រក​ឃើញ​បាត់!​ អ្នក​នាំ​បច្ចេកវិទ្យា​ថ្មី​បោះ​ពុម្ព​ 3D​ ដំបូង​គេ​មក​កម្ពុជា​ គឺ​ខ្មែរ​អាមេរិក​​សោះ

  • 2015-03-19 16:47:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​ជា​បាន​ចាប់​កំណើត​ និង​ធំធាត់​នៅ​បរទេស​ជាង​២០​ឆ្នាំ​ក្តី​ ក៏​មិន​បាន​ធ្វើ​ឲ្យ​យុវជន​​រូប​នេះ​បំភ្លេចប្រទេស​កំណើត​របស់​ឪពុក​ម្ដាយ​ ខ្លួន​ដែរ។ គេ​មិន​ត្រឹមតែ​បាន​ប្ដូរ​មក​រស់​នៅ​ប្រទេស​ខ្លួន​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ចូល​រួម​អភិវឌ្ឍ​សង្គម​ តាម​រយៈ​ការ​នាំ​បច្ចេកវិទ្យា​ថ្មី​មក​ជាមួយ​ផង។ តាម​ពិត​​ទៅ​ បុរស​ដើម​កំណើត​ខ្មែរ​កាត់​ចិន​សញ្ជាតិ​អាម៉េរិកាំង​រូប​នេះ​ គឺ​ជា​លោក​ ត្រាន​ គីហៅ។ លោក​គឺ​ជា​មនុស្ស​ដំបូង​គេ​ ដែល​បាន​នាំ​យក​បច្ចេកវិទ្យា​ បង្កើត​ផលិតផល​ដោយ​ 3D​ មក​កាន់​ប្រទេស​កម្ពុជា។ ស្ថិត​ក្នុង​វ័យ​២៣​ឆ្នាំ​ គីហៅ​ បាន​ក្លាយ​ជា​ប្រធាន​គ្រប់គ្រង​ និង​ជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ Arc Hub PNH ​បាត់​​ទៅ​ហើយ។  

  គីហៅ ​ និង​ប្អូន​ប្រុស​ គីឆុង​ បាន​កើត​ និង​រស់​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋអាមេរិក​ឯណោះ​ ដោយ​ឪពុក​ម្ដាយ​ខ្លួន​ជា​ជនភៀសខ្លួន​ទៅ​កាន់​ប្រទេស​មួយ​នេះ​​ក្នុង​អំឡុង​ ពេល​​កម្ពុជា​​កំពុង​ញាំញី​ដោយ​ភ្លើង​សង្គ្រាម។ ក្រោយ​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ជីវសាស្ត្រ​ក្នុង​ឆ្នាំ​២០១២​ គីហៅ​​បាន​មក​រស់​នៅ​ប្រទេស​កម្ពុជា​ ហើយ​ផ្ដើម​អាជីព​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ និង​ជីវសាស្ត្រ​ នៅ​តាម​អង្គការ​ និង​សាលា​ឯកជន​មួយ​ចំនួន។ មួយ​ឆ្នាំ​ក្រោយ​មក​ លោក​ក៏​មាន​គំនិត​មួយ​ គឺ​បើក​កន្លែង​ផលិត​របស់របរ​​តាម​ 3D​ ជាមួយ​នឹង​ប្អូន​ប្រុស​របស់​ខ្លួន។ ជា​លទ្ធផល​ Arc Hub PNH​ ដែល​ជា​ក្រុមហ៊ុន​បង្កើត​ផលិតផល​3D​ ដំបូង​គេ​បង្អស់​ និង​តែ​មួយ​គត់​នៅ​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​សីហា​ ឆ្នាំ​២០១៣។   ក្នុង​ក្រុមហ៊ុន​ Arc Hub PNH ​គី​ហៅ​ និង​គីឆុង​ អាច​រចនា​វត្ថុ​តាម​លក្ខណៈ​3D​ ឲ្យ​ចេញ​រូបរាង​ពិត​តាម​ម៉ាស៊ីន​ 3D​ បានជា​ផលិត​ផល​ជ័រ​ប្លាស្ទិក​ស្រស់​ស្អាត​ និង​រឹងមាំ។ ប្រាកដ​ណាស់​ថា​ ម៉ាស៊ីន​3D​ ធ្វើ​ឲ្យ​រូបភាព​ 3D​ លេច​ជា​រូបរាង​ពិត​ ដូច​គ្នា​បេះ​ដាក់​ ហើយ​គេ​ក៏​អាច​បង្កើត​វត្ថុ​​ផ្សេង​ៗ​តាម​ម៉ាស៊ីន​ 3D ​បាន​ផង​ដែរ​ ជាមួយ​នឹង​គំនិត​ច្នៃប្រឌិត​របស់​មនុស្ស​ម្នាក់​ៗ។ គេ​អាច​រចនា​ និង​ផលិត​វត្ថុ​ផ្សេងៗ​ ដោយ​ស្នាដៃ​ខ្លួន​ឯង​ផ្ទាល់​ មិន​ចាំ​បាច់​ចំណាយ​ថវិកា​ច្រើន។   ការ ​ផលិត​វត្ថុ​តាម​ 3D​ គឺ​ជា​បច្ចេកទេស​ថ្មី​សន្លាង​នៅ​កម្ពុជា​ រួម​ទាំង​ប្រទេស​ជា​ច្រើន​ទៀត​ ដូចជា​លោក​ខាង​លិច​ និង​សហរដ្ឋអាមេរិក​ជាដើម។ តែ​ទោះ​ជា​យ៉ាង​ណា​ក្តី​ វា​កំពុង​តែ​មាន​វត្តមាន​កាន់​តែ​ច្រើន​ឡើង​ៗ​ នៅ​តាម​បណ្ដា​ប្រទេស​នៅ​លើ​ពិភពលោក។ ដូច្នេះ​កម្ពុជា​ក៏​ត្រូវ​ការ​បច្ចេកវិទ្យា​ថ្មី​នេះ​ផង​ដែរ ដើម្បី​ប្រកួតប្រជែង​ជា​មួយ​នឹង​គេ។ ជា​មនុស្ស​មាន​ចំណង់ចំណូលចិត្ត​សាក​ល្បង​ និង​ផលិត​របស់​របរ​ គីហៅ​បាន​ឲ្យ​ដឹង​ថា៖ “ការ​បង្កើត​វត្ថុ​តាម ​3D​ គឺ​ផ្ដល់​សក្ដានុពល​ ក្នុង​ការ​ផលិត​ដល់​យើង​ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​​ជួយ​អភិវឌ្ឍ​កម្ពុជា​នា​ថ្ងៃ​អនាគត​ ទើប​បាន​ជាពួក​ខ្ញុំ​ត្រឡប់​មក​កម្ពុជា​វិញ”។ បើ​តាម​សម្តី​របស់​ គីហៅ​ បាន​បញ្ជាក់​ថា​ ការ​បង្កើត​វត្ថុ​តាម​ 3D​ គឺ​ជា​រឿង​ថ្មី​បំផុត​ក្នុង​បរិបទ​កម្ពុជា​ ហើយ​មនុស្ស​ជា​ច្រើន​មិន​ស្គាល់​ថា​ ​វា​ជា​អ្វី​នោះ​ទេ។ ដូច្នេះ​វា​​​លំបាក​ណាស់​សម្រាប់​រូប​គេ​ ក្នុង​ការ​ដំណើរ​ការ​ក្រុមហ៊ុន​នៅ​គ្រា​ដំបូង​។  

 

តែ​ទោះ​ជា​យ៉ាង​ណា​ ក្តី​ វា​មិន​មែន​ជា​បញ្ហា​ចម្បង​ទៀត​ឡើយ​ឥឡូវ​នេះ។ ក្នុង​ការ​ជម្នះ​ឧបសគ្គ​នេះ​ គីហៅ​បាន​ប្រាប់​ពី​ដំណោះ​ស្រាយ​ថា៖ “ខ្ញុំ​តែង​តែ​បង្ហាញ​ និង​ពន្យល់​អ្នក​ដទៃ​ ពី​ការ​បង្កើត​វត្ថុ​តាម​3D​ តាម​មធ្យោបាយ​ផ្សេង​ៗ​ ដូច​ជា​ហ្វេសប៊ុក​ និង​សិក្ខាសាលា​ជាដើម។ ខ្ញុំ​ចង់​ឲ្យ​គេ​ដឹង​ថា​ ហេតុ​អ្វី​បាន​ជា​វា​គួរតែ​បង្កើត​នៅ​កម្ពុជា​ អ្វី​ដែល​វាជួយ​យើង​បាន ហើយ​វា​មាន​សារៈ​ប្រយោជន៍​អ្វីខ្លះ”។   ជាមួយ ​នឹង​ការ​តាំង​ចិត្ត​ និង​ប្រកប​ដោយ​សុទិដ្ឋិនិយម​ គីហៅ​អាច​ដោះ​ស្រាយ​រាល់​បញ្ហា​ ក្នុង​សេវាកម្ម​បង្កើត​វត្ថុ​តាម ​3D ​របស់​ខ្លួន។ បច្ចុប្បន្ន​ មាន​មនុស្ស​ជា​ច្រើន​បាន​លឺ​អំពី​ការ​បង្កើត​វត្ថុ​តាម ​3D ​នេះ។ មួយ​ចំនួន​ក៏​បាន​យល់​ច្បាស់​ ហើយ​ថែម​ទាំង​ជួយ​ផ្សព្វផ្សាយ​ដំណឹង​អំពី​បច្ចេកវិទ្យា​ថ្មី​នេះ​បន្ត​ទៀត​ ដែរ។ ជា​លទ្ធផល​ ចំនួន​នៃ​ការ​បញ្ជា​ធ្វើ​បាន​កើន​ឡើង​ជា​លំដាប់។ ដើម្បី​ឆ្លើយ​តប​ទៅ​ភាព​វិជ្ជមាន​នេះ​ គីហៅ​ក៏​មាន​គម្រោង​បើក​សាលា​បង្រៀន​ពី​ការ​បង្កើត​វត្ថុ​តាម 3D នេះ​ផង​ដែរ។ លោក​ចង់​បណ្ដុះបណ្ដាល​ប្រជាជន​ខ្មែរ​ឲ្យ​ក្លាយ​ជា​អ្នក​ជំនាញ​ អាច​បង្កើត​វត្ថុ​ផ្សេង​ៗ​តាម​ម៉ាស៊ីន​3D​បាន៕  

 

 

អត្ថបទ៖​ស្រេង​ ភារុន