រកឃើញម្ចាស់ជ័យលាភី ICT Award 2018 ក្នុង​នោះ Soyo ជាប់​ចំណាត់​ថ្នាក់​ដែរ

  • 2018-06-21 14:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​លទ្ធផល​បាន​រក​ឃើញ​ក្រុម​ហ៊ុន​ឆ្នើម​ៗ ដែល​បាន​ផ្ដើម​អាជីវកម្ម​ជោគជ័យ​លើ​ផ្នែក​បច្ចេកវិទ្យា ដោយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ខ្លាំង​ៗ​នោះ Soyo បាន​ឈ្នះ​ពាន​រង្វាន់​ពីរ ពី​កម្មវិធី Cambodia ICT Award 2018។ ការប្រកាស​លទ្ធផល​ធ្វើ​ឡើង​នៅ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ នៅ​ប៉ុន្មាន​​ម៉ោង​ ​មុន​នេះ។

- សូមចុចអាន៖ Cambodia ICT Award 2018 ពន្យារ​ពេល​ទទួល​ពាក្យ អ្នក​មិន​ទាន់​ដាក់​ប្រញាប់​ឡើង!

យោង​តាម​សេចក្ដី​រាយការណ៍​ពី​ លោក ម៉េងងី ក្រុម​ការងារ Sabay ដែល​បាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង​ពិធី​ប្រកាស​លទ្ធផល​ខាង​លើ បាន​ឲ្យ​ដឹង​ថា

- ជ័យលាភី​លេខ ១៖ បាន​ទៅ​លើ​ក្រុម​ហ៊ុន Morakot VB (Core Banking System) បង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន Morakot Technology ។ ពាន​រង្វាន់​លេខ ១ដែល​មាន​ប្រាក់​រង្វាន់​ ១ម៉ឺន​ដុល្លារ​ បាន​ទៅ​លើ​ក្រុម​ហ៊ុន Morakot ដែល​ជា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ​ ដែល​ផ្ដោត​សំខាន់​លើ​ប្រព័ន្ធ​ធនាគារ សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ធនាគារ ហាង​បញ្ចាំ និង​ប្រតិបត្តិការ​ឥណទាន។

- ជ័យលាភីលេខ២៖ បាន​ទៅ​លើ​ក្រុមហ៊ុន Soyo Entertainment Co.,Ltd។ រង្វាន់លេខ ២នេះ ទទួល​បាន​ប្រាក់រង្វាន់ ៣ពាន់​ដុល្លារ និង​ពាន​មួយ​ទៀត​ឈ្មោះ​ថា ពាន​រង្វាន់​ល្អ​បំផុត​តាម​វិស័យ ដោយ​បាន​ចាត់​ទុក ក្រុម​ហ៊ុន Soyo សម្រាប់​មាតិកា​ផ្នែក​ឌីជីថល។

- សូមចុចអាន៖ ICT Award បើក​រដូវកាល​ថ្មី មានស្នាដៃ​អីថ្មី​ប្លែក អាច​ដាក់ពាក្យ​ប្រកួតប្រជែង​បាន

ក្រុមហ៊ុន Soyo ជា​កម្មវិធី​ទស្សនា​ភាពយន្ត​ដំបូង​ក្នុង​ប្រទេស​កម្ពុជា ដែល​បណ្ដុំ​ទៅ​ដោយ​ភាពយន្ត​ខ្មែរ ថៃ ចិន កូរ៉េ ហូលីវូដ រាប់ពាន់​រឿង​ជាមួយ​នឹង​ការ​ប្រែ​សម្រួល​ជា​ភាសាខ្មែរ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​កម្មវិធី Soyo បាន​ផលិត​ និង​នាំ​យក​នូវ​ទស្សនីយភាព​ប្លែកៗ ដែល​អាច​ទស្សនា​បាន​នៅ​ក្នុង​កម្មវិធី​តែ​មួយ​គត់។ Soyo ផ្ដល់​ភាព​ងាយ​ស្រួល​ និង​សំបូរ​បែប​ក្នុង​ការ​ទស្សនា​បាន​នៅ​ក្នុង​លើ​ឧបករណ៍​គ្រប់​ប្រភេទ ដោយ​ប្រិយមិត្ត​អាច​រីករាយ​បាន​គ្រប់​វេលា​ គ្រប់​ទី​កន្លែង។

- ​ជ័យ​លាភី​លេខ ៣៖ បាន​ទៅ​លើ​ក្រុមហ៊ុន BanhJi បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន PCG & Partner Co., Ltd. ពាន​រង្វាន់​លេខ ៣ មាន​ប្រាក់​រង្វាន់​ ២ពាន់​ដុល្លារ។ ក្រុម​ហ៊ុន​នេះ ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ (FinTech) ដែល​ផ្ដោត​សំខាន់​នៅ​ក្នុង​ការ​គាំទ្រ សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ឲ្យ​ពួកគេ​អាច​រៀប​ចំ​របាយការណ៍​ហិរញ្ញវត្ថុ​ត្រឹមត្រូវ ទទួល​បាន​ និង​ធ្វើ​ការ​ទូទាត់​វិក្កយបត្រ​លឿន ព្រមទាំង​អាច​ទទួល​បាន​កម្ចី ដោយ​ផ្អែក​លើ​របាយការណ៍​ហិរញ្ញវត្ថុ​តែ​ប៉ុណ្ណោះ។

អ្នករាយការណ៍ព័ត៌មាន Sabay បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ជ័យ​លាភី​ខាង​លើ​កម្មវិធី​ក៏​បាន​ផ្ដល់​ពាន​រង្វាន់​ល្អ​បំផុត​តាម​វិស័យ ដែល​បាន​ទៅ​លើ៖ ក្រុម​ហ៊ុនន BanhJi សម្រាប់​ផ្នែក​ការ​ចាប់​ផ្ដើម​ធុរកិច្ច​, ក្រុមហ៊ុន Soyo សម្រាប់​មាតិកាផ្នែក​ឌីជីថល, ក្រុម​ហ៊ុន​ Morakot VB សម្រាប់​វិស័យ​ឯកជន​ អង្គការ​ ODC សម្រាប់​ផ្នែក​មាតិកា​ទទួល​ខុសត្រូវ​ក្នុង​សង្គម និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សម្រាប់​វិស័យ​សាធារណៈ។

ក្រុមហ៊ុន​ដែល​ទទួល​បាន​ជយលាភី​ទាំង​​៣ ខាងលើ​នេះ នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ពិព័រណ៍​ ក្នុង​កម្មវិធី Ehelon Summit 2018 នៅ​ប្រទេស​សិង្ហបុរី និង​ចូលរួម​ប្រកួត​បន្ត សម្រាប់​ពាន​រង្វាន់់ បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​អាស៊ាន (ASEAN ICT Award)។

- សូមចុចអាន៖ ​ជយលាភីមេដាយ​មាស​ មិន​ហ៊ាន​គិត​ដល់​​ ក្រោយ​ឈ្នះពាន​ ICT Award 2017

សូម​បញ្ជាក់​ថា ការ​ប្រគល់​ពាន​រង្វាន់​ខាង​លើ​នេះ ធ្វើ​ឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ និង វិទ្យាស្ថាន NIPTICT ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ក្រសួង​ប្រៃសណីយ៍​ កាល​ពី​យប់​ថ្ងៃ​ទី ២១ ខែ​មិថុនា​នេះ។

ពាន​រង្វាន់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កម្ពុជា (Cambodia ICT Award) ២០១៨ ផ្ដល់​នូវ​ពាន​រង្វាន់​ចំពោះ​សមិទ្ធផល​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ បំផុត​ក្នុង​ប្រទេស​កម្ពុជា រៀប​ចំ​ឡើង​ដោយ​វិទ្យាស្ថាន​ជាតិ NIPTICT និង​មាន​ការ​ឧបត្ថម្ភ​គាំទ្រ ពី​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព ការ​ស្រាវជ្រាវ​​ និង​ការ​អភិវឌ្ឍ​ លើ​វិស័យ​ទូរគមនាគមន៍​កម្ពុជា ក្រុមហ៊ុន CFOCN ក្រុម​ហ៊ុន Edotco និង​ ក្រុមហ៊ុន ប្រៃសណីយ៍​កម្ពុជា៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា