន​អាច​ប្រើប្រាស់​ជា​ប្រយោជន៍​បាន។

 

 

Sabay លើក​រឿងរ៉ាវ​របស់​យុវជន​មួយ​រូប ដែល​បាន​ចាប់​ជំនាញ​ព័ត៌មានវិទ្យា​សិក្សា តែ​ចុងក្រោយ​គេ​មិន​អាច​ប្រើ​ជំនាញ​​ដែល​​ខ្លួន​​សិក្សា ទៅ​អនុវត្ត​ក្នុង​អាជីព​ការងារ​​បាន​ពេញលេញ។

 

ផ្ដើម​ពី​​ការ​ស្រលាញ់​ចូលចិត្ត​មុខ​ជំនាញ​ព័ត៌មានវិទ្យា ដារ៉ា បាន​ចាកចេញ​ពី​ស្រុក​កំណើត​ក្រោយ​ប្រលង​ជាប់​​​​បាក់ឌុប​អំឡុង​ឆ្នាំ​២០០៣ ដើម្បី​មក​បន្ត​ការ​សិក្សា​​មុខ​ជំនាញ​​​ដែល​ខ្លួនពេញ​ចិត្ត​​នៅ​ទីក្រុង​ភ្នំពេញ។ ដោយ​​កំណត់​គោលដៅ​ចង់​ក្លាយ​ជា​អ្នក​បច្ចេកទេស IT ​ផ្ទុយ​ស្រឡះ​យុវជន​រូប​នេះ​បែរ​ជា​ទៅ​ចាប់​អាជីព​ការងារ​ខុស​ជំនាញ​​​ទៅ​ ធ្វើ​ជា​បុគ្គលិក​ QA នៅ​រោងចក្រ​កាត់ដេរ​ ​ដោយ​មិន​បាន​យក​ចំណេះ​និង​ជំនាញ​ដែល​ខ្លួន​សិក្សា ទៅ​អនុវត្ត​​នៅ​​ក្នុង​អាជីព​ការងារ​នោះ​ទេ។

 

ដារ៉ា ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ប្រលង​ជាប់​បាក់ឌុប​​ចប់​ភ្លាម​ក្នុង​ឆ្នាំ ២០០៣ គេ​ក៏​បាន​មក​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ ដោយ​បាន​ជ្រើសរើស​មុខ​ជំនាញ​ព័ត៌មានវិទ្យា​សិក្សា ដែល​ជា​មុខ​ជំនាញ​ដែល​គេ​​ស្រលាញ់​ចូលចិត្ត។

 

នៅ​​ភ្នំពេញ ដារ៉ា បាន​ទៅ​ស្នាក់​នៅ​ជាមួយ​បង​​ប្អូន ដោយសារ​ចង់​​កាត់​បន្ថយ​ការ​ចំណាយ​​ការ​រស់នៅ​បន្ថែម​ពី​លើ​ថ្លៃ​សិក្សា។ ​​ណាមួយ​ក៏​​ដោយសារ​មិន​សូវ​ស្គាល់​ភ្នំពេញ​ច្បាស់។ យ៉ាងណា​ក្នុង​អំឡុង​​ស្នាក់នៅ​នោះ ដារ៉ា ក៏​បាន​ព្យាយាម​ស្វែង​រក​ការងារ​ផ្សេងៗ​ ដើម្បី​អាច​រក​ចំណូល​បាន​ខ្លះ​ដើម្បី​ទុក​ដោះស្រាយ​ការ​រស់នៅ​និង​ការ​សិក្សា​ប្រចាំ​ថ្ងៃ​ ដោយ​មិន​ចង់​ពឹង​ផ្អែក​លើ​បង​ប្អូន​ទាំង​ស្រុង។

 

ដារ៉ា បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​កំពុង​រៀន​នៅ​ឆ្នាំ​ទី​មួយ សាច់ញាតិ​របស់​គេ​ម្នាក់​បាន​ណែនាំ​ការងារ​មួយ​ជា QA ​នៅ​រោងចក្រ​ដែល​​អាច​ទទួល​បាន​ប្រាក់​ខែ​ប្រហែល ៧០ ដុល្លារ។

 

“ការងារ​នេះ ដំបូង​ខ្ញុំ​មិន​ដឹង​ជា​ស្អី​ទេ តែ​ដោយសារ​តែ​ពេល​នោះ​គិត​ថា​ចង់​បាន​ការងារ​ធ្វើ​និង​ចង់​បាន​ចំណូល​ខ្លះ ក៏​ចេះ​តែ​ធ្វើ​សិន​ទៅ”។

 

យុវជន​នេះ​ថា ការងារ QA ជា​ការងារ​ដែល​ទាក់ទង​ការ​ត្រួត​ពិនិត្យ​គុណភាព​ក្រណាត់​ក្នុង​រោងចក្រ ដែល​​មិន​ទាក់ទង​ការ​ប្រើ​ចំណេះដឹង IT ទាល់​តែ​សោះ ខុស​ពី​ជំនាញ​ដែល​គេ​​សិក្សា។ ប៉ុន្តែ​ការងារ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​គេ​អាច​មាន​ឱកាស​ស្វែង​យល់​ពី​​ការងារ​សម្រាប់​​ជីវិត​​រស់នៅ​ទីក្រុង​ដំបូង។

 

ប្រាក់​ខែ ៧០ ជា​ប្រាក់ខែ​ដែល​ដារ៉ា​បាន​ប្រើ​កម្លាំង​ញើស​ឈាម​រក​បាន​ដោយ​លំបាក សម្រាប់​ការងារ​ដំបូង​នៅ​ក្នុង​ជីវិត​របស់​គេ។ យ៉ាង​ណា​ប្រាក់​ខែ​ប៉ុណ្ណេះ មិន​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​លើ​ការ​រស់នៅ​និង​ការ​សិក្សា​របស់​គេ​ បាន​ជា​ដុំកំភួន​នោះ​ទេ​ ហេតុ​នេះ​ទើប ដារ៉ា បាន​ស្វះស្វែង​រក​ការងារ​ថ្មី​នៅ​តាម​រោងចក្រ​ដទៃ​ទៀត​ជា​បន្ត​បន្ទាប់ ដោយ​នឹក​គិត​ថា​នឹង​ទទួល​បាន​ប្រាក់​ខែ​កាន់​តែ​ច្រើន​ជាង​មុន។

 

បន្ទាប់ពី​ផ្លាស់​ពី​រោងចក្រ​មួយ​ទៅ​រោងចក្រ​មួយ​ គួប​ផ្សំ​សមត្ថភាព​និង​បទ​ពិសោធន៍​​ការងារ​កាន់តែ​រឹងមាំ​ ដារ៉ា បាន​ឡើង​តួនាទី​ជា​បន្ត​បន្ទាប់​ និង​ប្រាក់​ខែ​ក៏​បាន​កាន់​តែ​ច្រើន​​មុន​ផង​ដែរ។ យ៉ាង​នេះ​ក្តី ការងារ​ថ្មី​ក៏​មិន​ខុស​ពី​ការងារ​ចាស់​គឺ​មិន​មែន​ជា​ការងារ​ដែល​ត្រូវ​ ជំនាញ​ដែល​គេ​សិក្សា​នោះ​ទេ។

 

“ខ្ញុំ​នៅ​តែ​ចាប់​អាជីព​ការងារ​ចាស់​ជា QA ប៉ុន្តែ​បាន​ឡើង​តួនាទី​ខ្ពស់​ជាង​មុន និង​ប្រាក់​ខែ​ក៏​បាន​កើន​ឡើង​​ប្រសើរ​ជាង​មុន​ដែរ”។

 

ការងារ​ថ្មី បាន​ធ្វើ​ឲ្យ ដារ៉ា មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ម្ចាស់ការ​លើ​ការ​ចំណាយ​ខ្លួន​ឯង​បាន​ ទាំង​ការ​រស់នៅ​និង​ការ​ចំណាយ​លើ​ការ​រៀន​សូត្រ រហូត​ដល់​សល់​ខ្លះ​បាន​ផ្តល់​ដល់​បងស្រី​សម្រាប់​ដោះស្រាយ​លើ​ការ​ចាយវាយ​ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។

 

យ៉ាងណា​ដារ៉ា ឲ្យ​ដឹង​ថា ការ​ទទួល​បាន​ជោគជ័យ​លើ​ការងារ តែ​បែរ​ជា​ធ្វើ​ឲ្យ​ការ​សិក្សា​របស់​គេ​មាន​ការ​ធ្លាក់​ចុះ​ទៅវិញ។

 

“ការធ្វើការ​ដែល​ខុស​ជំនាញ​នេះ បាន​ធ្វើ​ឲ្យ​ការ​សិក្សា​របស់​ខ្ញុំ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយសារ​ខ្ញុំ​មិន​សូវ​មាន​ពេល​ផ្តោត​លើ​ការ​សិក្សា រៀន​ឈប់​រៀន​ឈប់​ ណាមួយ​​​ការងារ​ក៏​មិន​ត្រូវ​ជំនាញ​ទៀត”។

 

ទោះ​បី​ការងារ​រវល់​និង​ លទ្ធផល​សិក្សា​មិន​សូវ​បាន​ល្អ ដារ៉ា ​បញ្ជាក់​ថា មិន​បាន​បោះបង់​ការ​សិក្សា​ចោល​ទេ​ ដោយ​បាន​បន្ត​រហូត​ដល់​ចប់​ចុង​ចប់​ដើម។

 

មានសញ្ញាបត្រ IT តែ​យុវជន​រូប​នេះ​ថា ​គេ​មិន​អាច​យក​ជំនាញ​ដែល​គេ​សិក្សា​យក​ទៅ​អនុវត្ត​ក្នុង​អាជីព​ការងារ​នោះ​ទេ ដោយសារ​គិត​ថា​សមត្ថភាព​របស់​ខ្លួន​នៅ​តែ​មាន​ការ​ខ្វះ​ខាត​ច្រើន និង​ណាមួយ​គិត​ទោះ​បី​អាច​រក​ការងារ​ថ្មី ក៏​ទទួល​បាន​ប្រាក់ខែ​​​មិន​ច្រើន​ដូច​ការងារ​ដែល​គេ​កំពុង​ធ្វើ​​បច្ចុប្បន្ន​នេះ​​​ដែរ។

 

បន្ត​អាន៖ ៥ ចំណុច​ក្ដៅ​មុន​​សម្រេច​ចិត្ត​ទិញ​ Smartphone ​យក​ទៅ​ប្រើប្រាស់

បន្ត​អាន​៖ ៣​វិធី​ធ្វើ​ឲ្យ​កុំព្យូទ័រ​កំពូល​យឺត​របស់​អ្នក​ដើរ​លឿន​ឡើង​វិញ​

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី