ពេល​ដាច់​លុយ​ខ្លាំង​គួរ​ប្រថុយ​ធ្វើ​បែប​ហ្នឹង​ជាមួយ​សង្សារ​អត់​ហ្ន៎?

  • 2014-10-28 15:28:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​គ្មាន​ការ​លាក់​បាំង គឺ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​​រវាង​​មនុស្ស​ពីរ​នាក់​ ដែល​ស្រលាញ់​គ្នា​ ព្រោះ​វា​បាន​បញ្ជាក់​ពី​ភក្តី​ភាព​នៃ​​​ស្នេហា​មួយ ​ដែល​ទុក​ចិត្ត​គ្នា​ និង គ្មាន​អាថ៌កំបាំង។ ចុះ​ចំណែក​បញ្ហា​លុយ​កាក់​វិញ តើ​គួរ​តែ​ចែក​រំលែក​គ្នា​ដែរ​អត់​ នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា? ជា​ពិសេស​បុរស​ៗ​ហ្នឹង​តែ​ម្ដង បើ​សិន​ជា​ថ្ងៃ​ណា​មួយ​អ្នក​​ដាច់​លុយ ឬ​ត្រូវ​ការ​លុយ​បន្ទាន់ តើ​​​គួរ​​ប្រថុយ​​ហា​មាត់​ខ្ចី​សង្សារ​​មួយ​គ្រា​សិន​ដែរ​អត់? ខ្ចី​លុយ​សង្សារ​អញ្ចឹង​ តិច​គេ​ថា​ ប្រុស​អន់​ទៅ?

បើ​អញ្ចឹង​សាក​ស្តាប់​ យុវជន​បួន​នាក់​ខាង​ក្រោម​បញ្ចេញ​ទស្សនៈ​​យ៉ាង​ម៉េច​ខ្លះ​ ជុំវិញ​បញ្ហា​មួយ​នេះ។

 

រូបតំណាង

យុវជន​ តុលា​ អាយុ ​២២ ​ឆ្នាំ​ មក​ពី​ស្រុក​ស្អាង​ ជា​និស្សិត​សកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ " បើ​ខ្ចី​លុយ​សង្សារ​ចាយ គ្រាន់​តែ​​ដោះ​ទាល់​មួយ​គ្រា​​ ខ្ញុំ​យល់​ថា​ដូច​ជា​គ្មាន​បញ្ហា​អី​ទេ​ ឲ្យ​តែ​ខ្ចី​ហើយ​សង​វិញ​ តែ​បើ​ខ្ចី​ហើយ​ស៊ី​ដាច់​ អត់​សង​ ទើប​បាន​ជា​មនុស្ស​​ប្រុស​អន់​មែន តែ​បើ​យល់​ល្អ​មែន​ទែន​ កុំ​ខ្ចី​អី​ល្អ​ជាង​ ព្រោះ​មនុស្ស​ប្រុស​ ខ្ចី​លុយ​មនុស្ស​ស្រី​​​ស្ដាប់​ទៅ​ដូច​ជា​មិន​សម​សោះ"។

 

កញ្ញា ដាវី និស្សិត​វិទ្យា​ស្ថាន​វ៉ាន់ដា បាន​បញ្ចេញ​ទស្សនៈ​ស្រដៀង​នេះ​ដែរ​ថា​ ៖ " ធ្វើ​ជា​មនុស្ស​ប្រុស​មិន​គួរ​ខ្ចី​លុយ​សង្សារ​ចាយ​ទេ​ ព្រោះ​មនុស្ស​ប្រុស​ដែល​មាន​សង្សារ​ គួរ​តែ​មាន​លុយ​ជាប់​ខ្លួន​ជា​និច្ច​ ទោះ​តិច​​ ច្រើន​​ក៏​ដោយ​ តែ​បើ​ដល់​ថ្នាក់​ដាច់​លុយ​​ ក៏​មិន​គួរ​ប្រាប់​ឲ្យ​សង្សារ​ខ្លួន​ដឹង​ដែរ​ វា​ជា​រឿង​មួយ​គួរ​ឲ្យ​ខ្មាស​អៀន​ណាស់​ "។

 

ផ្ទុយ​ពី​ យុវជន​ទាំង​ពីរ​ខាង​លើ សុធា និស្សិត​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​​ថា​ ៖ " ខ្ញុំ​​ក៏​ធ្លាប់​ខ្ចី​លុយ​សង្សារ​ដែរ​ តែ​​​មិន​មែន​យក​ទៅ​​ចាយ​​លើ​អ្វី​អត់​ប្រយោជន៍​ទេ គឺ​ខ្ញុំ​គ្រាន់​តែ​កុន​លុយ​ដោះ​ស្រាយ​​បញ្ហា​មួយ​ពេល​ខ្លី​តែ​ប៉ុណ្ណោះ"។

 

សុធា ថ្លែង​បន្ថែម​ទៀត​ថា៖ តែ​ទោះ​ជា​យ៉ាង​ណា​ ខ្ញុំ​​នៅ​តែ​គិត​ថា​​ត្រឹម​ខ្ចី​លុយ​សង្សារ​ម្ដង​ម្កាល​អញ្ចឹង​ ដូច​ជា​មិន​​​មែន​ជា​រឿង​​អី​ធំ​ដំ ឬ​ក៏​អន់​អី​ទេ ណា​មួយ​សង្សារ​ខ្ញុំ​ចិត្ត​ទូលាយ​ណាស់​ គាត់​​និយាយ​ដោយ​បើក​ចំហ​ជាមួយ​ខ្ញុំ​​ទៀត​ផង​ថា​ ជា​សង្សារ​គ្នា​មាន​រឿង​អ្វី​ក៏​មិន​ត្រូវ​លាក់​បាំង​គ្នា​ដែរ​។

 

ស្រដៀង​គ្នា​នេះ​ដែរ​ យុវជន​​ សីថា​​ អាយុ២៣ ឆ្នាំ​ ជា​បុគ្គលិក​​ផ្នែក​លក់​នៃ​ក្រុម​ហ៊ុន​ឯកជន​មួយ​​​​ បាន​និយាយ​រៀប​រាប់​​ឲ្យ​ដឹង​ថា​ ៖ " រឿង​លុយ​កាក់​ ខ្ញុំ​តែង​តែ​ចែក​រំលែក​ជា​មួយ​សង្សារ​ញឹក​ញាប់​ណាស់​ ពី​ដំបូង​ខ្ញុំ​មិន​ហ៊ាន​ហារ​មាត់​ខ្ចី​ទេ​ ខ្លាច​សង្សារ​គិត​ថា​ខ្ញុំ​អន់ ព្រោះ​ខ្លួន​ជា​ប្រុស​ តែ​ដោយ​សារ​ខ្ញុំ​មាន​ហេតុ​ផល​ច្បាស់​លាស់​ជា​មួយ​គាត់​ ណា​មួយ​គាត់​ក៏​ស្រលាញ់​ខ្ញុំ​ស្មោះ​ ហេតុ​ដូច​នេះ​ហើយ​គ្រាន់​តែ​រឿង​ខ្ចី​លុយ​​​មាន​អី​ត្រូវ​ខ្លាច​ទៅ​"។

 

បុគ្គលិក​ដដែល​រូប​នេះ​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា​ " ម្យ៉ាង​ទៀត​ បើ​ស្រលាញ់​គ្នា​ស្មោះ​មែន​ ត្រូវ​ចេះ​ជួយ​គ្នា​ពេល​គ្រា​មាន​បញ្ហា​​ និង​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ទើប​ថ្ងៃ​ក្រោយ​អាច​ឈាន​ទៅ​ដល់​ចំណង​អាពាហ៍ពិពាហ៍​ពិត​ប្រាកដ​"៕

 

ចុះ​តើ​មាន​មិត្ត​យុវវ័យ​ណា​ខ្លះ ធ្លាប់​ជួប​រឿង​បែប​នេះ?

 

អត្ថបទ៖ យិន សំបូរ​​

​ ​

​​

​ ​​

អត្ថបទថ្មី