ចង់​បំបែក​ទីផ្សារ សាន់ដេ ​ត្រៀម​​លក់​ចម្រៀង Original ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ ២០១៥ ​​តម្លៃ ២​ ពាន់​រៀល

  • 2015-02-11 16:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ សាន់​ដេ​នឹង​លក់​ចម្រៀង CD និង VCD Original ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ត្រឹម​តម្លៃ ២​ ពាន់​រៀល​ប៉ុណ្ណោះ​ ដើម្បី​បំបែក​ទីផ្សារ​​ចម្រៀង​ក្នុង​ប្រទេស​កម្ពុជា ក្រោយ​ពី​មាន​ការ​ស្នើ​សុំ​ពី​ទស្សនិកជន។ ការ​ប្រកាស​នេះ​ ខណៈ​​ការ​ត្រៀម​ចេញ​ថត​បទ​ចម្រៀង​​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ២០១៥ នឹង​ធ្វើ​ឡើង នៅ​ចុង​ខែ​កុម្ភៈ​នេះ។

 

អ្នក​ចាត់​ការ​ទូទៅ​ផលិតកម្ម​សាន់ដេ​លោក ឡាយ សុក​ចំរើន និយាយ​ថា៖ "មាន​អ្នក​សំណូមពរ​មក​ខ្ញុំ​ច្រើន​ថា ​លក់​ចម្រៀង​ Original ២,៥ ​ដុល្លារ​ទៅ ៣​ដុល្លារ​​ពួកគាត់​​គ្មាន​លទ្ធភាព​ទិញ​ទេ។ ដូច្នេះ​ហើយ​ទើប​ឆ្នាំ​នេះ​ខ្ញុំ​លក់ CD ឬVCD Original ត្រឹម​តែ ២​​ពាន់​រៀល​ខ្មែរ ឱ្យ​ប្រជាជន​យើង​គាត់​អាច​ទិញ​ស្ដាប់​បាន​ទាំង​អស់​គ្នា ដោយ​មិន​រំពឹង​អាច​រក​ចំណូល​ត្រឡប់​មក​វិញ​ទេ"។

 

លោក ឡាយ សុកចំរើន អ្នក​ចាត់​ការ​ទូទៅ​ផលិតកម្ម​សាន់ដេ ក្នុង​ពិធី​សម្ពោធ​រឿង សង្សារ​ខ្មោច

 

លោក ឡាយ សុក​ចំរើន​បន្ត​ថា​ ការ​លក់​ចម្រៀង Original ត្រឹម​តម្លៃ​ ២ ​ពាន់​ រៀល មិន​មែន​ជា​យុទ្ធសាស្ត្រ​ដើម្បី​ប្រជែង​ទីផ្សារ​នឹង​ផលិតកម្ម​ផ្សេង​ទៀត​ដែល​ផលិត​ចម្រៀង​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ដូច​គ្នា​ទេ។ សាន់​ដេ​ធ្វើ​ដូច្នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​ពី​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ធំ​​មិន​មាន​លទ្ធភាព​ទិញ​បទ​​ចម្រៀង​ក្នុង​តម្លៃ​ពី ២​ដុល្លារ​ទៅ ៣​ដុល្លារ​តែ​។ ម្យ៉ាង​ទៀត​ការ​ធ្វើ​បែប​នេះ​​ ក្នុង​ន័យ​​ឱ្យ​បទ​ចម្រៀង​សាន់​ដេ​ដល់​ដៃ​ប្រជាជន​ទាំង​អស់​ក្នុង​ប្រទេស​ កម្ពុជា។

 

បើ​ទោះ​ជា​បញ្ចុះ​តម្លៃ​លក់​ចម្រៀង​មក​នៅ​ត្រឹម​កម្រិត​ទាប​មិន​ធ្លាប់​មាន​ពី​មុន​ក្ដី អ្នក​ចាត់​ការ​ទូទៅ​វ័យ​ក្មេង​រូប​នេះ​ ប្រាប់​ថា​ គុណ​ភាព គឺ​នៅ​ដដែល​ដូច​ជា​ឆ្នាំ​មុនៗ​ដែរ​ សម្រាប់​បទ​ចម្រៀង​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ឆ្នាំ​ ២០១៥។

 

នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ ​ផលិតកម្ម​សាន់ដេ​នឹង​ផលិតកម្ម​បទ​ចម្រៀង​ថ្មី​សុទ្ធ​ ទាំង​ទំនុក​ភ្លេង និង​ ទំនុក​ចម្រៀង​ ប្រមាណ​ពី ៧០​% ទៅ៨០% ដោយ​មាន​ចំនួន ៥ អាល់ប៊ុម ហើយ​ក្នុង​នោះ​តារា​ចម្រៀង​​ស្រី​-ប្រុស​ជាង ២០​ នឹង​មាន​វត្តមាន​ក្នុង​បទ​ចម្រៀង​ទាំង​អស់​គ្នា។

 

​តាម​រយៈ​ការ​លក់ CD និង​ VCD Original បញ្ចុះ​តម្លៃ​មក​នៅ​ត្រឹម​ ២​ពាន់​រៀល​​លោក ឡាយ សុក​ចំរើន ជឿជាក់​ថា​ផលិតកម្ម​ សាន់ដេ​នឹង​អាច​បំបែក​កំណត់​ត្រា​នៃ​ការ​លក់​បទ​ចម្រៀង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ខាង​មុខ។ មិន​​ត្រឹម​តែ​ទីផ្សារ​ក្នុង​ស្រុក​ទេ នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​ក៏​អាច​លក់​ក្នុង​តម្លៃ​នេះ​ដែរ​ដូច​ជា សហរដ្ឋអាមេរិក កាណាដា ជប៉ុន អូស្ត្រាលី បារាំង ចិន ជា​ដើម។

 

ផលិតកម្ម​ សាន់ដេ​នឹង​ចាប់​អនុវត្ត​ការ​លក់​បញ្ចុះ​តម្លៃ​ត្រឹម ២​ ពាន់​រៀល ចាប់​ពី​ពាក់​កណ្ដាល​ខែ កុម្ភៈ ឆ្នាំ​២០១៥​នេះ​តទៅ រហូត​ដល់​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​រួច។ ក្រៅ​តែ​ពី​អាល់ប៊ុម​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ  CD និង VCD ផ្សេង​ទៀត​ក៏​លក់​ក្នុង​តម្លៃ​នេះ​ដូច​គ្នា ហើយ​ប្រសិន​បើ​មាន​ការ​គាំទ្រ​ច្រើន​ពី​ប្រជាជន​ខ្មែរ​កាន់តែ​ខ្លាំង​ខាង​សាន់​ដេ​នឹង​​​បន្ដ​​​បញ្ចុះ​តម្លៃ​តទៅ​ទៀត។ លោក ឡាយ សុកចំរើន​ និយាយ៕​

 

អានអត្ថបទបន្ត៖ តារា​ល្បី​ឈ្មោះ ១២​ដួង​​នឹង​បង្ហាញ​ឈុត​ទឹក​ប៊ិក​​សុទ្ធ​ថ្ងៃ​បើក​​សម្ពោធ Domino’s Pizza

អានអត្ថបទបន្ត៖ ម៉ាញសាន់ សាន់ត្រូប៉េ សូមនាំជូនលោកអ្នកនូវរាត្រីដ៏អស្ចារ្យ

អានអត្ថបទបន្ត៖ ឈិន ឡុង៖​ ភាពយន្ត​​​សំខាន់​​ជាង​​គ្រួសារ​ខ្ញុំ

 

អត្ថបទ៖ អ៊ីង សុឡា

អត្ថបទពេញនិយម