ប៉ែន ចំរុង ចេញ​ពី​មួយ​ ចូល​មួយ ​​ចុង​ឆ្នាំ​ ២០១៤ និង​ ដើម​ឆ្នាំ​ ២០១៥!

  • 2014-12-24 17:19:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​សម្ដែង​ លោក ប៉ែន ចំរុង បាន​ហក់​ឡើង​ខ្ពស់​​នា​ចុង​ឆ្នាំ​ ២០១៤ និង​ ដើម​ឆ្នាំ​ ២០១៥​ ខាង​មុខ ដោយ​ខ្សែ​ភាពយន្ត​​លោក​បី​រឿង​ដាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​​បន្តបន្ទាប់​​គ្នា​នៅ​ពេល​នេះ។

 

ខ្សែ​ភាពយន្ត​ទាំង​​បី​មាន​ដូច​ជា​រឿង អាចារ្យ​បី​សាសន៍ ទើប​បញ្ចប់​ការ​ដាក់​បញ្ចាំង រឿង អា​ព្រឿង​ងាប់​ហើយ កំពុង​ដាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​នានា និង​រឿង បង្គោល​គ្រាក់ សង្កត់​វិញ្ញាណ ត្រៀម​នឹង​ដាក់​បញ្ចាំង​នា​ថ្ងៃ ៦ ​ខែ មករា ដើម​ឆ្នាំ​ ២០១៥។

 

តារា​សម្ដែង និង​ ជា​ពិធីករ​ លោក ប៉ែន ចំរុង បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​នៅ​ពេល​ដឹង​ថា​ ខ្សែ​ភាពយន្ត​របស់​ខ្លួន​បី​រឿង​ដាក់​បញ្ចាំង​បន្តបន្ទាប់​គ្នា​នៅ​តាម​រោង​ភាពយន្ត​នានា​នៅ​រាជធានី​ភ្នំពេញ និង​ តាម​បណ្ដាខេត្ត។

 

 

ប៉ែន ចំរុង ចូលរួម​កម្មវិធី កាល​ពី​ពេល​កន្លង​ទៅ

 

ខ្សែ​ភាពយន្ត​ទាំង​បី​រឿង​ដាក់​បញ្ចាំង​បន្តបន្ទាប់​គ្នា​ដូច្នេះ ​បាន​ធ្វើ​ឱ្យ​តារា​សម្ដែង​ទស្សនិកជន​ដាក់​នាម​ឱ្យ​ថា អាឡប់​ខាង​លើ សម្ដែង​ក្ដី​បារម្ភ​ផង​ដែរ​ ថា​អាច​នឹង​ធ្វើ​ឱ្យ​ទស្សនិកជន​មាន​ការ​ធុញ​ទ្រាន់។

 

លោក ប៉ែន ចំរុង​បញ្ជាក់​ថា៖ "បារម្ភ​ខ្លះ​ដែរ​តើ​អូន ព្រោះ​អី​ចេញ​ជាប់​គ្នា​ពេក ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ខ្ញុំ​គិត​ថា​ទស្សនិកជន​នឹង​នៅ​តែ​គាំទ្រ​រូប​ខ្ញុំ​បាទ ដោយសារ​រឿង​ដែល​ខ្ញុំ​សម្ដែង​​មាន​ភាព​ប្លែក​ពី​គ្នា​ពី​មួយ​រឿង​ទៅ​មួយ​រឿង"។

 

ទន្ទឹម​នឹង​ការ​ព្រួយ​បារម្ភ​តារា​សម្ដែង​មាន​ប្រភព​មក​ពី​ខេត្ត បាត់ដំបង​រូប​នេះ ក៏​រំពឹង​ថា​ខ្សែ​ភាពយន្ត​របស់​ខ្លួន បង្គោល​គ្រាក់ សង្កត់​វិញ្ញាណ ត្រៀម​នឹង​ដាក់​បញ្ចាំង​ដើម​ឆ្នាំ​ ២០១៥ នឹង​អាច​ទទួល​ការ​គាំទ្រ​ច្រើន​ដូច​ អាចារ្យ​បី​សាសន៍​ បាន​ដាក់​បញ្ចាំង​រួច ហើយ អា​ព្រឿង​ងាប់​ហើយ កំពុង​តែ​ដាក់​បញ្ចាំង។

 

បន្ថែម​ពី​នេះ​ លោក​ចង់​ឱ្យ​ទស្សនិកជន ចូលរួម​គាំទ្រ​ខ្សែ​ភាពយន្ត​ផលិត​ដោយ​ស្នាដៃ​កូន​ខ្មែរ ដើម្បី​ធ្វើ​ឱ្យ​ផលិតករ​គ្រប់រូប ក៏​ដូច​ជា​សិល្បករ សិល្បការិនី​ទាំង​អស់​មាន​ទឹក​ចិត្ត​ក្នុង​ការ​បន្ត​ស្វែង​រក​អ្វី​ថ្មី​ៗ​ទៀត​ជូន​អ្នក​ទស្សនា។

 

បើ​ទោះ​ជា​លោក ប៉ែន ចំរុង មាន​ក្ដី​បារម្ភ​ខ្លះ​ទាក់ទង​នឹង​ស្នាដៃ​របស់​ខ្លួន​​ដាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​បន្តបន្ទាប់​គ្នា​ក្ដី។ សម្រាប់​លោក លៀក លីដា ចាងហ្វាង​ផលិតកម្ម LD Picture និង​ ជា​ផលិតករ រឿង បង្គោល​គ្រាក់ សង្កត់​វិញ្ញាណ មិន​បាន​សម្ដែង​ក្ដី​បារម្ភ​ឡើយ​ចំពោះ​ទីផ្សារ​អ្នក​មើល។ មិន​បារម្ភ​ដោយ​លោក​សម្អាង​ទៅ​លើ​ការ​ផលិត​ខ្សែ​ភាពយន្ត​របស់​ផលិត​កម្ម​ខ្លួន​កន្លង​មក​តែង​ទទួល​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន។

 

លោក លៀក លីដា និយាយ​ថា៖ "ខ្ញុំ​ដឹង​ថា​ ចំរុង​ គាត់​មាន​ស្នាដៃ​ច្រើន​ចុង​ឆ្នាំ​នេះ តែ​សម្រាប់​ បង្គោល​គ្រាក់ ដែល​គាត់​ចូល​រួម​សម្ដែង​តួ​ធំ​ជា​មួយ គ្រឿន និង BIG នឹង​នៅ​តែ​ជោគជ័យ​ខ្ពស់​ដូច 2brothers ដែរ"។

 

ផលិតករ​រូប​នេះ​ស្នើ​ឱ្យ​ទស្សនិកជន​ចាំ​ទស្សនា​រឿង បង្គោល​គ្រាក់ សង្កត់​វិញ្ញាណ ដែល​ ប៉ែន ចំរុង សម្ដែង​លើក​ដំបូង​ជា​មួយ​តារា​សម្ដែង​ល្បីៗ​ឈ្មោះ​នានា​ឱ្យ​ផលិតកម្ម​ LD ដើម្បី​ឱ្យ​ដឹង​ពី​សាច់​រឿង​ពិត​ប្រាកដ។

 

លោក ប៉ែន ចំរុង ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​ម្នាក់​ដែល​ទទួល​ស្គាល់​ពី​ទស្សនិកជន ក៏​ដូច​ជា​មិត្ត​សិល្បករ សិល្បការិនី​ ថា​​ជា​តារា​មាន​ទីផ្សារ​ខ្ពស់​ក្នុង​ប្រទេស​កម្ពុជា។ ឆ្នាំ​២០១៣ កន្លង​ទៅ​លោក ធ្លាប់​ឈ្នះ​ពាន​ពីរ​ម្នាក់​ឯង​ពី​កម្មវិធី​អាណាចក្រ​តារា៕

 

រឿង បង្គោលគ្រាក់ សង្កត់វិញ្ញាណ ដែល​ ប៉ែន ចំរុង ជា​តួឯក ត្រៀម​បញ្ចាំង​ដើម​ឆ្នាំ​២០១៥

 

 

អានអត្ថបទបន្ត៖ ជា​លើក​​ដំបូង​​ គង់ការ​ បាន​​ក្លាយ​​ជា​​បេក្ខនារី​​ដែល​​ថត​រួប​ស្អាត​

អានអត្ថបទបន្ត៖ ដឹង​អត់ មួយ​ឆ្នាំ​២០១៤​នេះ Miley Cyrus ថត​ដោះ​អាវ

អានអត្ថបទបន្ត៖ តារា​ចម្រៀង​ Jay Chou នឹង​ចូល​រោង​ការ​លឿន​ជាង​អ្នក​គិត​

 

​អត្ថបទ៖ អ៊ីង សុឡា