២០១៤​នេះ តារា​បរទេស​ច្រើន​ណាស់​បាន​មក​ជួយ​ខ្មែរ

  • 2014-12-16 21:45:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ឆ្នាំ​២០១៤​នេះ តារា​អន្តរជាតិ​ជា​ច្រើន​រូប​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ ក៏​ដូច​ជា​ធនធាន​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ​ដើម្បី​មក​បំពេញ​ការងារ​សប្បុរសធម៌​នៅ​ប្រទេស​កម្ពុជា។ បើ​ទោះ​ជា​តិច​ក្ដី ច្រើន​ក្ដី ​ ការ​ចូល​រួម​របស់​ពួក​គេ​ពិត​ជា​បាន​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ​ពិសេស​សម្រាប់​ការ​អប់រំ និង​សុខុមាលភាព​របស់​កុមារ​​ជា​ច្រើន​ដែល​កំពុង​មាន​ជីវភាព​ខ្វះខាត។ ចង់​ដឹង​ថា​មាន​តារា​ណា​ខ្លះ​នោះ សូម​ទស្សនា​ខាង​ក្រោម​នេះ៖

 

១. តារា​សម្ដែង​អង់គ្លេស Roise Huntington-Whiteley

 

 

កាល​ពី​ខែ​មេសា តួ​ឯក​ស្រី​ខ្សែ​ភាពយន្ត "Transformers" វគ្គ​៣ គឺ​តារា​សម្ដែង​និង​ម៉ូដែល​​ល្បី​​អង់គ្លេស Roise Huntington-Whiteley បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ដើម្បី​ថត​វីដេអូ​ខ្លី​មួយ​ឲ្យ​​​អង្គការ​ UNICEF។ មក​ក្នុង​នាម​ជា​អ្នក​តំណាង​អង្គការ​មូលនិធិ​កុមារ​ UNICEF Roise បាន​ចុះ​ដល់​តំបន់​អនាធិបតេយ្យ​មួយ​នៅ​ជាយ​ក្រុង​ភ្នំពេញ ដែល​ជា​តំបន់​ប្រឈម​មុខ​ខ្លាំង​​​លើ​ផ្នែក​សុខភាព​កុមារ។ ​ជា​ចុង​ក្រោយ Roise Huntington-Whiteley បាន​ធ្វើ​ការ​អំពាវនាវ​ដល់​មនុស្ស​ទូទាំង​ពិភពលោក ដើម្បី​បរិច្ចាគ​តាម​រយៈ​គេហទំព័រ​អង្គការ UNICEF ឬ​ដោយ​ការ​ផ្ញើ​សារ "CHILD” ទៅ​លេខ ៧០៣៣៣ ដើម្បី​បរិច្ចាគ​ ៥​ផោន (៨,៤៨​ដុល្លារ) សម្រាប់​ជួយ​ដល់​កុមារ​នៅ​កម្ពុជា និង​កុមារ​ងាយ​រងគ្រោះ​ទូទាំង​ពិភពលោក។

http://youtu.be/keSXoHUm2Lo ​

២. តារា​ភាពយន្ត​សិង្ហបុរី Jeannette Aw, Tay Ping Hui និង Elvin Ng

 

 

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា តារា​ភាពយន្ត​សិង្ហបុរី ៣​រូប​មាន Jeannette Aw, Tay Ping Hui និង Elvin Ng បាន​ចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា​ពី​ស្ថានភាព​រស់​នៅ​របស់​កុមារ​ៗ​នៅ​ ក្នុង​អង្គការ​​​ភាព​ញញឹម​នៃ​កុមារ (PSE)  រួម​ជាមួយ​នឹង​ការ​ចែក​​​អំណោយ​​​ផង។

 

អំណោយ ​ដែល​ត្រូវ​បាន​នាំ​យក​ទៅ​ចែក​ជូន​​នេះ មាន​ពីរ​ផ្នែក​ទី១ បាន​មក​ពី​ក្រុមហ៊ុន Media Corp របស់​ប្រទេស​សិង្ហបុរី និង​ទី​២​អំណោយ​ពី​ស្ថានីយ​ទូរទស្សន៍ CTN ។ នេះ​បើ​តាម​អ្នក​រៀប​ចំ​ដំណើរ​ទស្សនកិច្ច​នេះ​បញ្ចេញ​ឲ្យ​ដឹង។ “ពី Media Corp មាន​គ្រឿង​ឧបភោគ​បរិភោគ​ជា​ច្រើន​មាន អង្ករ នំ ប៊ិច និង​សៀវភៅ​ជា​ដើម។ ឯ​ពី​កម្មវិធី “១នាទី​ដើម្បី​ឈ្នះ” មាន​ទឹក​ប្រាក់​១៧៥០​ដុល្លារ​អាមេរិក”។ ចុង​ក្រោយ Jeannette Aw, Tay Ping Hui និង Elvin Ng បាន​ប្រកាស​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន ៥០០ដុល្លារ​ក្នុង​ម្នាក់​ៗស្មើ​នឹង ១៥០០ដុល្លារ​អាមេរិក​ជូន​ដល់​អង្គការ​ទុក​ប្រើ​ប្រាស់​ជួយ​ទ្រទ្រង់​កុមារ​ តាម​តម្រូវ​ការ។

 

៣. តារា​​សិង្ហបុរី​ Terence Cao

 

តារា​សម្ដែង​ល្បី​​សិង្ហបុរី​​ម្នាក់​ទៀត​គឺ​លោក Terence Cao បាន​ធ្វើ​ដំណើរ​មក​ខេត្ត​សៀមរាប​ ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧​ខែ​សីហា ដើម្បី​ចែក​អំណោយ​ និង​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​នៅ​សាលារៀន​សម្រាប់​សិស្ស​ក្រីក្រ​មួយ​។

 

Terence Cao ដែល​ជា​តួ​អង្គ​ម្នាក់​ក្នុង​រឿង "ជីវិត​ក្នុង​មាតុភូមិ​ថ្មី"និង​មិត្តភ័ក្ដិ​មួយ​ចំនួន​របស់​គេ បាន​នាំ​យក​កុំព្យូទ័រ​យួរ​ដៃ វចនានុក្រម រួម​ទាំង​សម្ភារៈ​សិក្សា​ជា​ច្រើន​ទៀត មក​ចែក​ជូន​សិស្សានុសិស្ស​នៅ​ទីនោះ​ និង​បាន​បង្រៀន​ពួក​គេ​ឲ្យ​ប្រើប្រាស់​សម្ភារៈ​ទាំង​នោះ។

 

៤. ក្រុម​ចម្រៀង U-KISS និង LABOUM

 

 

ក្រុម​ចម្រៀង​កូរ៉េ​ខាង​ត្បូង​ពីរ​ក្រុម គឺ​ក្រុម U-KISS និង ក្រុម​ចម្រៀង​នារី LABOUM រួម​ទាំង​តារា​ភាពយន្ត Chai Song Hwa, Lim Ho និង​អ្នកស្រី Chang Min Hwa បាន​មក​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ដើម្បី​ចូល​រួម​ក្នុង​គម្រោង​​មួយ​មាន​ឈ្មោះ​ថា "The Book Project” ដែល​រៀប​ចំ​ដោយ​អង្គការ​មិត្ត​ភាព​អាស៊ី​-កូរ៉េ ដែល​ក្នុង​នោះ​ពួក​គេ​បាន​ចូល​រួម​ក្នុង​ពិធី​ចុះ​ចែក​សៀវភៅ និង​កម្មវិធី​ប្រគំ​តន្ត្រី​មិត្តភាព​កម្ពុជា-កូរ៉េ KPOP Dream។ ​គម្រោង "The Book Project” ជា​គម្រោង​ឧបត្ថម្ភ​សៀវភៅ​អំពី​​រឿង​និទាន និង​ទំនៀម​ទម្លាប់​នៃ​បណ្ដា​ប្រទេស​អាស៊ី ដល់​សាលា​បឋម​សិក្សា និង​ស្ថាប័ន​រដ្ឋ​នានា​ នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ។

 

៥. កីឡា​ការិនី​កូរ៉េ Sin Soo Ji

 

អត្តពលិក​​កូរ៉េ​ខាង​ត្បូង​ (ផ្នែក Rhythmic Gymnast) Sin Soo Ji ជា​ឯកអគ្គរដ្ឋទូត​សុឆន្ទៈ​របស់​អង្គការ Plan Korea បាន​មក​កម្ពុជា​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ដើម្បី​ជួប​ផ្ទាល់​ជាមួយ​កុមារ​ដែល​នាង​បាន​ឧបត្ថម្ភ​កន្លង​មក និង​បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​​សាលា​របស់​ពួក​គេ។ Sin Soo Ji បាន​បង្ហាត់​ក្មេង​ៗ​អំពី​វិធី​ហាត់​ប្រាណ​ដើម្បី​សុខភាព និង​បាន​ចែក​អំណោយ​ខ្លះ​ៗ​ដល់​ពួក​គេ។​

 

៦. តារា​សម្ដែង​កូរ៉េ Song Jae Lim

 

តារា​សម្ដែង​ក្នុង​រឿង "Surplus Princess” Song Jae Lim ជា​ឯកអគ្គរដ្ឋទូត​សុឆន្ទៈ​របស់​អង្គការ Plan Koreaដូច​គ្នា​បាន​មក​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​​នៅ​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ដើម្បី​ជួប​ផ្ទាល់​ជាមួយ​​កុមារ​​ដែល​គេ​បាន​ឧបត្ថម្ភ និង​បាន​នាំ​យក​សម្ភារៈ​សិក្សា​ទៅ​ចែក​ជូន​សិស្សានុសិស្ស​នៅ​ទី​នោះ។ ក្រៅ​ពី​នេះ​ Song Jae Lim និង​អង្គការ Plan Korea ក៏​បាន​ឧបត្ថម្ភ​អណ្ដូង​ទឹក​ដល់​អ្នក​ភូមិ​នៅ​ទី​នោះ​ដែរ។ ​

​៧. តារា​សម្ដែង​កូរ៉េ Gong Yoo

 

 

ក្នុង​នាម​ជា​តំណាង​គណៈកម្មការ​អង្គការ​មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ UNICEF តារា​សម្ដែង Gong Yoo បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​រយៈ​ពេល​មួយ​សប្ដាហ៍ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ដើម្បី​សិក្សា​ស្វែងយល់​ពី​ជីវភាព​រស់​នៅ និង​បញ្ហា​សិទ្ធិ​​កុមារ​នៅ​កម្ពុជា។ តួ​ឯក​ប្រុស​ក្នុង​រឿង "The 1st Shop of Coffee Prince” រូប​នេះ បាន​ទៅ​ដល់​ខេត្ត​ស្វាយរៀង និង​តំបន់​អនាធិបតេយ្យ​មួយ​ចំនួន។

ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២៨ ខែ​ធ្នូ អង្គការ UNICEF នឹង​រៀប​ចំ​ពិធី​ពិព័រណ៍​រូប​ថត​មួយ​នៅ​ប្រទេស​កូរ៉េ​​បង្ហាញ​​ពី​សកម្មភាព​របស់ Gong Yoo នៅ​ប្រទេស​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ពី​បញ្ហា​សិទ្ធិ​​កុមារ និង​ស្វែងរក​មូលនិធិ​សម្រាប់​ទ្រទ្រង់​សិទ្ធិ​​កុមារ​នៅ​ប្រទេស​កម្ពុជា។

 

http://youtu.be/TU2jX1cyUXk

 

៨. តារា​ល្បី​ក្នុង​ភាពយន្ត​ហុងកុង Michelle Yeoh​

 

 

តារា​សម្ដែង​សញ្ជាតិ​ម៉ាឡេស៊ី​ Michelle Yeoh ​ជា​អគ្គរដ្ឋទូត​សុឆន្ទៈ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​សាកល ​បាន​​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ ​ក្នុង​យុទ្ធនាការ​ ចុះ​ចែក​មួក​សុវត្ថិភាព​ ដល់​សិស្សានុសិស្ស និង​លោក​គ្រូ​អ្នក​គ្រូ​​​ ចំនួន​៦,៦៥២ មួក ​នៅ​តាម​សាលា​បឋម​សិក្សា​ចំនួន​ ៦ ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៩ ​ខែ​ធ្នូ ឆ្នាំ​២០១៤​ កន្លង​ទៅ​ នៅ​សាលា​​បឋម​សិក្សា​ទួល​ស្វាយ​ព្រៃ។ ​វត្តមាន​​សកម្មភាព​មនុស្ស​ធម៌​​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​របស់​តារា​ ហូលីវូដ ​រូប​នេះ​នៅ​កម្ពុជា​​ ធ្វើ​ឡើង​​ក្នុង​​គម្រោង​ “មួក​សុវត្ថិភាព​មួយ​ ជួយ​ជីវិត​បាន​ម្នាក់” ក្រោម​ការ​រៀប​ចំ​ និង​ឧបត្ថម្ភ​ របស់​អង្គការ​មូលនិធិ​បង្ការ​របួស​ អាស៊ី  ​មូលនិធិ​ FIA Foundation និង​ USAID ប្រចាំ​នៅ​កម្ពុជា។

 

http://youtu.be/zbWzGOxF4hY

 អានអត្ថបទ៖សមាជិក​ក្រុម​ចម្រៀង​កូរ៉េ CNBLUE និង AOA នឹង​មក​កម្ពុជា​ដើម្បី​ថត​កម្មវិធី​ថ្មី

 

អត្ថបទ៖ វ៉ាន់ថន, ទារិកា, សំបូរ