ចេះ​ឆែក​ឲ្យខ្ទេច​ប្រេង​ម៉ាស៊ីន​ និង​ទឹក​ ទាំង ៦​ កន្លែង​ ក្នុង​រថយន្ត​ មិន​បាច់ទៅ​រកជាង​ក៏​បាន​ដែរ

  • 2018-05-07 04:57:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថែ​ទាំ​រថយន្ត​ដោយ​ខ្លួន​ឯង ជា​កត្តា​មួយ​ដែល​ចាំ​បាច់​សម្រាប់​អ្នក​ប្រើប្រាស់​រថយន្ត​គ្រប់​រូប​ព្រោះ​មិន​ត្រឹម​តែ​អាច​ឲ្យ​អ្នក​ដឹង​ពី​ភាព​មិន​ប្រក្រតី​របស់​រថយន្ត​ឡើយ ថែម​ទាំង​អាច​បង្ការ​ពី​ការ​ប្រើប្រាស់​ទាំង​រថយន្ត​អ្នក​ដំណើរ​ការ​មិន​ស្រួល នាំ​ឲ្យ​អស់​ថ្លៃ​ជួស​ជុល​ច្រើន​ទៀត​ផង។

កម្រិត​ប្រេង​ម៉ាស៊ីន​ និង​ទឹក​​នៅ​ក្នុង​រថយន្ត​ជា​ផ្នែក​ដែល​សំខាន់ ដែល​អ្នក​ប្រើប្រាស់​រថយន្ត​គ្រប់​រូប​គួរ​ឆែក​ឲ្យ​បាន​ញឹកញាប់​យ៉ាង​ហោច​ណាស់​ មួយ​ខែ​ម្ដង ពិសេស​មុន​ពេល​ចេញ​ដំណើរ​ផ្លូវ​ឆ្ងាយ​តែ​ម្ដង​។ ថ្ងៃនេះ​ Sabay សូម​ណែ​នាំ​ជូន​នូវ​ចំណេះ​ដឹង​ ពាក់​ព័ន្ធ​នឹង​ការ​ឆែក​មើល​ប្រេង​ម៉ាស៊ីន​នានា និង​កម្រិត​ទឹក​ដែល​ត្រឹម​ត្រូវ​នៅ​ក្នុង​រថយន្ត​របស់​អ្នក​គ្រប់​គ្នា៖

១. ប្រេងម៉ាស៊ីន

នេះ​ជា​ប្រេង​ដែល​សំខាន់​បំផុត​នៅ​ក្នុង​រថយន្ត​របស់​អ្នក ព្រោះ​វា​ជា​អ្នក​ជួយ​សម្រួល​ដល់​ការ​ធ្វើការ​របស់​ម៉ាស៊ីន​ និង​កាត់​បន្ថយ​ភាព​សឹក​រេចរឹល។ អ្នក​ចាំ​បាច់​ត្រូវ​ប្ដូរ​ប្រេង​ម៉ាស៊ីន​រៀង​រាល់ ៨ ០០០ គ.ម ម្ដង ឬ​តាម​ការ​ណែ​នាំ​មក​ពី​រោង​ចក្រ​ផលិត​រថយន្ត​ផ្ទាល់។ ប៉ុន្តែ​មុន​នឹង​ឈាន​ដល់​ការ​ប្ដូរ​នេះ ប្រេងម៉ាស៊ីន​របស់​អ្នក​ក៏​អាច​ហួត​ ហើយ​ធ្លាក់​កម្រិត​ប្រេងម៉ាស៊ីន ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​ និង​ថែម​វា​ឲ្យ​ត្រឹម​ត្រូវ​តាម​កម្រិត​កំណត់។

មុន​ពេល​ឆែក​មើល​ប្រេងម៉ាស៊ីន ជា​ដំបូង​ត្រូវ​ពន្លត់​ម៉ាស៊ីន​ និង​ទុក​វា​ចោល​មួយ​សន្ទុះ​ឲ្យ​រាង​ចុះ​ត្រជាក់​បន្តិច​សិន។ បន្ទាប់​មក​ អ្នក​អាច​រក​មើល​ឆ្នុក​ដែល​មាន​ក្បាល​រាង​មូល​ពណ៌​លឿង​នៅ​ពី​ខាង​មុខ​ម៉ាស៊ីន​ហើយ​មួល​ទាញ​ដក​វា​ចេញ​មក​មើល​កម្រិត​ប្រេង។ ពេល​ដក​ចេញ​ហើយ ត្រូវ​យក​ក្រណាត់​ស្អាត​ទៅ​ជូត​ដែក​វាស់​កម្រិត​ប្រេង​ឲ្យ​ស្អាត ហើយ​ចាំ​ដាក់​ចូល​វិញ​មើល​កម្រិត​ប្រេង។ នៅ​ចុង​ដែក​វាស់​កម្រិត​ប្រេង មាន​ក្រិត​ចំនួន ២ សម្រាប់​សម្គាល់​ពី​កម្រិត​ពេញ​ និង​មាន​តិច។ ដូច្នេះ​ពេល​ដាក់​ចូល​វាស់ កម្រិត​ប្រេង​ម៉ាស៊ីន​របស់​អ្នក​គួរ​តែ​នៅ​ក្នុង​ចន្លោះ​នោះ។

បើ​សិន​ជា​ប្រេង​ម៉ាស៊ីន​មាន​ភាព​ខ្មៅ​ខ្លាំង​និង​មាន​កម្ទេចកំទី​ច្រើន អ្នក​គួរ​តែ​ប្ដូរ​ប្រេង​ឲ្យ​ហើយ​ទៅ។

២. ប្រេង​ចង្កឹះ​លេខ

រថយន្ត​ប្រភេទ​ថ្មី​ភាគ​ច្រើន​មិន​មាន​ដែក​វាស់​កម្រិត​ប្រេង​ចង្កឹះ​លេខ​មក​ជាមួយ​ទេ ដែល​ជា​ហេតុ​នាំ​ឲ្យ​គេ​ត្រូវ​ការ​យក​ទៅ​យានដ្ឋាន​ដើម្បី​មើល​កម្រិត​ប្រេង​ចង្កឹះ​លេខ។ ប៉ុន្តែ​បើ​រថយន្ត​របស់​អ្នក​មាន​ដែក​វាស់​កម្រិត​ប្រេង​ចង្កឹះ​លេខ​នោះ អ្នក​អាច​រក​វា​ឃើញ​នៅ​ខាង​មុខ​ចំពោះ​រថយន្ត​ប៉ុង​មុខ និង​ខាង​ឃ្លុប​ក្រោយ​សម្រាប់​រថយន្ត​ដែល​ប្រើ​ប៉ុង​ក្រោយ។

ដើម្បី​ពិនិត្យ​មើល​កម្រិត​ប្រេង​ចង្កឹះ​លេខ គេ​ត្រូវ​បញ្ឆេះ​រថយន្ត​ហើយ​ដាក់​ចង្កឹះ​លេខ​ទៅ​អក្សរ P ហើយ​វា​មាន​ដែក​វាស់​កម្រិត​ដែល​មាន​ក្រិត ២ បង្ហាញ​ថា ពេញ (FULL) ឬ​ក៏​កម្រិត​ទាប (LOW) ដែល​ប្រេង​ចង្កឹះ​លេខ​គួរ​ស្ថិត​នៅ​ចន្លោះ​ក្រិត​ទាំង​ពីរ​នេះ។

ប្រេង​ចង្កឹះ​លេខ​គួរ​ប្ដូរ​ចេញ​រៀង​រាល់ ៤៨ ០០០ គ.ម ទៅ ៩៦ ៥០០ គ.ម ម្ដង។ ប្រេង​ចង្កឹះ​លេខ​ភាគ​ច្រើន​មាន​ពណ៌ ក្រហម ផ្កាឈូក ឬ​ពណ៌​ត្នោត​ខ្ចី ប៉ុន្តែ​បើ​អ្នក​សង្កេត​ឃើញ​វា​មាន​ពណ៌​ត្នោត​ចាស់ ឬ​មាន​ក្លិន​ឆ្ងៀម​ នោះ​ប្រាកដ​ណាស់​ដល់​ពេល​ដែល​អ្នក​ត្រូវ​ប្ដូរ​វា​ចោល​ហើយ។

៣. ទឹក​ស្អំ​ម៉ាស៊ីន

មុន​ពេល​ឆែក​មើល​កម្រិត​ទឹក​ស្អំ​ម៉ាស៊ីន អ្នក​ត្រូវ​ប្រាកដ​ថា​ម៉ាស៊ីន​របស់​អ្នក​មិន​ដំណើរ​ការ និង​ស្ថិត​ក្នុង​ស្ថានភាព​ត្រជាក់។ ធុង​ទឹក​ស្អំ​ម៉ាស៊ីន​អាច​មើល​ធ្លុះ​ទៅ​ខាង​ក្នុង​បាន​ ហើយ​វា​មាន​កម្រិត​ទឹក​នៅ​លើ​ធុង​នោះ​ពី​ខាង​ក្រៅ​តែ​ម្ដង។ អ្នក​ចាំ​បាច់​ត្រូវ​មើល​ទៅ​លើ​សារធាតុ​រាវ​ដែល​អ្នក​ត្រូវ​លាយ​ជាមួយ​ទឹក​ថា​វា​ត្រូវ​ការ​លាយ​ជា​មួយ​ទឹក ៥០ ៥០ ដូច​គ្នា ឬ​ក៏​វា​ត្រូវ​បាន​លាយ​រួច​ជា​ស្រេច​ហើយ។ ទឹក​នៅ​ក្នុង​ធុង​ពណ៌​ស​នេះ​មិន​ចាំ​បាច់​មាន​ការ​ផ្លាស់​ប្ដូរ​ទេ តែ​មាន​ត្រូវ​ការ​ការ​ថែម​ជា​ប្រចាំ​ ដើម្បី​ធានា​ថា​ម៉ាស៊ីន​របស់​អ្នក​មិន​ក្ដៅ​ខ្លាំង​ពេក។

៤. ទឹក​លាង​កញ្ចក់

ត្រូវ​ប្រាកដ​ថា​ម៉ាស៊ីន​របស់​អ្នក​មិន​ដំណើរ​ការ និង​ស្ថិត​ក្នុង​ស្ថានភាព​ត្រជាក់ មុន​ពេល​ឆែក​មើល​កម្រិត​ទឹក​លាង​កញ្ចក់។ ទឹក​លាង​កញ្ចក់​ជា​ទឹក​សម្រាប់​បាញ់​ឲ្យ​ផ្លិត​ទឹក​របស់​អ្នក​ងាយ​ស្រួល​ក្នុង​ការ​វាស​កញ្ចក់​មុខ​ឲ្យ​ថ្លា​ជ្រះ​ដី​នានា។ បើ​ទឹក​នៅ​ក្នុង​នោះ​អស់ អ្នក​ប្រាកដ​ជា​យ៉ាប់​ហើយ​នៅ​ពេល​ចង់​ប្រើ​ផ្លិត​ទឹក។ ដូចនេះ អ្នក​គួរ​ថែម​ទឹក ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ធុង​តូច​ពណ៌​ស ជិត​ផ្លិត​ទឹក​នោះ​តាម​កម្រិត​នៅ​លើ​ធុង​នោះ​ផ្ទាល់​ដោយ​វា​អាច​មើល​ធ្លុះ​ដល់​ខាង​ក្នុង​អាច​ឃើញ​កម្រិត​ទឹក​បាន​យ៉ាង​ច្បាស់។

៥. ប្រេង​ហ្រ្វាំង​

ប្រេង​ហ្រ្វាំង​ស្ថិត​នៅ​ក្នុង​ធុង​ផ្ទុក​មួយ​នៅ​ខាង​ក្រោយ​ម៉ាស៊ីន​ ដែល​អាច​មើល​ផ្ទាល់​បាន ហើយ​មាន​ក្រិត​ ២ ដូច​គ្នា​គឺ ខ្ពស់​បំផុត (Maximum) និង​ទាប​បំផុត (Minimum)។ បើ​ប្រេង​ហ្រ្វាំង​របស់​អ្នក​មាន​កម្រិត​ទាប អ្នក​គួរ​តែ​ថែម​វា។ ប៉ុន្តែ​បើ​វា​លេច​ធ្លាយ​វិញ អ្នក​នឹង​ដឹង​ដោយ​ខ្លួន​ឯង​ដោយ​សារ​តែ ឈ្នាន់​ហ្រ្វាំង​នឹង​ធ្លាក់​ចុះ​ក្រោម ហើយ​មាន​អារម្មណ៍​ថា​ចម្លែក​តែ​ម្ដង។ អ្នក​គួរ​ប្ដូរ​ប្រេង​ហ្រ្វាំង​ជា​រៀង​រាល់ ៧២ ៤០០ គ.ម ម្ដង។

៦. ប្រេង​បូម​ចង្កូត

មុន​ពេល​ឆែក​មើល​កម្រិត​ប្រេង​បូម​ចង្កូត អ្នក​គួរ​តែ​បញ្ឆេះ​ម៉ាស៊ីន​ហើយ​បង្វិល​ចង្កូត ទៅ​ឆ្វេង​ទៅ​ស្ដាំ​ឲ្យ​ដល់​គន្លាក់​វា​សិន​សឹម​ពន្លត់​ម៉ាស៊ីន​ហើយ​ត្រួត​ពិនិត្យ​កម្រិត​ប្រេង។

ធុង​ប្រេង​បូម​ចង្កូត​អាច​មាន​ដែក​វាស់​កម្រិត​ប្រេង​មក​ជាមួយ​ស្រាប់ ឬ​ក៏​មាន​ត្រឹម​គម្រប​ដែល​អាច​ឲ្យ​អ្នក​មើល​ពី​ចំណុះ​នោះ​ថា​វា​គួរ​តែ​ត្រូវ​ថែម​ឬ​អត់ តាម​កម្រិត​របស់​វា​នៅ​លើ​ធុង​នោះ។

យ៉ាងណាមិញ​ ចំពោះ​ការ​ផ្លាស់​ប្ដូរ​ប្រេង​បូម​ចង្កូត​នេះ មាន​ការ​អះ​អាង​ខុស​គ្នា​ដោយ​ជាង​ខ្លះ​ថា គួរ​ប្ដូរ​ចេញ​ក្នុង​ចម្ងាយ ៤៨ ២០០ គ.ម ឬ ២​ឆ្នាំ ឯ​ខ្លះ​ទៀត​ថា​ចាប់​ពី ១២០ ០០០ គ.ម ទៅ ១៦០ ០០០ គ.ម សឹម​ប្ដូរ។ កត្តា​ល្អ​អ្នក​គួរ​ធ្វើ​តាម​សៀវភៅ​ណែនាំ​ចេញ​ពី​រោង​ចក្រ​សម្រាប់​រថយន្ត​អ្នក​ផ្ទាល់​តែ​ម្ដង៕

ចុចអាន៖

ប្រភព៖ angieslist   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី