ម៉ា​ វីរ៉ូ រត់​២០​គ.ម​រាល់​ថ្ងៃ ទើប​បាន​លេខ​១ ពាក់​កណ្តាល​ម៉ារ៉ាតុង​នៅ​​ព្រះសីហនុ​

  • 2018-03-12 10:26:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​មាឌ​តូច​តែ​រត់​លឿន​ ម៉ា​ វីរ៉ូ​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​លើ​វិញ្ញាសា​ចម្ងាយ​២១​គីឡូម៉ែត្រ​នៃ​ការ​រត់​​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​​នៅ​​ខេត្ត​​​ព្រះសីហនុ​នេះ​កាល​ពី​​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។

កីឡាករ ម៉ា វីរ៉ូ

ម៉ា​ វីរ៉ូ​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ប្រកួត​អត្តពលកម្ម​ពាក់កណ្ដាល​ម៉ារ៉ាតុ​ងកាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ មិន​សូវ​ជា​ពិបាក​នោះ​ទេ​ ដោយ​សារ​បាន​ហ្វឹកហាត់​ត្រៀម​ដល់​ទៅ​៣ខែ​ មុន​ការ​ប្រកួត​មក​ម្ល៉េះ​ ដូច្នេះ​ហើយ​ទើប​ទទួល​បាន​លទ្ធផលល្អ​បែប​នេះ។​

ចំពោះ​ការ​ហ្វឹកហាត់​វិញ​ កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​​បន្ត​​​ថា ​ក្នុង​១ថ្ងៃ​ យ៉ាង​ហោច​ណាស់​ក៏​រត់​រយៈ​ពេល​១​ម៉ោង​ និង​៣០​នាទី​។ បើ​គិត​ទៅ​ប្រហែល​ជា​ង២០គីឡូម៉ែត្រ។​ នៅ​ថ្ងៃ​ខ្លះ​គឺ​ហ្វឹកហាត់​ផ្ដោត​លើ​លឿន​ ពោល​ហាត់​រត់​លឿន​ រត់​យឺត​ និង​ហាត់​រត់​ឡើង​ទួល​ ឬ​ឡើង​ជណ្ដើរ​ពហុ​កីឡដ្ឋាន​ជាតិ​ជា​ដើម។​ បើ​និយាយ​ពី​របប​អាហារ​វិញ​មិន​មាន​អ្វី​ខុស​ពី​ធម្មតា​នោះ​ទេ​ គ្រាន់​តែ​បរិភោគ​ឲ្យ​បានគ្រប់គ្រាន់ និង​ទៀងទាត់​។​

កីឡាករ កីឡាការិនី​ចូលរួម​

លោក​ សែម​ ផល្លា​ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ក៏​បាន​ឲ្យ​ដឹងដែរ​ថា​ ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់កណ្ដាល​ម៉ារ៉ាតុង​លើក​ទី៧​នេះ​ មាន​ការ​ចូលរួម​លើស​ពី​ឆ្នាំ​មុន​ទៅ​ទៀត​ ដែល​ចំនួន​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​ប្រហែល​ជា ២០០០នាក់។​ ការ​ប្រកួត​ដំណើរ​ការ​បាន​យ៉ាង​រលូន​ មិន​មាន​បញ្ហា​ណា​មួយ​នោះ​ទេ​។ ​ការ​រៀបចំ​សណ្ដាប់ធ្នាប់​ចរាចរណ៍​​​ល្អ​ប្រសើរ​ជាង​ឆ្នាំមុន​ទៅ​ទៀត​ ខណៈ​ផ្លូវ​រត់​ក៏​ល្អ​សមរម្យ​ផង​ដែរ។​

ពិធី​បំពាក់​មេដាយ​

ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១១​ ខែ​មីនា​ ឆ្នាំ​២០១៨​ នៅ​ក្រុម​ព្រះសីហនុ​ ដែល​ប្រកួត​លើ​ ៣​វិញ្ញាសា​ ៣គីឡូម៉ែត្រ​ ១០​គីឡូម៉ែត្រ​ និង​២១គីឡូម៉ែត្រ។​ ២១គីឡូម៉ែត្រ​ ចំណាត់​ថ្នាក់លេខ១​ កីឡាករ​ ម៉ា​ វីរ៉ូ​ (១ម​ ២០នាទី)​ លេខ២​ កីឡាករ​ Adelmann Frank​ (១ម​ ២៤នាទី)​ និង​លេខ៣​ កីឡាករ​ Cenenov Senenov Andel​ (១ម​ ២៦​នាទី)៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម