ស្ទះចរាចរណ៍រាប់ម៉ោងលើភ្នំអេវើរ៉េសត្រង់ "តំបន់មរណៈ" ធ្វើឲ្យមនុស្សដួលស្លាប់បន្តបន្ទាប់
- 2019-05-25 09:17:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទះចរាចរណ៍រាប់ម៉ោងលើភ្នំអេវើរ៉េសត្រង់ "តំបន់មរណៈ" ធ្វើឲ្យមនុស្សដួលស្លាប់បន្តបន្ទាប់
ចន្លោះមិនឃើញ
ការស្ទះចរាចរណ៍នៃអ្នកឡើងភ្នំអេវើរ៉េស ដែលជាភ្នំខ្ពស់បំផុតលើផែនដីនេះ នៅត្រង់ចំណុច "តំបន់មរណៈ" បានធ្វើឲ្យមនុស្ស៤នាក់ទៀតហើយស្លាប់កាលពីថ្ងៃសុក្រ។ នេះបើតាមការចុះផ្សាយរបស់ AFP។
ប្រទេសនេប៉ាល់បានចេញសំបុត្រឡើងភ្នំ ចំនួន៣៨១ ជាចំនួនច្រើនបំផុតមិនធ្លាប់មានសម្រាប់រដូវឡើងភ្នំនានិទាឃរដូវនេះ ដែលសំបុត្រឡើងភ្នំកម្ពស់ ៨ ៨៤៨ម៉ែត្រ នេះក្នុងម្នាក់ថ្លៃ ១១ ០០០ ដុល្លារ (ជាង១ម៉ឺនដុល្លារ)។
តំបន់មរណៈ ឬ Death zone របស់ភ្នំអេវើរ៉េសរាប់ចាប់ពីកម្ពស់ ៧ ៩០០ ម៉ែត្រឡើងទៅ ជាតំបន់ដែលខ្វះអុកស៊ីហ្សែន និង ត្រជាក់ឡើងកក។
មនុស្សស្លាប់៤នាក់បន្ថែមទៀត ធ្វើឲ្យចំនួនមនុស្សស្លាប់សរុបកើនដល់៨នាក់ហើយនៅក្នុងដំណើរផ្សងគ្រោះថ្នាក់លើភ្នំអេវើរ៉េស។ អ្នកឡើងភ្នំជនជាតិអាមេរិច អូទ្រីស ឥណ្ឌា និង អៀរឡង់ស្ថិតក្នុងចំណោម៨នាក់ ដែលបានស្លាប់ក្នុងរយៈពេល១សប្តាហ៍។
Kalpana Das វ័យ ៥២ ឆ្នាំបានស្លាប់នៅពេលមនុស្សជាច្រើនតម្រង់ជួរពេលទៅជិតដល់កំពូលភ្នំ ជនជាតិឥណ្ឌាម្នាក់ទៀតឈ្មោះ Nihal Bagwan អាយុ ២៧ ឆ្នាំក៏បានស្លាប់នៅតាមផ្លូវត្រឡប់ពីកំពូលភ្នំមកវិញ។
មគ្គុទ្ទេសក៍នេប៉ាល់អាយុ ៣៣ ឆ្នាំម្នាក់ទៀតបានស្លាប់នៅឯដំណាក់ដំបូង (base camp) កាលពីថ្ងៃសុក្របន្ទាប់ពីគាត់ត្រូវបានជួយសង្គ្រោះពីដំណាក់ទី៣ ក្រោយធ្លាក់ខ្លួនឈឺ។ ប្រភពខាងលើបន្ត។
AFP បន្ថែមថាបុរសម្នាក់ដែលបានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ បានជាប់គាំងក្នុងចរាចរណ៍អស់រយៈពេលជាង ១២ម៉ោង និង អស់កំលាំង។
មគ្គុទ្ទេសក៍ម្នាក់ឈ្មោះ Arun Treks បាននិយាយថា Anjali Kulkarni វ័យ៥៥ឆ្នាំដែលស្ថិតក្នុងក្រុមរបស់ខ្លួនបានស្លាប់ ដោយសារតែមនុស្សជាច្រើនកកស្ទះនៅជិតកំពូលភ្នំដែលជា "តំបន់មរណៈ" ទើបបណ្ដាលឱ្យមានសោកនាដកម្មយ៉ាងដូច្នេះ។ កាលពីសបា្ដហ៍មុន អ្នកឡើងភ្នំជនជាតិអៀរឡង់ម្នាក់បានបាត់ខ្លួនបន្ទាប់ពីគាត់បានរអិលធ្លាក់ចុះ នៅពេលឡើងជិតដល់កំពូលភ្នំ ហើយត្រូវបានគេសន្មតថាបានស្លាប់បាត់ហើយ។
រដ្ឋាភិបាលនេប៉ាល់បានប្រែក្លាយភ្នំអេវើរ៉េសទៅជាអាជីវកម្ម ដែលអាចរកចំណូលបានចាប់តាំងពីបុរសជនជាតិនូវែលហ្សេឡង់ Edmund Hillary និង Tenzing Norgay អ្នកឡើងភ្នំកូនកាត់ឥណ្ឌានេប៉ាល់បានឡើងដល់កំពូលភ្នំ Everest ដំបូងនៅឆ្នាំ ១៩៥៣៕
អាន៖ មនុស្ស១០ប្រភេទដែលទំនងជានឹងរស់នៅក្នុងជីវិតតែម្នាក់ឯងរៀងរហូត