សូហ្វតេន្នីស រំពឹង​ចម្រាញ់​បាន​យុវជន​ឆ្នើម ពី​ការ​ប្រកួត​ថ្នាក់​ជាតិ​២០១៨

  • 2018-03-21 04:37:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហព័ន្ធ​កីឡា​​សូហ្វតេន្នីស​​កម្ពុជា បាន​ប្រកាស​បើក​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំ​​ឆ្នាំ​២០១៨ ​កាល​ពី​ព្រឹក​មិញ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

លោក ជា ប៊ុនហេង

លោក ជា​ ប៊ុន​ហេង អនុប្រធាន​ទី​១​នៃ​សហព័ន្ធ​​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ទាំង​គណៈកម្មការ​បច្ចេកទេស​ ព្រម​ទាំង​​គ្រួ​ជម្រើស​ជាតិ​ទាំង​អស់​ នឹង​ប្រឹង​ប្រែង​សម្លឹង​​​ស្វែង​រក​កីឡាករ​ឆ្នើមៗ ពិសេស​រើស​យក​ក្មេង​ដែល​មាន​ទេពកោសល្យ​មក​ចូល​ជា​ថ្នាល​របស់​ជម្រើស​ជាតិ​។ ​ជា​រៀងរាល់​ឆ្នាំព្រឹត្តិការណ៍​ធំ​នេះ​ តែង​ប្រមូល​បាន​យុវជន​ល្អ​ៗ ដើម្បី​​យក​មក​បណ្ដុះ​បណ្ដាល។

​​លោក​​បញ្ជាក់​​ថា ការ​ជ្រើស​រើស​ចូល​ជា​យុវជន​ថ្នាល​របស់​ជម្រើស​ជាតិ​ ​មើល​ទៅ​លើ​​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា កាយសម្បទា និង​ទឹក​​ចិត្ត​ស្រលាញ់​កីឡា​សូហ្វតេន្នីស ជា​ដើម។ ​ការ​រំពឹង​ទុក​នោះ​គឺ​ឆ្នាំ​នេះ នឹង​អាច​រើស​បាន​កីឡាករ​ល្អ​ៗ​មួយ​ចំនួន​ទៀត ជា​មួយ​​នឹង​ការ​ជ្រើស​រើស​នេះ​ដែរ​សហព័ន្ធ​មិន​បាន​កំណត់​ចំនួន​ឡើយ។

​​ការ​ប្រកួត​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​​មាន​ក្លឹប​ចូល​រួម​ចំនួន ៨ ​ក្នុង​នោះ​មាន​ ៤ ក្លឹប​នៅ​ភ្នំពេញ និង​ ៤ ក្លឹប​មក​ពីខេត្ត​កំពង់​ឆ្នាំង​ កំពង់​ស្ពឺ ត្បូងឃ្មុំ និង​​ខេត្ត​ព្រៃវែង។ វិញ្ញាសា​មាន ឯកត្តជន​បុរស-នារី វាយ​គូ​បុរស-នារី វាយ​គូ​​ចម្រុះ ឯកត្តជន​យុវជន​បុរស-នារី​ក្រោម ១៨ ឆ្នាំ វាយ​គូ​បុរស-នារី​ក្រោម ១៨ ឆ្នាំ​ និង​ វាយ​ក្រុម​បុរស​ក្រោម ១៨​ឆ្នាំ។ កីឡាករ​ចូល​រួម​មាន​បុរស​ ៥២ នាក់ និង​នារី​ ២៧ នាក់៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​