យានអវកាស​ឥណ្ឌា​សម្រាប់​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​ បញ្ជូន​រូបភាព​ដំបូង​នៃ​ផែនដី

  • 2019-08-05 07:28:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) បាន​សរសេរ​នៅលើ Twitter កាលពី​ថ្ងៃអាទិត្យ ទី​៤ សីហា​ថា យាន Moon Mission-2 ឬ​យាន Chandrayaan-2 ដែល​បាញ់​បង្ហោះ​កាលពី​ថ្ងៃទី ២២ កក្កដា​បាន​បញ្ជូន​រូបភាព​នៃ​ផែនដី​ជា​លើកដំបូង​របស់ខ្លួន​។​

​ទីភ្នាក់ងារ​អវកាស​ឥណ្ឌា​មួយ​នេះ​បាន​បង្ហោះ​រូបភាព​សរុប​ចំនួន ៥ ដែល​ថត​ដោយ​យាន Chandrayaan-2​។​ ​អង្គការ ISRO បាន​សរសេរ​លើ Twitter ថា ៖ “​បណ្តុំ​រូបភាព​ស្អាតៗ​លើកដំបូង​នៃ​ផែនដី ដែល​ថត​បាន​ដោយ​កូន​យាន Vikram Lander របស់​យាន Chandrayaan2​។ ផែនដី ថត​ដោយ​កាមេរ៉ា LI4 របស់​យាន Chandrayaan-2 កាលពី​ថ្ងៃទី ៣ សីហា​”​។​

​យាន Moon Mission-2 បាន​បំពេញបាន ៤ គន្លង​ហើយ​ក្នុងចំណោម​គន្លង​ផែនដី​សរុប​ចំនួន ៥ ។ គន្លង​ទី ៥ និង​ជា​គន្លង​ចុងក្រោយ​គ្រោង​នឹង​បំពេញបាន​នៅ​ថ្ងៃទី ៦ សីហា​។​ ​សំណុំ​រូបភាព​ដំបូងៗ ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ដោយ​អង្គការ ISRO បាន​ញ៉ាំងឱ្យមាន​មតិយោបល់​ដ៏​រីករាយ​ពី​ក្នុងចំណោម​ប្រជាជន​ឥណ្ឌា​នៅលើ Twitter​។​

​កូន​យាន​ឈ្មោះ “Lander” និង “Rover” ត្រូវគេ​រំពឹងថា​នឹង​ចុះចត​នៅ​ជិត​ប៉ូល​ខាងត្បូង​នៃ​ឋាន​ព្រះ​ចន្ទ​នៅ​ដើមខែ​កញ្ញា​។​ ​ប្រសិនបើ​អនុវត្ត​ដោយ​ជោគជ័យ​នោះ ឥណ្ឌា​នឹង​ក្លាយជា​ប្រទេស​ទី​បួន​បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​រុស្ស៊ី​និង​ចិន​ដែល​បាន​ចុះចត​នៅលើ​ផ្ទៃ​ព្រះ​ចន្ទ​។​

​បេសកកម្ម ដែល​ចំណាយ​ថវិកា​ជិត ១៥០ លាន​ដុល្លារ​អាម៉េរិក​នេះ មាន​គោលបំណង​ប្រមូល​ទិន្នន័យ​អំពី​ទឹក រ៉ែ និង​ផ្ទាំងសិលា​នៅលើ​ផ្ទៃ​ព្រះ​ចន្ទ​៕

ចុចអាន៖

ប្រភព ៖ rasmeinews.com